ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ប្រ.ហារ​នៅ​បរិវេណ​សាលា​រៀន​​ប្រទេស​ថៃ​​ព្រឹក​មិញ​បណ្ដាល​ឱ្យ​​ស្លា.ប់​​២​នាក់​,​ រ.បួ.ស១០​នាក់

5 ថ្ងៃ មុន

ទី​ក្រុង​បាងកក៖ ថ្ងៃ​នេះ ប្រទេស​ថៃ​មាន​ហេតុ​ការណ៍​ស្លុត​រន្ធត់​ទាំង​ព្រលឹម​នៅ​ពេល​មាន​ការ​បាញ់​ប្រហារ​នៅ​ក្នុង​បរវេណ​សាលា​រៀន​មួយ​កន្លែង​បណ្ដាល​ឱ្យ​គ្រូ​បង្រៀន​យ៉ាង​តិច​ម្នាក់​ស្លាប់​ ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​បាញ់​ប្រហារ​នេះ​ក៏​បាន​ស្លាប់​ដែរ​ ខណៈ​ដែល​សិស្ស​សាលា​ដប់​នាក់​រង​របួស​។ សាក្សី​និយាយ​ថា​សិស្ស​ម្នាក់​នៅ​សុខ​ៗ​ទាញ​កាំ​ភ្លើង​បាញ់​រះ​ដោយ​​ឥត​រើស​មុខ​ទៅ​លើ​មនុស្ស​នៅ​ក្នុង​បរិវេណ​សាលា​រៀន​​។ ក្រោយ​មក​ គាត់​ក៏​លើក​កាំ​ភ្លើង​បាញ់​សម្លាប់​ខ្លួន​​ឯង​តែ​ម្ដង​។ ឧត្ដមសេនីយ៍​នគរ​បាល​ប្រចាំ​ខេត្ត​នន្ថ​បុរី​បញ្ជាក់​ថា​ពិត​មាន​មនុស្ស​ស្លាប់​ដូច​សារ​ព័ត៌​មាន​បាន​ចុះ​ផ្សាយ​មែន​ និង​ថា​ជន​ដៃ​ដល់​បាន​បាញ់​សម្លាប់​ខ្លួន​តាម​ក្រោយ​។​

នៅ​ក្នុង​ចំណោម​អ្នក​របួស​ទាំង​នោះ​ ម្នាក់​ជា​គ្រូ​បង្រៀន​ និង​៩​នាក់​ជា​សិស្ស​សាលា​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ស្រុក​បាង​គ្រុយ​ ខេត្ត​នន្ថ​បុរី​ ភាគ​ខាង​ជើង​ទី​ក្រុង​បាងកក​។ សិស្ស​ម្នាក់​អាយុ​១៨​ឆ្នាំ​ប្រាប់​ថា​មុន​ដំបូង​ ខ្លួន​ស្មាន​តែ​គេ​ដុត​ផាវ ឬ​គេ​គោះ​វត្ថុ​អ្វី​ម៉្យាង​​ព្រោះ​ឮ​សំឡេង​ផ្ទុះ​ផូង​ផាំង​ៗ។ មិន​នឹក​ស្មាន​ថា​នោះ​ជា​ការ​បាញ់​កាំ​ភ្លើង​យ៉ាង​ដូច្នេះ​សោះ​។ ខ្លួន​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​ច្រើន​គ្រាប់​។ បន្ទាប់​មក​ក៏​ស្ងប់​ស្ងាត់​ទៅ​វិញ​។ មិន​យូរ​ប៉ុន្មាន​ ខ្លួន​ក៏​ស្ដាប់ឮ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​​សា​ជា​ថ្មី​។​

តាម​រយៈ​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​ គេ​ឃើញ​សិស្ស​រត់​ប្រសាច​ចេញ​ពី​សាលារៀន​​ទេព​សិរិន​ នន្ថ​បុរី និង​ឃើញរថ​យន្ត​គិលាន​សង្គ្រោះ​បើក​បន្ត​កន្ទុយ​គ្នា​ដើម្បី​ដឹក​អ្នក​របួស​។ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​រូប​​មនុស្ស​ម្នាក់​ដេក​ស្ដូក​ស្ដឹង​នៅ​លើ​គ្រែ​ស្នែង​ក្បែរ​ឡាន​ពេទ​ ចំណែក​ម្នាក់​ទៀត​កំពុង​ត្រូវ​បាន​គ្រូពេទ្យ​ផ្ដល់​ការ​សង្គ្រោះ​បឋម​។ ប្រទេស​ថៃ​សម្បូរ​ហេតុ​ការណ៍​បាញ់​ប្រហារ​គ្នាខ្លាំង​ណាស់​ព្រោះ​ជា​សង្គម​គ្រឿង​ញៀន​ សម្បូរ​ក្រុម​អន្ធ​ពាល ចោរ​ឆក់​ ចោរ​ប្លន់​។ ការ​កាន់​កាប់​កាំ​ភ្លើង​នៅ​ថ្ងៃ​​​ស្ថិត​នៅ​ក្នុង​លំដាប់​កំពូល​របស់​ពិភព​លោក​។ ​ពោលគឺ​នៅ​ក្នុង​ចំណោម​មនុស្ស​៧​នាក់​ មាន​ម្នាក់​ដែល​មាន​កាំ​ភ្លើង​កាន់​នៅ​ក្នុង​ដៃ​។

គេ​វាយ​តម្លៃ​ថា​នៅ​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ មនុស្ស​ដប់​លាន​នាក់​កំពុង​កាន់​កាប់​កាំ​ភ្លើង​។ ទោះ​បី​មាន​ការ​រឹត​បន្តឹង​ច្បាប់​ស្ដី​ពី​ការ​កាន់​កាប់​កាំ​ភ្លើង​យ៉ាង​ណា​ក្ដី ក៏​គ្មាន​ប្រសិទ្ធ​ភាព​ដែរ​។ កាល​ពី​ឆ្នាំ​២០២៥ សាលា​រៀន​ដែល​កើត​ហេតុ​ខាង​លើ​ទទួល​ចុះ​ឈ្មោះ​សិស្ស​ឱ្យ​ចូល​រៀន​ចំនួន​៣១០០​នាក់​ និង​មាន​គ្រូ​បង្រៀន​សរុប​១៤៧​នាក់​។ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​នេះ គ្រូ​បង្រៀន​ម្នាក់​បាន​ស្លាប់​ និង​សិស្ស​ម្នាក់​រង​របួស​នៅ​ស្រុក​ហាត​យ៉ៃ​ នៃ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​បន្ទាប់​ពី​ជន​ប្រដាប់​អាវុធ​ម្នាក់​បាញ់​រះ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​មួ​យកន្លែង​៕ ប្រភព៖ South China Morning Post