ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​​ទីភ្នាក់ងារ​​ទេស​ចរណ៍​កម្ពុជាធ្វើ​ទស្សន​កិច្ច​នៅខេត្ត​ច័ន្ទ​​បូរី​ ប្រទេស​ថៃ

12 ឆ្នាំ មុន

ប្រទេសថៃ ៖ សមាគម​ទីភ្នាក់ងារ​ទេស​ចរណ៍​​កម្ពុជា បាន​ដឹកនាំ​​ក្រុមហ៊ុន​ទេស​ចរណ៍​ចំនួន​២៤​ប្រចាំ​នៅ​​កម្ពុជា ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​​វិស័យ​ទេសចរណ៍​នៅ​ភាគ​ខាងកើត​​ប្រទេស​ថៃ​ក្នុង​ គោល​បំណង​ភ្ជា​ប់​ទំនាក់ទំនង​ទេស​ចរណ៍​ ជា​ពិសេស​គឺ​ការ​ផ្លាស់​ប្ដូរ​ទេសចរ​រវាង​ប្រទេស​ទាំង​២​កម្ពុជា-ថៃ។ ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ពីថ្ងៃ​ទី​៣​

ប្រទេសថៃ ៖ សមាគម​ទីភ្នាក់ងារ​ទេស​ចរណ៍​​កម្ពុជា បាន​ដឹកនាំ​​ក្រុមហ៊ុន​ទេស​ចរណ៍​ចំនួន​២៤​ប្រចាំ​នៅ​​កម្ពុជា ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​​វិស័យ​ទេសចរណ៍​នៅ​ភាគ​ខាងកើត​​ប្រទេស​ថៃ​ក្នុង​គោល​បំណង​ភ្ជា​ប់​ទំនាក់ទំនង​ទេស​ចរណ៍​ ជា​ពិសេស​គឺ​ការ​ផ្លាស់​ប្ដូរ​ទេសចរ​រវាង​ប្រទេស​ទាំង​២​កម្ពុជា-ថៃ។ ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៦​ សីហា​ ឆ្នាំ​២០១១​ ហើ​យ​នេះ គឺ​ជា​លើក​ទី​២​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​​កាលពី​ថ្ងៃ​ទី​៦ ​ខែកក្កដា​កន្លង​មកនេះ​។

លោក​អាង គឹ​ម​អៀង​ ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​​មាន​ប្រសាសន៍​ថា​ដោយ​ពិនិត្យ​ឃើញ​ថា​បរិ​យាកាស​នយោបាយ​នៃ​​ប្រទេស​ទាំង​២​កម្ពុជា-​ថៃ​ខិត​ទៅ​រក​ភាពល្អ​ប្រសើរ​​ឡើង​វិញ ហើ​យម្យ៉ាងទៀត​ក៏​បាន​ការ​​គាំទ្រ​ពី​សមាជិក​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ និង​មានការ​សម្របសម្រួល​ពី​ក្រុមហ៊ុន​គ្រេ​ន​​ប៊ុ​ក​ឃី​ង ​ដែល​មាន​ការិយាល័យ​ធំ​នៅ​ទី​ក្រុង​​បាងកក ជា​ពិសេស​មានការ​គាំ​ទ្រ​ខ្ពស់​ពី​សំណាក់​​ប្រធាន​សមាគម​ទេសចរណ៍​ប្រចាំ​ខេត្ដ​ច័ន្ទ​​បុរី​ផង​នោះ ​ការ​រៀបចំដំណើរ​ទស្សនកិច្ច​ចំនួន​​២​លើក​​បាន​កើតឡើង​។​ ​ជាល​ទ្ធផល​​ បាន​ធ្វើ​ឱ្យ​សមាគម​ទេសចរណ៍​ប្រចាំ​ខេត្ដ​ច័ន្ទ​បុរី ផ្ដោត​អារម្មណ៍យ៉ាង​ខ្លាំង​ដោយ​បាន​សន្យា​ថា ​នឹង​ដឹក​នាំ​​ទេសចរជនជាតិ​ថៃ និង​ជនជាតិ​បរទេស​មក​កម្សាន្ដ​នៅប្រទេស​កម្ពុជា​ឱ្យ​បានកាន់តែ​ច្រើន​ផង​ដែរ​។

លោកអាង គឹមអៀង ​បន្ដ​ថា ​នៅ​ចុងខែ​សីហា​នេះ​ ប្រធាន​សមាគម​ទេសចរណ៍​ប្រចាំ​ខេត្ដ​ច័ន្ទ​បុរី​ នឹង​នាំ​ក្រុម​ហ៊ុន​ទេសចរណ៍​ថៃ​ចំនួន​៥០ ​មក​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ហើយ​ដំណើរ​​ទស្សន​កិច្ច​នេះ ​គឺ​ផ្ដោត​ទៅ​លើ​តំបន់ឆ្នេរ​សមុទ្រ​ជា​ពិសេសឆ្នេរសមុទ្រ​ខេត្ដ​ព្រះ​សីហ​នុ​។ ដោយ​ឡែក ​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំ​ងពីរ​ត្រូវ​​​ឆ្លងកាត់​តាម​ច្រកខេត្តប៉ៃលិន​និង​ខេត្ដ​ច័ន្ទ​បុរី​។ ចំពោះ​សមាគម​ទីភ្នាក់ងារទេសចរណ៍​ គ្រាន់តែ​ជា​អ្នករក​សមាជិក​ឱ្យដៃ​គូរ​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ គឺ​មាន​ន័យ​ថា ​សមាគម​គ្រាន់តែ​ជា​អ្នក​រៀបចំ​ចងក្រង​ឱ្យ​ក្រុមហ៊ុន​ទេសចរណ៍​កម្ពុជា-ថៃ​បាន​ជួប​គ្នា​ ហើយ​ក្រុមហ៊ុន​ទេស​ចរណ៍​នីមួយៗ​ គឺ​នាំ​ភ្ញៀវ​ទៅ​វិញ​ទៅ​មក​។

លោកស្រី​ អា​ភី​រ៉ា​ឌី ​ប្រធាន​សមាគម​ទេស​ចរណ៍​ប្រចាំ​ខេត្ដ​ច័ន្ទ​បុរី​បាន​មាន​ប្រសាសន៍​ ក្នុង​ជំនួប​ជាមួយលោក​អាង គឹ​ម​អៀង​ ថា ​កាលពី​ខែកក្កដា​ ឆ្នាំ២០១១​ លោកស្រី​បានទៅ​ដល់​​ក្រុង​​សៀមរាប​ម្តង​ហើយ ពេល​សួ​ររក​សមាគម​ទេសចរណ៍​នៅ​កម្ពុជា មាន​គេ​ប្រាប់​​ថា ​ពុំ​មាន​ទេ​ ប៉ុន្ដែ​ចៃដន្យ​លោកស្រី​បាន​ជួប​លោក​ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ក៏​ចាប់ផ្ដើម​​មាន​ទំនាក់​ទំនង​គ្នា​​មក​ដល់​បច្ចុប្បន្ន​។ លោកស្រី​បន្ដ​ថា ​គាត់​បាន​ឃើញ​សមាជិក​ក្រុម​​ហ៊ុ​នទេសចរណ៍​របស់​សមា​គម​ទីភ្នាក់ងារ​ទេស​ចរណ៍​មានការ​ប្រាស្រ័យ​ទាក់​ទង និង​សាមគ្គី​គ្នា​យ៉ាង​ល្អ​ប្រសើរ​ហើយ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​​ខេត្ដ​ច័ន្ទ​បុរី​ ចំនួន​២​លើក​ ដោយ​បង្កើត​ការ​ជួបជុំ​ទទួល​​អាហារ​យ៉ាង​សប្បាយ​​រីករាយ​ជាមួយ​សមាគម​ទេសចរណ៍​ប្រចាំ​​នៅ​ខេត្ដ​ច័ន្ទ​​បុរី​។ ​លោកស្រី​សន្យា​ថា នឹង​នាំ​ភ្ញៀវ​ទេសចរមក​កម្សាន្ដ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​​កាន់តែ​​ច្រើន​ថែម​ទៀត​។

ខេត្ដ​ច័ន្ទ​បុរី​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៥០​ម៉ឺន​នាក់​ ហើ​យប្រជាពលរដ្ឋ​ថៃ​ភាគច្រើន​ជា​កសិករ​ធ្វើចម្ការដំណាំហូប​ផ្លែ​មាន​ដូច​ជា សាវ​ម៉ាវ ម​ង្ឃុត ទុ​រេ​ន មៀន ​និង​ផ្លែ​ឡុ​ង​កុង​ជាដើម​។​ក្រៅពី​នេះ​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​នេះ​ធ្វើស្រែ និង​ពិសេស​បំផុត​ គឺ​ការ​ចិញ្ចឹម​បង្កង​​។​ ខេត្ដ​ច័ន្ទ​បុរី​មាន​ជ្រលង​ភ្នំ​ ជ្រោះ​​ ឆ្នេរ​សមុទ្រ​​សម្រាប់​ភ្ញៀវ​ទេសចរទៅ​កម្សាន្ដ​បាន​យ៉ាង​ល្អផង​ដែរ៕