សូមបន្តប្រយ័ត្ន! ឥទ្ធិពលព្យុះសង្ឃរាទី១៣ ឈ្មោះដូលហ្វីន ធ្វើឱ្យតំបន់វាលទំនាបមានភ្លៀង៥០% តំបន់ខ្ពង់រាបភ្លៀង៧០% និងតំបន់មាត់សមុទ្រ៦០%
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ឥទ្ធិពលព្យុះសង្ឃរាទី១៣ ឈ្មោះដូលហ្វីន បានធ្វើឱ្យតំបន់វាលទំនាបមានភ្លៀងធ្លាក់៥០% តំបន់ខ្ពង់រាបភ្លៀង៧០% និងតំបន់មាត់សមុទ្រភ្លៀងធ្លាក់៦០% ។

យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា ព្យុះសង្ឃរាទី១៣ ឈ្មោះដូលហ្វីន (Dolphin) T2613 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គោល លើឈូងសមុទ្របេងហ្គោល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដួលហ្វីន នេះទេ ។

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម៣ម៉ែត្រវិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០%។

ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៤ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក នគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០% ។

ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ ៕
ចែករំលែកព័តមាននេះ