ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន ​កោះហៅ​ព្រមានក្រុម​«​នាយ​ក្រឹប​»និង«​គ្រូ​តឿ​» ក្រោយផលិតផ្សព្វផ្សាយរឿង​មិន​សមរម្យ

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ផលិត​មាតិកា​ចំនួន ២​ក្រុម គឺ «​ក្រុម​នាយ​ក្រឹប​» និង «​ក្រុម​គ្រូ​តឿ​» ដែល​បាន​ផលិត និង​ផ្សព្វផ្សាយ​មាតិកា​មិន​សមរម្យ បំពាន​លើ​ក្រមសីលធម៌ សីលធម៌​សង្គម សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី និង​មាន​ខ្លឹមសារ​រើសអើង​ចំពោះ​អ្នកជំងឺ ព្រមទាំង​ការ​បំពាន​ផ្សេង​ៗ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​កោះហៅ​មក​អប់រំ ណែនាំ និង​ព្រមាន​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៣ និង​ទី​៤ ខែសីហា ឆ្នាំ​២០២៦ ។

តំណាង​ក្រុម​អ្នក​ផលិត​មាតិកា​ទាំង​ពីរ បាន​ទទួលស្គាល់​កំហុស សុំ​អភ័យទោស​ចំពោះ​សាធារណជន និង​បាន​ធ្វើ​កិច្ចសន្យា​ថា នឹង​លុប​បំបាត់​ខ្លឹមសារ​មិន​សមរម្យ និង​មិន​ប្រព្រឹត្ត​កំហុស​ដដែល​នេះ​ជា​ថ្មី​ទៀត​ឡើយ ។

ក្រសួង​ព័ត៌មាន នឹង​បន្ត​តាមដាន​សកម្មភាព​របស់​ក្រុម​អ្នក​ផលិត​មាតិកា​ទាំង​ពីរ​នេះ រួម​នឹង​ក្រុម​ផ្សេង​ៗ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ក្នុង​ករណី​មានការ​បំពាន​កើត​ឡើងជា​ថ្មី ក្រសួង​នឹង​ចាត់វិធានការ​សម​ស្រប​ទៅ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ដោយ​មិន​មានការ​លើកលែង​ឡើយ ។

ក្រសួង​ព័ត៌មាន សូម​អំពាវនាវ​ដល់​សាធារណជន អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​តាមដាន និង​រាយការណ៍​អំពី​មាតិកា​ដែល​បំពាន​ច្បាប់ ក្រមសីលធម៌ សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល និង​តម្លៃសង្គម ដើម្បី​រួម​គ្នា​កសាង​បរិយាកាស​ព័ត៌មាន​ប្រកបដោយ​ការ​ទទួលខុសត្រូវ សីលធម៌ និង​សុវត្ថិភាព​សម្រាប់​សង្គម​ទាំងមូល ។

ទន្ទឹម​នឹង​នេះ ក្រសួង​ព័ត៌មាន​ក៏​សូម​អំពាវនាវ​ដល់​អ្នក​ផលិត​មាតិកា​គ្រប់​ប្រភេទ អ្នក​បង្កើត​មាតិកា​ឌី​ជី​ថ​ល អ្នកមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម (Content Creators/Influencers) និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ គោរព​ច្បាប់ គោរព​សេចក្តី​ថ្លៃថ្នូរ សិទ្ធិ និង​តម្លៃ​របស់​បុគ្គល ព្រមទាំង​ចៀសវាង​ការ​ផលិត ឬ​ផ្សព្វផ្សាយ​មាតិកា ដែល​មាន​លក្ខណៈ​រើសអើង បង្ក​ការ​ស្អប់ខ្ពើម បន្ទាបបន្ថោក ប្រមាថ ឬ​រំលោភ​បំពាន​លើ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល ឬ​ក្រុម​ណាមួយ ជា​ពិសេស​ស្ត្រី កុមារ ជន​មាន​ពិការ​ភាព អ្នកជំងឺ និង​ក្រុម​ងាយ​រង​គ្រោះ​ផ្សេង​ៗ​។ ការ​ផលិត​មាតិកា​ប្រកបដោយ​ការ​ទទួលខុសត្រូវ សីលធម៌ និង​ការ​គោរព​តម្លៃ​មនុស្ស គឺជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​កសាង​បរិយាកាស​ព័ត៌មាន​ដែល​មានគុណ​ភាព និង​សង្គម​ឌី​ជី​ថ​ល​ប្រកបដោយ​សុវត្ថិភាព និង​អរិយធម៌ ៕