ទីក្រុងកៀវ៖ ថ្ងៃនេះ រុស្ស៊ីវាយប្រហារទីក្រុងកៀវ និងតំបន់ខ្សែក្រវាត់ក្រុង បណ្ដាលឱ្យស្លាប់មនុស្ស៤នាក់រួមទាំងកុមារម្នាក់ផងដែរ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន។ ចំណែកអ៊ុយក្រែនក៏មិននៅស្ងៀមដែរ អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងឆៅមួយកន្លែងរបស់រុស្ស៊ី។ មួយរយៈចុងក្រោយនេះ ប្រជាជនអ៊ុយក្រែនបន្តទទួលរងការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីចំពេលដែលអ៊ុយក្រែនកំពុងខ្វះខាតប្រព័ន្ធការពារដែនអាកាស។ ការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រប្រេងរបស់រុស្ស៊ីធ្វើឱ្យរុស្ស៊ីខ្វះខាតប្រេងឥន្ធនៈ។ ជនជាតិអ៊ុយក្រែន២នាក់ដែលជាជីដូន និងជីតារបស់ចៅប្រុសម្នាក់អាយុ៣ឆ្នាំបានស្លាប់ទាំងអស់គ្នាដោយសារការវាយប្រហាររបស់ដ្រូនរុស្ស៊ីជាច្រើនគ្រឿងទៅលើគេហដ្ឋានរបស់ពួកគេនៅសង្កាត់ប្រូវ៉ារី នៃរដ្ឋធានីកៀវ។

នៅក្នុងគ្រួសារដដែលនេះក៏មានសមាជិកបីនាក់ទៀត និងអ្នកជិតខាងម្នាក់ត្រូវរបួសផងដែរ។ ការវាយប្រហារនោះបានកម្ទេចគេហដ្ឋានខាងលើរាបដល់ដី ធ្វើឱ្យខូចខាតអគារនៅក្បែរៗនោះ និងរថយន្តជាច្រើនគ្រឿង។ នៅទីក្រុងកៀវ លោកហ្សេឡិនស្គីអះអាងថាមនុស្សយ៉ាងតិចម្នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលផ្លោង៦គ្រាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ជនស៊ីវិល។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន កងទ័ពអាកាសអ៊ុយក្រែនថ្លែងថាខ្លួនបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ី១៣៥គ្រឿងនៅក្នុងចំណោមដ្រូនសរុប១៥១គ្រឿងដែលបញ្ជូនទៅវាយប្រហារអ៊ុយក្រែនកាលពីយប់មិញ។ រុស្ស៊ីក៏បានវាយប្រហារដោយមីស៊ីល៦គ្រាប់ផងដែរ។ ទោះបីរុស្ស៊ីអះអាងដដែលៗថាខ្លួនវាយប្រហារតែទៅលើទីតាំងយោធាតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែង ពួកគេបន្តវាយប្រហារទីតាំងរបស់ជនស៊ីវិលនៅអ៊ុយក្រែនដោយឥតបន្ធូរដៃ។

រុស្ស៊ីឆ្លៀតឱកាសដែលអ៊ុយក្រែនកំពុងខ្វះខាតប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាតដែលមានសមត្ថភាពបាញ់ទម្លាក់គ្រាប់មីស៊ីលគ្រប់ប្រភេទរបស់រុស្ស៊ី។ លោកហ្សេឡិនស្គីបន្តស្នើសុំយ៉ាងទទូចទៅក្រុមប្រទេសសម្ព័ន្ធមិត្ត ជាពិសេស អាមេរិក ដើម្បីបញ្ជូនគ្រាប់រំសេវដែលកាន់តែខ្សត់ខ្សោយទៅៗដោយសារអាមេរិកខ្លួនឯងក៏កំពុងជាប់ដៃនៅក្នុងសង្គ្រាមអ៊ីរ៉ង់ផងដែរ។ ក្រោយមក លោកស្នើសុំអាជ្ញាប័ណ្ណពីអាមេរិកដើម្បីផលិតមីស៊ីល និងជើងទម្របាញ់មីស៊ីលនេះនៅលើទឹកដីអ៊ុយក្រែនផ្ទាល់តែម្ដង។ លោកក៏កំពុងនិយាយបញ្ចុះបញ្ចូលលោកអ៊ីឡន ម៉ាស់ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់សេវាអ៊ីនធឺណិតស្តាលីង (Starlink) តាមផ្កាយរណបដើម្បីវាយប្រហារឆ្ងាយៗចូលទឹកដីរុស្ស៊ី និងវាយប្រហារជើងទម្របាញ់មីស៊ីលរបស់រុស្ស៊ី។

បន្ទាប់ពីរុស្ស៊ីវាយប្រហារលើកចុងក្រោយនេះ លោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញអ៊ិចអំពាវនាវឱ្យប្រទេសនានាដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀតដើម្បីមិនឱ្យរុស្ស៊ីផលិតមីស៊ីលផ្លោង។ ទន្ទឹមនឹងនោះ លោកអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្តជួយអ៊ុយក្រែននូវសមត្ថភាពប្រឆាំងនឹងមីស៊ីលផ្លោង។ កាលពីខែកក្កដា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ី៥៣០០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់។ នេះបើយោងតាមការអះអាងរបស់ក្រសួងការពារជាតិអ៊ុយក្រែន។ នៅរុស្ស៊ី មនុស្ស៥នាក់រងរបួសដោយសារការឆេះរោងចក្រចម្រាញ់ប្រេងឆៅអ៊ីលស្គី (Ilsky) នៅតំបន់ក្រាស់ស្នូដា (Krasnodar)។ ពួកគេរងរបួសដោយសារបំណែកដ្រូនដែលត្រូវបានបាញ់ទម្លាក់។ វិស័យប្រេងរបស់រុស្ស៊ីរងការរំខានយ៉ាងខ្លាំងដោយសារអ៊ុយក្រែនវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយដែលផលិតក្នុងស្រុក៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ