ទីក្រុងកៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីល និងដ្រូនពេញមួយយប់លើទីក្រុងកៀវ និងតំបន់ជុំវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៥ ខែសីហានេះ។
សេវាសង្គ្រោះបន្ទាន់អ៊ុយក្រែនបានបញ្ជាក់ថា ឃ្លាំងស្តុកទំនិញ មជ្ឈមណ្ឌលដឹកជញ្ជូន អគារពាណិជ្ជកម្ម និងរោងចក្រឧស្សាហកម្មជាច្រើនរងការខូចខាត។ ក្នុងនោះ នៅទីក្រុងកៀវមានអ្នកស្លាប់ ១៦នាក់ និងរងរបួស ៣០នាក់ ខណៈប្លុកមួយចំនួនទៀតមានអ្នកស្លាប់ ១នាក់ និងរបួស ២៦នាក់។
កងទ័ពអាកាសអ៊ុយក្រែនអះអាងថា រុស្ស៊ីបានបាញ់ដ្រូន ១១៥គ្រឿង មីស៊ីលផ្លោងចំនួន ២៤គ្រាប់និងមីស៊ីលប្រឆាំងនាវាចំនួន ៤គ្រាប់ ក្នុងការវាយប្រហារលើកនេះ។
ជាការឆ្លើយតប ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារនេះមានគោលដៅលើមជ្ឈមណ្ឌលដឹកជញ្ជូន និងឃ្លាំងផ្ទុកសម្ភារយោធា រួមមានគ្រឿងបន្លាស់ដ្រូន ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងសម្ភារយោធាផ្សេងៗនៅកៀវ និងតំបន់ជុំវិញ។ រុស្ស៊ីក៏អះអាងដែរថា បានវាយប្រហារនាវាដឹកទំនិញអ៊ុយក្រែនចំនួន ៣គ្រឿង នៅសមុទ្រខ្មៅ និងបំផ្លាញនាវាគ្មានមនុស្សបើក ២គ្រឿង៕
ចែករំលែកព័តមាននេះ