ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តប្រយ័ត្នបងប្អូន ! ឥទ្ធិពលព្យុះដូ​ល​ហ្វី​ន នៅតែធ្វើឱ្យកម្ពុជាមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ៣ថ្ងៃជាប់គ្នា

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងធនធានទឹក ៖ កម្ពុជានៅតែបន្តរងឥទ្ធិពលព្យុះ «ដូលហ្វីន» បណ្តាលឱ្យមានភ្លៀងនិងខ្យល់កន្ត្រាក់ តែមិនស្ថិតក្នុងផ្លូវដើរផ្ទាល់ឡើយ ។

រូបតំណាង

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា​នេះ​ថា ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៦ ព្យុះសង្ឃរា​ទី​១៣ ឈ្មោះ ដូ​ល​ហ្វី​ន (Dolphin) T2613 នៅ​តែ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ ដូ​ល​ហ្វី​ន នេះ​ទេ ។

រូបតំណាង

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៦៖

ក​. តំបន់​វាលរាប ៖ សីតុណ្ហភាព​អប្បបរមា​មាន​២៥°C និង​សីតុណ្ហភាព​អតិបរមា​អាច​កើនឡើង​ដល់ ៣៦°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិស​ពាយព្យ ក្នុង​ល្បឿន​មធ្យម ៣ ម៉ែត្រ​/​វិនាទី ។ ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, ពោធិ៍សាត់​, កំពង់ឆ្នាំង​, សៀមរាប​, កំពង់ធំ​, កំពង់ចាម​, ត្បូងឃ្មុំ​, ព្រៃវែង​, ស្វាយ​រៀង​, តាកែវ​, កណ្តាល និង​រាជធានី​ភ្នំពេញ​។
ព្យាករណ៍​ទឹកភ្លៀង ៖ អាច​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៥០%​។

រូបតំណាង

ខ​. តំបន់​ខ្ពង់រាប ៖ មាន​សីតុណ្ហភាព​អប្បបរមា​មាន ២៤°C និង​សីតុណ្ហភាព​អតិបរមា​អាច​ឡើង​ដល់ ៣៥°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម ក្នុង​ល្បឿន​មធ្យម ៤ ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ​, ប៉ៃលិន​, ឧត្តរមានជ័យ​, ព្រះ​វិហារ​, ក្រចេះ​, ស្ទឹង​ត្រែង​, រតនគិរី​, មណ្ឌលគិរី ព្រមទាំង​តំបន់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ ។ អាច​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៣០%​។

គ​. តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា​មាន ២៥°C និង​សីតុណ្ហភាព​អតិបរមា ៣៥°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍ ក្នុង​ល្បឿន​មធ្យម ២ ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង​, ព្រះ​សីហ​នុ​, កំពត​, កែប និង​តំបន់​ជួរ​ភ្នំ​បូកគោ ។ អាច​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​៤០%​។

ដោយឡែក​កម្ពស់​រលក​សមុទ្រ​មធ្យម​អប្បបរមា ០,៥០ ម៉ែត្រ និង​កម្ពស់​រលក​សមុទ្រ​មធ្យម​អតិបរមា​អាច​ឡើង​ដល់ ១,៧៥ ម៉ែត្រ ៕