ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បន្ត​នាំ​យក​ឱកាស​ការងារ​ក្នុងស្រុក ១៣០០​កន្លែង ដល់​ប្រជាពលរដ្ឋ និង​អតីត​ពលករ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ

1 ខែ មុន

ខេត្តឧត្តរមានជ័យ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​ពង្រីក​ការ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ក្នុងស្រុក​តាម​រយៈ​ការ​រៀបចំ «​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​» នៅ​បរិវេណ​សាលាឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែសីហា ឆ្នាំ​២០២៦ ដោយ​នាំ​យក​ឱកាស​ការងារ​ចំនួន ១ ៣០០​កន្លែង ពី​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ធំ​ៗ មក​ផ្តល់​ជូន​ប្រជាពលរដ្ឋ អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​យុវជន​ជាង ៦០០​នាក់ ដើម្បី​ជំរុញ​ការងារ​ក្នុងស្រុក ពង្រឹង​ការ​យល់​ដឹង​អំពី​សន្តិសុខ​សង្គម និង​ផ្សព្វផ្សាយ​ឱកាស​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។

ថ្លែង​ក្នុង​វេទិកា​នេះ ឯកឧត្តម សាន គី​ម​ហុង អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចាប់​យក​ឱកាស​ការងារ​ក្នុងស្រុក ខណៈ​បច្ចុប្បន្ន​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជាង ៩​ម៉ឺន​កន្លែង នៅ​តាម​បណ្តា​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ធំ​ៗ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូ​ទាំង​ប្រទេស​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​បម្រើ​ការងារ​ស្របច្បាប់​ក្នុងស្រុក នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) រួម​មាន របប​ហានិភ័យ​ការងារ របប​ថែទាំ​សុខភាព និង​របប​សោធន​និវត្តន៍ ដែល​ផ្តល់​ការ​គាំពារ​ប្រហាក់ប្រហែល​នឹង​មន្ត្រីរាជការ​ផង​ដែរ​។

ឯកឧត្តម​ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចៀសវាង​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ដែល​អាច​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច និង​ខ្វះ​ការ​ការពារ​តាម​ផ្លូវច្បាប់​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​បម្រើ​ការងារ​ក្នុងស្រុក មិន​ត្រឹមតែ​ផ្តល់​ប្រាក់​ចំណូល​មាន​ស្ថិរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​រស់នៅ​ជួបជុំ និង​ថែទាំ​ក្រុម​គ្រួ​សារបាន​ផង​ដែរ​។ ចំពោះ​អ្នក​ដែល​មាន​បំណង​ទៅ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​បណ្ណ​ស្របច្បាប់ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ទាក់ទង​លេខ​ទូរស័ព្ទ Hotline ១២៩៧ សម្រាប់​ផ្នែក​ផ្គូផ្គង​ការងារ និង​លេខ ១២៨៦ សម្រាប់​សេវា ប​.​ស​.​ស​.​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តឧត្តរមានជ័យ តាម​រយៈ​កម្មវិធី «TVET ១,៥ លាន​» ដែល​ជា​កម្មវិធី​បណ្តុះបណ្តាល​ជាតិ​ដោយ​ឥត​គិតថ្លៃ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​។ កម្មវិធី​នេះ​ផ្តល់​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​ជា​ច្រើន ដូច​ជា ជួសជុល​ម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្ម​កាហ្វេ សាឡ​ន សម្អាងការ និង​ជំនាញ​ផ្សេង​ៗ​ទៀត ព្រមទាំង​ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) ដើម្បី​បង្កើន​ឱកាស​ទទួល​បានការ​ងារ និង​ប្រាក់​ឈ្នួល​សមរម្យ​។

សូម​ជម្រាប​ថា វេទិកា​ការងារ​នេះ មានការ​ចូលរួម​ពី​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ធំ​ៗ ដែល​បាន​នាំ​យក​ឱកាស​ការងារ​ចំនួន ១ ៣០០​កន្លែង មក​ផ្តល់​ជូន​ប្រជាពលរដ្ឋ រួម​មាន រោងចក្រ វេន​ធូ​រ៉ា លេ​ឌើ​វែ​រ អឹ​ម​អេ​ហ្វ​វ៉ា​យ (​ស៊ី​ឌី​) ឯ​.​ក​, ក្រុមហ៊ុន តៃ​នី​ង សៀមរាប អភិវឌ្ឍន៍​កៅស៊ូ​, ក្រុមហ៊ុន អិ​កស៍ អិ​ល អិ​កស៍ ស៊ី​ង ស៊ី​ង ឯ​.​ក និង​ក្រុមហ៊ុន អ៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេន រី​សសស៍ ជ្រើសរើស​កម្លាំង​ពលកម្ម​ទៅ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​។ ក្រៅពី​ការ​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់ ក្រុមហ៊ុន​ទាំងនេះ​ក៏​បាន​ផ្តល់​ព័ត៌មាន សេវា​ផ្គូផ្គង​ការងារ និង​ការ​ប្រឹក្សា​យោបល់​ជូន​អ្នក​ស្វែងរក​ការងារ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​ ៕