ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លា.យភស្តុតាងប្រវត្តិសាស្ត្រ ! រដ្ឋមន្ត្រីក្រសួងព័ត៌មានទម្លា.យភស្តុតាងថាផែនទីថៃខ្លួនឯងក៏បង្ហាញថា ប្រាសាទតាមាន់ធំ និងខ្នារជាដីខ្មែរ

3 ថ្ងៃ មុន

ការ​បង្កើត​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ដី (fait accompli)​ដែល​ថៃ​កំពុង​ធ្វើ​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ មិន​អាច​លុប​បំបាត់​ឯកសារ​គតិ​យុ​ត្ត និង​ខ្សែ​ព្រំដែន​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​តាម​ច្បាប់​បាន​ទេ ។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៩ ខែសីហា​នេះ ។

យោង​តាម​មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ការ​ពិត​ផ្នែក​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និង​ឯកសារ​ផែនទី មិន​អាច​ត្រូវ​បាន​បំភ្លៃ​ដោយ​ការ​អះអាង​ជា​ឯកតោភាគី​ណាមួយ​បាន​ឡើយ ។ កុំ​ថា ឡើយ​ផែនទី​មាត្រដ្ឋាន​១/២០០ ០០០ ដែល​កើត​ចេញពី​ដំណើរការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម និង​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រាសាទខ្នារ ស្ថិត​ក្នុង​ទឹកដី​កម្ពុជា សូ​ម្បី​តែ​ផែនទី​មាត្រដ្ឋាន ១/៥០ ០០០ ស៊េរី L7017 ដែល​ថៃ​រៀបចំ​ដោយ​ឯកតោភាគី ក៏​បង្ហាញ​ថា ប្រាសាទខ្នារ និង​ប្រាសាទតាមាន់ធំ ស្ថិត​នៅ​ខាង​ទឹកដី​កម្ពុជា​ដែរ ​។

ហេតុ​ដូច្នេះ ការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ដើម្បី​ចូល​កាន់កាប់​ទីតាំង​ទាំងនេះ មិន​អាច​បង្កើត​សិទ្ធិ​អធិបតេយ្យភាព ឬ​ផ្លាស់​ប្តូរ​ខ្សែ​ព្រំដែន​អន្តរជាតិ​បាន​ឡើយ ។ កម្លាំងយោធា​មិន​អាច​ជំនួស​ច្បាប់ ហើយ​ការ​កាន់កាប់​ដោយ​កម្លាំង​មិន​អាច​ក្លាយជា​មូលដ្ឋាន​ស្របច្បាប់​សម្រាប់​ទាមទារ​ទឹកដី​បាន​ទេ ។

កម្ពុជា​ចាត់​ទុក​សកម្មភាព​របស់​យោធា​ថៃ ក្នុង​ការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ចូល​មក​លើ​ទឹកដី​កម្ពុជា និង​ការ​បន្តកាន់កាប់​ទីតាំង​ក្នុង​ទឹកដី​កម្ពុជា​ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា ។ កម្ពុជា​បាន​ធ្វើការ​តវ៉ា​យ៉ាង​ដាច់អហង្ការ និង​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ស្ថានភាព​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង ឬ​ការ​កាន់កាប់​ដោយ​ខុសច្បាប់​នោះ​ឡើយ ។

ការ​កាន់កាប់​ដោយ​កម្លាំង មិនមែន​ជា​ការ​កំណត់ព្រំដែន ។ ការ​បង្កើត​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ដី មិន​អាច​លុប​បំបាត់​ឯកសារ​គតិ​យុ​ត្ត និង​ខ្សែ​ព្រំដែន​ដែល​មាន​មូលដ្ឋាន​តាម​ច្បាប់​បាន​ទេ ។ កម្ពុជា​ប្រកាន់ខ្ជាប់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាម​ច្បាប់​អន្តរជាតិ និង​យន្តការ​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ។

ដូច្នេះ ភាគី​ថៃ​គួរ​បញ្ឈប់​រាល់​សកម្មភាព​ឯកតោភាគី ដែល​អាច​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ដី គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​តាម​មធ្យោបាយ​សន្តិវិធី និង​ច្បាប់ មិនមែន​តាម​រយៈ​អំណាច​យោធា​ឡើយ ។ ផែនទី​មិន​អាច​ត្រូវ​បាន​គូស​ឡើង​វិញ​ដោយ​កម្លាំង​អាវុធ ហើយ​ព្រំដែន​អន្តរជាតិ មិន​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​កាន់កាប់​យោធា​នោះ​ទេ ៕