ដេញថ្លៃធ្វើផ្លូវក្រាលក្រួសក្រហម ប្រកួតប្រជែងចុះជាង៦០%
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ផ្លូវដីក្រាលគ្រួសក្រហមមួយខ្សែប្រវែង៣០០០ម៉ែត្រ ព្រមទាំងមានលូ៣កន្លែង ត្រូវបានដាក់ដំណើរការដេញថ្លៃជាសាធារណៈដោយធ្វើឡើងនៅសាលាឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារនាព្រឹកថ្ងៃទី៧សីហា ឆ្នាំ២០២៦។ ចំពោះទិដ្ឋភាពនៃការដេញថ្លែងគេសង្កេតឃើញមានតម្លាភាពប្រកួតប្រជែងត្រឹមត្រូវតែក្រុមហ៊ុនដែលដេញបានគឺចុះជាង៦០% កត្តានេះធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភពីគុណភាពផ្លូវផងដែរ សង្ស័យណាស់ ។
លោកឈន សុីវឡេង មេឃុំកំពង់ទ្រាសមានប្រសាសន៍ឲ្យដឹងថា: ដោយមានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅភូមិទី១គឺសុំផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង៣០០០ម៉ែត្រ ដើម្បីងាយស្រួលដឹកកសិផល។ក្រោមការយកចិត្តទុកដាក់ទីបំផុតផ្លូវមួយខ្សែនេះត្រូវបានផ្ដល់ជូនតាមសំណើរតម្លៃដាក់ឲ្យដេញថ្លៃជាង២៨៩លានរៀល ក្នុងនោះមានក្រុមហ៊ុនចំនួន១១ បានចូលរួមប្រកួតប្រជែងដេញថ្លៃ ហើយលទ្ធផលបានលើក្រុមហ៊ុនហង្ស គួយហេងតម្លៃជាង១២៣លានរៀល ដែលបានដេញទាបជាងគេ លក្ខខណ្ឌអ្នកណាដេញទាបជាងគេគឺបានអ្នកនោះ។ សង្ស័យណាស់ អត់គុណភាព ។
លោកមេឃុំកំពង់ទ្រាសមានប្រសាសន៍បន្តឲ្យដឹងទៀតថា ទោះបីក្រុមហ៊ុនដែលបានដេញថ្លៃបាននេះគឺមានការចុះរហូតដល់ជាង៦០% យ៉ាងណាក៏ដោយអាជ្ញាធរសុំតែការស្ថាបនាផ្លូវត្រូវតែប្រកបដោយគុណភាពតាមស្តង់ដារបច្ចេកទេស។សម្រាប់ថវិកាដែលនៅសល់គឺយកមកដេញថ្លៃផ្លូវបេតុងមួយខ្សែទៀតដែលស្ថិតនៅភូមិទី៥ ហើយនៅក្នុងឆ្នាំ២០២៧ គឺថវិកាដែលរាជរដ្ឋាភិបាលទម្លាក់ឲ្យនិងស្ថាបនាផ្លូវបេតុងបន្ថែមទៀត។ចំពោះក្រុមហ៊ុនគួយហេង ដែលបានដេញថ្លៃផ្លូវមួយខ្សែនេះ ដីគ្រួសក្រហមត្រូវយកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មកចាក់បំពេញ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕










ចែករំលែកព័តមាននេះ