ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​គ្រោង​ដំឡើង​ពន្ធ​លើ​អ្នកមាន​ផ្ទះ​ច្រើន និង​តម្លៃ​ថ្លៃ ដើម្បី​រក្សា​លំនឹង​ទីផ្សារ​អចលនទ្រព្យ

1 អាទិត្យ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ស្នើ​ឡើង​នូវ​ការ​ផ្លាស់​ប្តូរ​ពន្ធ​លើ​អចលនទ្រព្យ ដោយ​នឹង​តម្រូវ​ឱ្យ​ម្ចាស់​អចលនទ្រព្យ​ច្រើន​ខ្នង និង​មាន​តម្លៃ​ថ្លៃ បង់ពន្ធ​ខ្ពស់​ជាង​មុន ដើម្បី​រក្សា​លំនឹង​ទីផ្សារ​អចលនទ្រព្យ​ដែល​ឡើងថ្លៃ​ខ្លាំង​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ការ​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​បិទទ្វារ​មួយ ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី លី ជេ​ម្យុ​ង (Lee Jae Myung) ដែល​ក្នុង​នោះ​ទីផ្សារ​ភាគហ៊ុន និង​ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​ត្រូវ​បាន​លើកយក​មក​ពិភាក្សា ខណៈ​ពេល​រដ្ឋាភិបាល​ព្យាយាម​បន្ធូរបន្ថយ​កំហឹង​សាធារណៈ​ជុំវិញ​បញ្ហា​តម្លៃ​ផ្ទះ​ឡើង​ខ្ពស់ និង​ទីផ្សារ​ភាគហ៊ុន​ដែល​មិន​ស្ថិតស្ថេរ​។

តាម​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក គូ យុន​ឆុ​ល (Koo Yun-cheol) បាន​ថ្លែង​ដូច្នេះ​ថា «​យើង​នឹង​កែទម្រង់​ពន្ធដារ​លើ​វិស័យ​អចលនទ្រព្យ​ឱ្យ​មាន​លក្ខណៈ​សម​ស្រប ដើម្បី​បង្កើត​ទីផ្សារ​លំនៅ​ឋាន​ដែល​ផ្ដោត​លើ​ការ​រស់នៅ​ពិតប្រាកដ ក្រោម​គោលការណ៍​ថា ផ្ទះ​គឺជា​កន្លែង​សម្រាប់​រស់នៅ មិនមែន​សម្រាប់​ទិញ​ដូរ រកស៊ី នោះ​ទេ​»​។

នៅ​ក្នុង​ចំណោម​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ដែល​ដាក់​បញ្ចូល​ក្នុង​ការ​កែសម្រួល​ក្រម​ពន្ធ​ប្រចាំឆ្នាំ ដែល​បាន​ប្រកាស​កាលពី​ថ្មី​ៗ​នេះ ក្រសួង​ហិរញ្ញវត្ថុ​បាន​ស្នើ​កម្រិត​លើកលែង​ពន្ធ​ទៅ​លើ​អចលនទ្រព្យ​សម្រាប់​អ្នកមាន​ផ្ទះ​តែ ១ ហើយ​រស់នៅ​ក្នុងផ្ទះ​នោះ​ផ្ទាល់​ផង​ដែរ​។ ក្រសួង​ក៏​បាន​ស្នើ​ដំឡើង​អត្រាពន្ធ​លើ​ការ​កាន់កាប់​អចលនទ្រព្យ​រហូត​ដល់​ទៅ ២,៣ % ដោយ​ផ្អែក​លើ​តម្លៃ​ផ្ទះ និង​ការ​ផ្លាស់​ប្តូរ​ក្រម​ពន្ធ (​ច្បាប់​ស្តី​ពី​សារពើពន្ធ​) ផ្សេង​ទៀត ដែល​បង្កើន​បន្ទុក​ពន្ធ​លើ​អ្នក​ដែល​មានផ្ទះ​ច្រើន និង​ផ្ទះ​មាន​តម្លៃ​ថ្លៃ​។

លោក គូ បាន​បញ្ជាក់​ថា សម្រាប់​គ្រួសារ​មានផ្ទះ​តែ ១ បន្ទុក​ពន្ធ​នឹង​ថយ​ចុះ បើ​ផ្ទះ​នោះ​មាន​តម្លៃ​ក្រោម ៣ ពាន់​លាន​វ៉ុ​ន (២,១ លាន​ដុល្លារ​អា​មេ​រិ​ក​)​។ ប៉ុន្តែ​ចាប់ពី ៣ ពាន់​លាន ទៅ ៤ ពាន់​លាន​វ៉ុ​ន ពន្ធ​នឹង​ត្រូវ​ដំឡើង​តាម​លំដាប់លំដោយ ហើយ​ប្រព័ន្ធ​ពន្ធ​នឹង​ត្រូវ​រៀបចំ​ឱ្យ​មាន​លក្ខណៈ​ធម្មតា និង​សម​ស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​ជាក់ស្តែង សម្រាប់​ផ្ទះ​មាន​តម្លៃ​ចន្លោះ​ពី ៤ ពាន់​លាន ទៅ ៥ ពាន់​លាន​វ៉ុ​ន​។

ធនាគារកណ្តាល​ប្រទេស​កូរ៉េ (Bank of Korea) ដែល​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​អំពី​កំណត់​ត្រា​ប្រាក់​ចំណេញ​ក្នុង​ឧស្សាហកម្ម​បន្ទះ​ឈី​ប ដែល​នាំ​ឱ្យ​មាន​អតិផរណា​ខ្ពស់ និង​តម្លៃ​ផ្ទះ​ឡើងថ្លៃ​នោះ បាន​ដំឡើង​អត្រា​ការ​ប្រាក់ កាលពី​ខែ​មុន​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លះ និង​បាន​បង្ហាញ​សញ្ញា​ថា​មានការ​ដំឡើង​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​។

ក្នុង​ចំណោម​សំណើ​កែទម្រង់​ក្រម​ពន្ធ​ផ្សេង​ទៀត ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​គ្រោង​នឹង​ដាក់​បញ្ចូល​ការ​លើកលែង​ពន្ធ​លើ​ការ​ផលិត​ក្នុងស្រុក​សម្រាប់​ការ​លក់​ក្នុង​ស្រុកលើ​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពលខ្យល់ អា​គុយ​ដែល​អាច​សាក​ថ្ម​បាន ឧបករណ៍​បន្ទះ​ឈី​ប (Semiconductors) សម្ភារៈ​សំខាន់​ៗ និង​មនុស្ស​យន្ត​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ដោយ​ក្រសួង​មាន​ផែនការ​ដាក់​ស្នើ​សំណើ​នេះ​ទៅ​កាន់​សភា​ត្រឹម​ថ្ងៃ​ទី ៣ ខែកញ្ញា​៕