ចាប់បានហើយ! អ្នកបើកឡានបែនដឹកដីបុ.ករះ ស្លា.ប់៣នាក់នៅអង្គស្នួល គឺជាចោរលួ.ចឡាន និងជាមុខសញ្ញាប្រើថ្នាំញៀ.ន
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យធ្វើការឃាត់ខ្លួន ខណៈដែលធ្វើសកម្មភាពលួចរថយន្តរបស់ជនរងគ្រោះបានសម្រេចហើយព្យាយាមបើករត់គេចខ្លួន ហើយទៅបង្កគ្រោះថ្នាក់ចរាចរណ៍បុករះម៉ូតូនិងបុកចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ គួររំលឹកថា ស្លា.ប់ ៣នាក់ ក្នុងករណីឡានបែនដឹកដីបុ.ក រះម៉ូតូ និងម៉ូតូរ៉ឺម៉ក បន្តបុ.កចូលផ្ទះ ២ខ្នង នៅស្រុកអង្គស្នួល កាលព្រឹកមិញ
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង៤និង៥៥នាទីទាបភ្លឺ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្ម(ចោរបានធ្វើសកម្មភាពលួចឡានបែនដឹកដី) មួយកើតឡើងដែលបង្កឡើង ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចូលលួចបើកឡាន១គ្រឿង ម៉ាកនីសាន់(NISSAN) ពណ៌សរ ដែលជនរងគ្រោះបានទុកឡាននៅខាងជើងផ្ទះ ហើយបានបើកចេញទៅសំដៅផ្លូវជាតិលេខ៥១បាត់ទៅ។ ក្រោយកើតហេតុ ជនសង្ស័យខាងលើបានបន្សល់ទុកវត្ថុតាងនៅនិងកន្លែងកើតហេតុរួមមាន ម៉ូតូ១គ្រឿង កន្ត្រៃ១ដើម កាំបិត១ដើម និងដែកជ្រុង១ដើម ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះ ម្ចាស់រថយន្តមានឈ្មោះ សុខ វិថី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមកកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំភ្នំតូច នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានម្នាក់មានឈ្មោះ ថា គើវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ ហើយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម លួចយកឡានបែនខាងលើ បើកចេញសំដៅឡើងទៅលើផ្លូវជាតិលេខ៥១ ហើយបើកក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏បានបើកបុករះម៉ូតូចូលទៅក្នុងផ្ទះរបស់គេ ហើយបានចុះពីលើឡានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាចំពោះជនសង្ស័យខាងលើជាមនុស្សប្រើប្រាស់សារធាតុញៀនខុសច្បាប់។ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកPGX POPZ ពណ៌សរ,កន្ត្រៃ១ដើម,កាំបិត១ដើម,ដែកជ្រុង១ដើម ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបញ្ជាក់បន្ថែមទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕









ចែករំលែកព័តមាននេះ