បេក្ខជនថ្នាក់ទី១២មកបន់ស្រន់នៅព្រះអង្គចេកព្រះអង្គចម លោកយាយទេព ខណៈជិតដល់ថ្ងៃប្រឡងបាក់ឌុប
- សៀមរាប
ខេត្តសៀមរាប ៖ បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប មានយុវជនប្រុស ស្រី ជាច្រើននាក់ បាននាំគ្នាសំរុកទៅបន់ស្រន់សុំសេចក្ដីសុខ សេចក្ដីចម្រើន ពីបារមីព្រះអង្គចេក ព្រះអង្គចម និងលោកយាយ ទេព ក៏ដូចជាបារមីព្រឹលឹងបុព្វបុរសខ្មែរ ដែលថែរក្សាប្រាសាទអង្គរ ដើម្បីឱ្យពួកគាត់ទទួលបានលទ្ធផលល្អ និងរួចពីការភ័យខ្លាចក្នុងការប្រឡង ខណៈដែលការប្រឡងនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នេះ ។

បេក្ខជនត្រៀមប្រឡងបាក់ឌុប មកពីសាលារៀនអារីហ្សូន , សាលាវិទ្យាល័យវត្តស្វាយ និងសាលាផ្សេងៗ ទៀត បានប្រាប់ភ្នាក់ងារកោះសន្តិភាពយើងនៅមុខព្រះអង្គ និងលោកយាយទេព នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះថា ក្រោយពេលធ្វើការបួងសួងនេះ ពួកគេមកបួងសួងនៅព្រះអង្គចេក ព្រះអង្គចម និងលោកយាយ ទេព គឺដើម្បីប្រាថ្នាសុំប្រឡងជាប់ និងសុំឱ្យមានចិត្តរឹងមាំ មិនមានការភ័យខ្លាចពេលប្រឡង ជាពិសេស ប្រាថ្នាសុំកុំឱ្យមានជំងឺបៀតបៀននៅពេលប្រឡង ប្រកបដោយសុវត្ថិភាពល្អគ្រប់ៗគ្នា។

ពួកគាត់ជឿជាក់ថា ព្រលឹងបុព្វបុរសខ្មែរនៅលើទឹកដីអង្គរ ជាពិសេស បារមីសក្ដិសិទ្ធិព្រះអង្គចេក ព្រះអង្គ និងលោក យាយ ទេព សូមជួយតាមបីថែរក្សាពួកគាត់ឱ្យទទួលបានក្ដីប្រាថ្នាដូចបំណង ។ ពួកគាត់បន្ដថា ជំនឿនេះ មិនមែនទាំងស្រុងនោះទេ ប៉ុន្ដែប្រពៃណីបន់ស្រន់នេះ មានតាំងពីដូនតាមកម្ល៉េះ ហើយមានមនុស្សគ្រប់ៗគ្នា បានអនុវត្ដជាបន្ដបន្ទាប់រហូតដល់បច្ចុប្បន្ន មិនថាតែធ្វើឡើងក្នុងពេលប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឬ ហៅថា បាក់ឌុបនោះទេ។

សូមបញ្ជាក់ថា របាយការណ៍របស់ក្រសួងអប់រំយុវជន និង កីឡា ខេត្ដសៀមរាប បានបង្ហាញ ថា ខេត្ដសៀមរាប មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាមធ្យមភូមិសរុបចំនួន១១៤៨៦ នាក់ និងមណ្ឌលប្រលងចំនួន១៦មណ្ឌល មាន៤៧១បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ៥មណ្ឌល ស្មើនឹង១៣១បន្ទប់ និងថ្នាក់វិទ្យាសាស្ដ្រសង្គមមាន១១ មណ្ឌល ស្មើនឹង៣៤០បន្ទប់។

គួរបញ្ជាក់ថា តាមការកត់សំគាល់ ជារៀងឆ្នាំ ខណៈដែលការប្ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជិតមកដល់ ចាប់តាំង ពីព្រឹករហូតដល់ល្ងាច គេសង្កេតឃើញមានយុវជនជាច្រើន ដែលអាចគិតថា ពួកគាត់ជាបេក្ខជនប្រលងបាក់ឌុប បាននាំគ្នាទៅបួងសួងបែបន់តាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព ដែលស្ថិតនៅក្បែព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ដោយមានទាំងធូបទៀន ផ្កាផ្ញី ហើយនាំគ្នាអុចធូប ថ្វាយផ្កាដល់ព្រះបារមីព្រះអង្គ ដើម្បីប្រាថ្នាសុំឱ្យការប្រឡងរបស់ខ្លួនទទួលបានលទ្ធផលល្អ បើទោះបីបាននិទ្ទេសយ៉ាងណាក៏ដោយ ៕




ចែករំលែកព័តមាននេះ