ផ្លែមៀនប៉ៃលិននាំចេញទៅទីផ្សារអន្តរជាតិក្នុងខែនេះ ជាង៦០០តោន និងជួយឱ្យកសិករមានការងារធ្វើជិត២ពាន់នាក់ នៅទូទាំងខេត្តប៉ៃលិន និងមកពីតាមបណ្តាខេត្តនានា
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ បើតាមរបាយការណ៍ពីលោក វ៉ាន់ ហ៊ួរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនបានឲ្យដឹងថា ៖ ក្នុងខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមហ៊ុនចិនឈ្មោះ ឆាយណាជីនវ័រយាងអ៊ីមផត កំពុងតែមមាញឹកក្នុងការប្រមូលទិញផ្លែមៀនពីចម្ការរបស់បងប្អូនប្រជាកសិករគ្រប់ទីកន្លែងទូទាំងខេត្តប៉ៃលិន រហូតដល់បាត់ដំបង ព្រោះទីផ្សារអន្តរជាតិកំពុងតែត្រូវការខ្លាំង ហើយនៅក្នុងខែកក្កដា កន្លងទៅនេះ បើទោះបីជាមិនសូវសំបូរផ្លែមៀនប៉ៃលិនទុំ ក៏ក្រុមហ៊ុនអាចនាំចេញទៅក្រៅប្រទេសរហូតដល់៦១៣.៤១តោនឯណោះ ។ លោកបន្តទៀតថា រហូតមកដល់បច្ចុប្បន្ននេះ កំពុងតែស្រូបទាញកម្លាំងពលកម្មប្រមាណជិត២ពាន់នាក់ ដែលធ្វើការងារជាផ្នែកៗ នៅក្នុងក្រុមហ៊ុនមួយនេះ។
ចំណែកលោក អៃ ជុងហ្វា ប្រធានគ្រប់គ្រងក្រុមហ៊ុនឆាយណាជីនវ័រយាងអ៊ីមផត មានទីតាំងស្ថិតនៅក្នុងក្រុងប៉ៃលិន បានអោយដឹងដែរថា នាពេលបច្ចុប្បន្ននេះ ខាងក្រុមហ៊ុនបាននាំផ្លែមៀនប៉ៃលិនស្រស់ចេញទៅលក់ដូរនៅទីផ្សារអន្តរជាតិរួមមានប្រទេសចិន និងប្រទេសអឺរ៉ុបដោយគេកុម្ម៉ង់ច្រើនដឹកឲ្យគេស្ទើរតែមិនទាន់នោះឡើយ ព្រោះរដូវនេះមិនសូវសំបូរផ្លែមៀនទុំទេ ដោយខាងក្រុមហ៊ុន ក៏ដាក់កម្មករឱ្យចុះទិញនៅតាមទីតាំងពីស្រុកសំពៅលូន ស្រុកកំរៀង ស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង ជាពិសេសនៅក្នុងខេត្តប៉ៃលិន គឺជាខេត្តមួយជាប់ព្រំដែនកម្ពុជាថៃ ដែលសំបូរទៅដោយមៀនប៉ៃលិន ច្រើនជាងគេ គឺឈ្មួញទិញ១គីឡូក្រាមក្នុងតម្លៃ៣៨០០រៀល ។
លោកបញ្ជាក់ទៀតថា ក្នុងខែនេះ មិនសូវមានផ្លែមៀនទុំច្រើនទេគឺអាចនាំចេញក្នុង១ថ្ងៃបានតែ៣០ទៅ៥០តោនប៉ុណ្ណោះ ។ បើគិតជាខែគឺប្រហែលជាង៦០០តោនប៉ុណ្ណុះ តែបើដល់ខែសំបូរមៀនប៉ៃលិនទុំវិញ គឺអាចនាំចេញរហូតដល់ក្នុង១ថ្ងៃ ជាង២០០តោនឯនោះ ។
លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសគីរដ្ឋបាលខេត្តប៉ៃលិនផ្ទាល់តែម្តង ដែលតែងតែគិតគូរគ្រប់បែបយ៉ាងទាំងផ្នែកច្បាប់ និងជួយរកកម្លាំងពលកម្មជូនក្រុមហ៊ុនថែមទៀត ៕
















ចែករំលែកព័តមាននេះ