ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​យក្ស​ម៉ា​ឡេ​ស៊ី ចុះ​កិច្ចសន្យា​វិនិយោគ ៦៨​លាន​ដុល្លារ បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ធំ​បំផុត​នៅ​កម្ពុជា

5 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៦ លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី សុខ ចាន់​សូ​ណា នាយិការ​ក្រុមហ៊ុន សូ​ណា​វិ​ទ្យ និង​លោក ល​រ័ ទួន​អ៊ី នាយក​ក្រុមហ៊ុន​ហ្វា​ម​ហ្វ្រិ​ស បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀ​ងជួល​ដី សម្រាប់​វិនិយោគ​គម្រោង​ចិញ្ចឹម​គោ យក​ទឹកដោះ លើ​ផ្ទៃដី​ប្រមាណ​១,០០០​ហិ​កតា នៅ​ឃុំ​ប្រមោយ ស្រុក​វាល​វែង ដែល​អាច​ចាត់​ទុក​ថា មាន​ទំហំ​ធំ និង​ទំនើប​ជាងគេ​បំផុត ក្នុង​ប្រទេស​កម្ពុជា និង​ជា​ព្រឹត្តិការ​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​តែ​ម្ដង ។

ក្រុមហ៊ុន សូ​ណា​វិ​ទ្យ បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​យក្ស​របស់ម៉ា​ឡេ​ស៊ី ដែលផលិត​ទឹកដោះគោ​ដ៏​ធំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺ ហ្វា​ម​ហ្វ្រិ​ស ដើម្បី​បង្កើត​គម្រោង​វិនិយោគ​ខ្នាត​យក្ស​ ក្រោម​ឈ្មោះ “FARM FRESH PURSAT” ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៦៨លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក ខូ​យ រី​ដា អភិបាល មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​វិនិយោគ​ដ៏​ធំ​នេះ ខេត្តពោធិ៍សាត់ នឹង​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​នឹង​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ និង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ខេត្ត ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល​។

លោក​អភិបាលខេត្ត​រំពឹង​ថា គម្រោង​វិនិយោគ​នេះ​ នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន រួម​មាន ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ការ​ផ្ទេ​បច្ចេកវិទ្យា​និង​ចំណេះដឹង​ទំនើប​ក្នុង​ការ​ចិញ្ចឹម​គោ​យក​ទឹកដោះ កាត់​បន្ថយ​ការ​ពឹងផ្អែក ការ​នាំ​ចូល​ពី​ខាងក្រៅ និង​ជម្រុញ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ ៕