ទីក្រុងរីយ៉ាត៖ ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉េនបានបើកការវាយប្រហារយ៉ាងសន្ធាប់ទៅលើប្រទេសអារ៉ាប៊ីសាអូឌីតភាគខាងត្បូងបណ្ដាលឱ្យរបួសជនស៊ីវិល១១នាក់។ ហេតុការណ៍នេះកើតឡើងចំពេលដែលអារ៉ាប៊ីសាអូឌីតទើបតែព្រមានថ្មីៗនេះថាក្រុមហ៊ូទី និងចលនាប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់អាចនឹងវាយប្រហារផ្គួបគ្នា។ ឧត្ដមសេនីយ៍តួកគី អាល់ម៉ាលីគី ដែលជាអ្នកនាំពាក្យរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតថ្លែងថាការវាយប្រហារនោះកើតឡើងនៅខេត្តណាច្រាន (Najran)។ អ្នកដែលត្រូវរបួសទាំងនោះមានជនជាតិអារ៉ាប៊ីសាអូឌីត៧នាក់ យេម៉េនម្នាក់ អេហ្ស៊ីប២នាក់ និងប៉ាគីស្ថានម្នាក់។

នៅក្នុងចំណោមជនរងគ្រោះទាំងនោះក៏មានកុមារអាយុ៤ឆ្នាំម្នាកផងដែរ។ លោកម៉ាលីគីចោទប្រកាន់ថាក្រុមហ៊ូទីផ្លោងគ្រាប់កាំភ្លើងដាក់ជនស៊ីវិលដោយឥតរើសមុខ។ ដូចនេះ វាជាទង្វើប្រឆាំងនឹងច្បាប់អន្តរជាតិ។ លោកថាក្រុមសម្ព័ន្ធមិត្តនឹងបន្តចាត់វិធានការដែលចាំបាច់ទាំងអស់ដើម្បីការពារជនស៊ីវិល។ រហូតមកដល់ពេលនេះ គេមិនទាន់ស្ដាប់ឮការធ្វើអត្ថាធិប្បាយពីក្រុមហ៊ូទីនៅឡើយទេ អ៊ីរ៉ង់ក៏ដូចគ្នាដែរ។ ជម្លោះរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីអស់មួយទសវត្សកន្លងទៅនេះចាប់ផ្ដើមឡើងកម្ដៅកាន់តែខ្លាំងក្រោយពេលសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើង។ ក្រុមហ៊ូទីបិទខ្ទប់សមុទ្រក្រហម ជាហេតុធ្វើឱ្យមានបញ្ហារអាក់រអួលសម្រាប់ការដឹកជញ្ជូនប្រេង និងហ្គាសរបស់អារ៉ាប៊ីសាអូឌីត។

ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក និងបណ្ដាប្រទេសនៅមជ្ឈិមបូព៌ារកឃើញថាក្រុមហ៊ូទី និងចលនាប្រដាប់អាវុធនៅអ៊ីរ៉ាក់ក្រោមការចង្អុលបង្ហាញពីឆ្មាំបដិវត្តឥស្លាមអាចនឹងបើកការវាយប្រហារផ្គួបគ្នាទៅលើទីតាំងស៊ីវិលរបស់អារ៉ាប៊ីសាអូឌីតដែលមានដូចជាទីតាំងផលិតថាមពល កំពង់ផែ និងព្រលានយន្តហោះជាដើម។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ។ អារ៉ាប៊ីសាអូឌីតកំពុងខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសសម្ព័ន្ធមិត្តសំខាន់ៗ និងព្រមានថាក្រុមចលនាប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នឹងបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងៗនៅក្នុងតំបន់។ តួកគី អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីវិស័យការពារជាតិនៅថ្ងៃនេះ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីតរួចហើយ ហើយសង្ឃឹមថាប្រធានាធិបតីតួកគីនឹងទៅដល់នៅល្ងាចថ្ងៃនេះ។ មន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះខាងលើនេះប្រាប់បន្តទៀតថាការគំរាមកំហែងពីសំណាក់ចលនាប្រដាប់អាវុធដែលគាំទ្រអ៊ីរ៉ង់នោះពិតជាគួរឱ្យព្រួយបារម្ភចំពេលដែលអារ៉ាប៊ីសាអូឌីតនៅតែអំពាវនាវឱ្យមានការបន្ធូរបន្ថយជម្លោះ និងបញ្ចប់សង្គ្រាមដោយសន្តិវិធីតាមរយៈការចរចាគ្នា។ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហានេះកំពុងដើរនៅលើមាគ៌ាដ៏ត្រឹមត្រូវ។ មន្ត្រីដដែលនេះយល់ថាផែនការវាយប្រហារនោះហាក់ដូចជាមានចេតនាបន្ទច់បង្អាក់ការដោះស្រាយបញ្ហាតាមការទូត៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ