រាជធានីភ្នំពេញ ៖ ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ មួយគ្រឿង នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយគេចខ្លួនបានតែ៦ថ្ងៃ ។
ជនសង្ស័យរូបនោះ រួមមាន ៖
១. ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
២. ឈ្មោះ បាន ម៉េងហ័រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ (មានសារធាតុញៀន)។
និង៣. ឈ្មោះ សុធារិន វីរុន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (មានសារធាតុញៀន) ។
តាមនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដករហូតវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូម៉ាក SUZUKI NEX ពណ៌សមួយគ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ