ទីក្រុងតូក្យូ៖ ខ្យល់ព្យុះឈ្មោះដូលហ្វ៊ីន (Dolphin) ចាប់ផ្ដើមបក់ទៅដល់ខេត្តអូគីណាវ៉ា ប្រទេសជប៉ុនភាគខាងត្បូងនៅថ្ងៃនេះបណ្ដាលឱ្យមនុស្សយ៉ាងតិច៦នាក់រងរបួស ខណៈដែលផ្ទះជាង៥ម៉ឺនខ្នងដាច់ភ្លើង។ ចំណែកនៅប្រទេសចិនឯណោះវិញ អាជ្ញាធរបញ្ជាឱ្យបិទកំពង់ផែ និងផ្អាកសេវាដឹកជញ្ជូនតាមនាវាចម្លង (ស្រឡាង) មុនពេលខ្យល់ព្យុះបក់ទៅដល់តំបន់មាត់សមុទ្រខាងកើត។ មនុស្សចាស់ៗ៥នាក់ ក្នុងនោះបីនាក់ដួលច្រងាប់ច្រងិលទៅលើដីដោយសារខ្យល់បក់ខ្លាំងពេកបណ្ដាលឱ្យរងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរពេកទេ។ ចំណែកមនុស្សម្នាក់ទៀតក្រៅពី៥នាក់នោះរងរបួសនៅខេត្តកាកូស៊ីម៉ា (Kagoshima)។ នៅខេត្តដដែលនេះ អគារជិត៣៩០០០ខ្នងដាច់ភ្លើងអគ្គិសនី ចំណែកនៅខេត្តអូគីណាវ៉ាផ្ទះជាង១២០០០ខ្នងដាច់ភ្លើង។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ANA និងជប៉ុនអ៊ែឡាញ សម្រេចលុបចោលជើងហោះហើរចេញ-ចូលខេត្តអូគីណាវ៉ា។ ខ្យល់ព្យុះដូលហ្វ៊ីនមានល្បឿន១៦២គីឡូម៉ែត្រក្នុងមួយម៉ោង និងពេលខ្លះល្បឿនហក់ឡើងដល់២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ខេត្តអូគីណាវ៉ា និងកោះអាម៉ាមី (Amami) នៃខេត្តកាកូស៊ីម៉ាជាទីតាំងដែលរងការវាយប្រហារពីខ្យល់ព្យុះនេះខ្លាំងជាងគេ។ គេរំពឹងថាខ្យល់ព្យុះនឹងបក់ទៅដល់ប្រទេសចិននៅល្ងាចថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ហើយអាជ្ញាធរចាត់ចំណាត់ថ្នាក់ខ្យល់ព្យុះដូលហ្វ៊ីនកម្រិតពណ៌ទឹកក្រូច មានន័យថាគ្រោះថ្នាក់កម្រិតទី២។ ដោយសារបារម្ភអំពីការកើតមានគ្រោះទឹកជំនន់ និងការបាក់ដី អាជ្ញាធរបានបង្កើនការឆ្លើយតបថែមមួយកម្រិតទៀត។

ខ្យល់ព្យុះនេះទំនងជាបក់ទៅដល់ទីតាំងដែលស្ថិតនៅចន្លោះទីក្រុងចូវសាននៃខេត្តសឺជាំង និងទីក្រុងហ្វ៊ូទីងនៃខេត្តហ្វ៊ូជៀន ល្បឿនចាប់ពី៣៨-៤៥ម៉ែត្រក្នុងមួយវិនាទី។ គេរំពឹងថាភ្លៀង និងខ្យល់កន្ត្រាក់នឹងបក់ទៅលើប្រទេសចិនភាគខាងកើតរហូតដល់ថ្ងៃទី១២ ខែសីហាទើបបញ្ចប់ទៅវិញ។ ផ្នែកខ្លះនៃទីក្រុងសៀងហៃ និងបណ្ដាខេត្តជុំវិញទីក្រុងនេះក៏រងការបោកបក់ផងដែរ។ តំបន់ខ្លះនៅខេត្តសឺជាំងខាងកើតអាចនឹងទទួលបានរបបទឹកភ្លៀងលើសពី៦០០មិល្លីម៉ែត្រ។ ខេត្តនេះបានបង្កើនការប្រុងប្រយ័ត្ននៅតាមតំបន់មាត់សមុទ្រដល់កម្រិតខ្ពស់បំផុត ព្រមទាំងផ្អាកប្រតិបត្តិការការងារនៅតាមកំពង់ផែ និងសកម្មភាពដឹកជញ្ជូនអ្នកដំណើរតាមនាវាចម្លង។ អាកាសយានដ្ឋានអន្តរជាតិនីងប៉ូ លីសឺ (Nigbo Lishe) នៃខេត្តសឺជាំងប្រកាសផ្អាកសកម្មភាពចាប់ពីម៉ោង១១:៣០នៅថ្ងៃនេះ ហើយនឹងផ្អាកការហោះហើរទាំងអស់នៅថ្ងៃអាទិត្យ។

កំពង់ផែយ៉ាងសាននៃទីក្រុងសៀងហៃមិនមានកប៉ាល់ណាមួយចូលចតទៀតទេតាំងពីល្ងាចថ្ងៃសុក្រ ចំណែកសេវាដឹកជញ្ជូនតាមផ្លូវដែកនៅតំបន់ដីសណ្ដទន្លេយ៉ាងស៊ីនឹងផ្អាកចាប់ពីថ្ងៃអាទិត្យតទៅ។ ក្រឡេកទៅមើលកោះតៃវ៉ាន់វិញម្ដង ជើងហោះហើរជាអន្តរជាតិចំនួន៧៨ខ្សែត្រូវបានលុបចោលដើម្បីទប់ទល់នឹងខ្យល់ព្យុះដូលហ្វ៊ីន។ គេរំពឹងថានៅភាគខាងកើតនៃកោះតៃវ៉ាន់នឹងមានភ្លៀងធ្លាក់ខ្លាំងនៅចុងសប្ដាហ៍នេះ។ ទោះជាយ៉ាងណាក្ដី អាជ្ញាធរមិនទាន់ចេញបញ្ជាឱ្យជម្លៀសមនុស្សនៅឡើយទេគិតត្រឹមល្ងាចថ្ងៃសៅរ៍។ ដោយឡែក អាជ្ញាធរចិនបានចេញបញ្ជាឱ្យជម្លៀសមនុស្ស។ កប៉ាល់ដែលបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ត្រូវតែស្ដាប់តាមការណែនាំពីអាជ្ញាធរ៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ