ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​គេង​ក្រោយ​ម៉ោង ១១​យប់​ជា​ប្រចាំ អាច​ធ្វើ​ឱ្យ​តម្រង​នោម​​ចុះ​ខ្សោយ​លឿន

1 អាទិត្យ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ចូល​គេង​យប់​ជ្រៅ​ជា​ប្រចាំ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អស់កម្លាំង និង​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម​ផង​ដែរ ជា​ពិសេស​ប្រសិនបើ​វា​ក្លាយជា​ទម្លាប់​រយៈពេល​វែង​។

អ្នកជំនាញ​ពន្យល់​ថា តម្រងនោម​ធ្វើការ​ចម្រោះ​ឈាម​ពេញ ២៤​ម៉ោង ប៉ុន្តែ​ដំណាក់​កាលដែល​រាង​កាយ​ជួសជុល និង​ស្តារ​កោសិកា​តម្រងនោម​បាន​ល្អ​បំផុត គឺ​នៅ​ពេល​គេង​លក់​ស្កប់ ជា​ពិសេស​ចន្លោះ​ម៉ោង ១១​យប់ ដល់ ៣​ទៀប​ភ្លឺ​។

ដូច្នេះ ការ​ចូល​គេង​ក្រោយ​ម៉ោង ១១​យប់​ជា​ញឹកញាប់ អាច​រំខាន​ដល់​ដំណើរការ​ស្តារ​តម្រងនោម បង្ក​ឱ្យ​អ័រម៉ូន ចង្វាក់​ជីវសាស្ត្រ និង​សម្ពាធ​ឈាម​ប្រែប្រួល ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​តម្រងនោម​ក្នុង​រយៈពេល​វែង​។

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា អ្នក​ដែល​ចូល​គេង​ក្រោយ​ម៉ោង ១១​យប់​ជា​ប្រចាំ និង​គេង​តិច​ជាង ៦​ម៉ោង​ក្នុង​មួយ​យប់ មាន​ហានិភ័យ​ខ្ពស់​ជាង​ក្នុង​ការ​កើត​បញ្ហា​តម្រងនោម ដូច​ជា ការ​លេច​ប្រូតេអ៊ីន​ក្នុង​ទឹកនោម ការ​ថយ​ចុះ​មុខងារ​តម្រងនោម​រ៉ាំរ៉ៃ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​។

ការ​ស្រាវជ្រាវ​មួយ​ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​គេង​តិច​ជាង ៦​ម៉ោង​ក្នុង​មួយ​យប់ មាន​អត្រា​ថយ​ចុះ​នៃ​មុខងារ​ចម្រោះ​ឈាម​របស់​តម្រងនោម​លឿន​ជាង​អ្នក​ដែល​គេង​ចន្លោះ​ពី ៧ ទៅ ៨​ម៉ោង​។

ដោយសារ​តម្រងនោម​ជា​សរីរាង្គ​ដែល​មិនសូវ​បង្ហាញ​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង អ្នកជំនាញ​ណែនាំ​ឱ្យ​ចូល​គេង​មុន​ម៉ោង ១១​យប់ គេង​ឱ្យ​បាន ៧ ទៅ ៨​ម៉ោង​ក្នុង​មួយ​យប់ និង​រក្សា​ទម្លាប់​រស់នៅ​មាន​សុខភាព​ល្អ ដើម្បី​ជួយ​ការពារ​តម្រងនោម និង​សុខភាព​ទូទៅ​ក្នុង​រយៈពេល​វែង​៕