ក្រៅពីជំងឺគ្រុនឈាម ដែលជាជំងឺឆ្លងរីករាលដាលប្រចាំរដូវ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យក្រុមគ្រូពេទ្យកម្ពុជា យកចិត្តទុកដាក់ជំងឺ យ៉ាងហោចណាស់៤ប្រភេទទៀត ។

នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី០៣ ខែសីហា លោក រដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការផលិតសារអប់រំ និងវីដេអូអប់រំសុខភាព ដើម្បីបង្កើនជាចំណេះដឹងសុខភាពសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសជំងឺឆ្លង និងជំងឺមិនឆ្លងនានា រួមមានជំងឺមហារីក សរសៃឈាមបេះដូង ជំងឺឡើងសម្ពាធឈាម សុខភាពមាត់ធ្មេញជាដើម រួមទាំងវិធានការល្អៗនានាអំពីការថែរក្សាសុខភាព ។

លោករដ្ឋមន្ត្រីក៏បាន ណែនាំឲ្យក្រុមគ្រូពេទ្យត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយបង្កើនសកម្មភាពជាប្រចាំ កម្ចាត់ជម្រាកមូស បាញ់ថ្នាំមូស ដាក់ថ្នាំអាបែត និងបន្តការអប់រំផ្សព្វផ្សាយសុខភាព ពីការការពារខ្លួនពីជំងឺគ្រុនឈាម និងស្វែងរកសេវាសុខាភិបាលដែលនៅជិតផ្ទះបំផុតឱ្យបានទាន់ពេលវេលា ករណីសង្ស័យមានជំងឺគ្រុនឈាម ។
ក្រៅពីនោះលោកបានណែនាំត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ករណីជំងឺឆ្លងនានា ដែលនៅតែអាចមានហានិភ័យសុខភាពសាធារណៈ ។

ចែករំលែកព័តមាននេះ