សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការរស់នៅបានយូរ និងមានសុខភាពល្អ មិនមែនពឹងផ្អែកតែលើរបបអាហារ ឬកត្តាហ្សែនប៉ុណ្ណោះទេ ប៉ុន្តែទម្លាប់ធ្វើចលនារាងកាយជាប្រចាំ ក៏ជាកត្តាសំខាន់មួយផងដែរ។
ការសិក្សាលើមនុស្សដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ បានរកឃើញថា ចំណុចរួមរបស់ពួកគេ គឺការរក្សាទម្លាប់ហាត់ប្រាណ និងធ្វើសកម្មភាពរាងកាយជាប្រចាំ។ ក្នុងចំណោមនោះ ការដើរ គឺជាលំហាត់ប្រាណសាមញ្ញដែលមនុស្សជាច្រើនអនុវត្តជារៀងរាល់ថ្ងៃ។
អ្នកជំនាញបញ្ជាក់ថា ការដើរមិនត្រឹមតែជួយឱ្យរាងកាយមានចលនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងបេះដូង ធ្វើឱ្យសរសៃឈាមមានសុខភាពល្អ កាត់បន្ថយភាពតានតឹង និងជួយរក្សាសមត្ថភាពខួរក្បាលនៅពេលវ័យកាន់តែច្រើន។
លើសពីនេះ ការដើរជាប្រចាំក៏អាចជួយគ្រប់គ្រងទម្ងន់ កាត់បន្ថយការរលាកក្នុងរាងកាយ និងជួយឱ្យប្រព័ន្ធសរីរាង្គដំណើរការបានប្រសើរឡើង។
ទោះជាយ៉ាងណា អ្នកដែលចង់មានសុខភាពល្អរយៈពេលវែង មិនគួរពឹងផ្អែកតែលើការដើរមួយមុខទេ។ អ្នកជំនាញណែនាំឱ្យបន្ថែមលំហាត់ពង្រឹងសាច់ដុំ ដូចជាលើកទម្ងន់ស្រាល ឬហាត់កម្លាំងសាច់ដុំប្រហែល ២ ដងក្នុងមួយសប្តាហ៍ ដើម្បីរក្សាកម្លាំង និងការរក្សាលំនឹងរបស់រាងកាយ ជាពិសេសនៅពេលអាយុកាន់តែច្រើន។
សម្រាប់អ្នកដែលចង់ទទួលបានប្រយោជន៍ពីការដើរ គួរដើរក្នុងល្បឿនសមរម្យប្រហែល ៣០–៤៥ នាទីក្នុងមួយថ្ងៃ រក្សាឥរិយាបថឱ្យត្រង់ ពាក់ស្បែកជើងដែលមានផាសុកភាព និងអាចចាប់ផ្តើមពីរយៈពេលខ្លី ប្រសិនបើមិនធ្លាប់ហាត់ប្រាណ។
ក្រៅពីការដើរ សកម្មភាពផ្សេងៗដូចជា ហែលទឹក ជិះកង់ រត់ស្រាល វាយសី យូហ្គា និងតៃជី ក៏អាចជួយពង្រឹងសុខភាព និងបង្កើនគុណភាពជីវិតបានដែរ។
សរុបមក ការរក្សាចលនារាងកាយជាប្រចាំ មិនចាំបាច់ត្រូវការលំហាត់ប្រាណខ្លាំង ឬស្មុគស្មាញឡើយ។ ទម្លាប់សាមញ្ញដូចជា ការដើររាល់ថ្ងៃ អាចជួយឱ្យរាងកាយរឹងមាំ បេះដូងល្អ ខួរក្បាលស្រស់ថ្លា និងរួមចំណែកដល់ការរស់នៅបានយូរជាងមុន៕
ចែករំលែកព័តមាននេះ