បុរសម្នាក់ជិះម៉ូតូធំចូលផ្ទះលក់ចាប់ហួយ ត្រូវគេដេញតាមបម្រុងចាប់ ដោយចោទថាជាចោរឆ.ក់ពីម្តុំផ្សារដើមថ្កូវ ដល់ចាក់អង្រែក្រោម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូធន់ធំចូលទៅដល់ក្នុងផ្ទះលក់ចាហួយរបស់ពលរដ្ឋ ក៍មានមនុស្សមួយក្រុមជិះម៉ូតូ២គ្រឿង បានមកបំរុងចាប់បុរសរូបនេះ ដោយនិយាយថា បុរសរូបនេះជាចោរឆក់ទូរស័ព្ទគេ តាមពីម្តុំផ្សារដើមថ្កូវ បន្ទាប់ពីនិយាយរួច ក្រុមទាំងនោះ ក៍ជិះចេញទៅបាត់អស់ ។ បន្ទាប់មក បុរសរូបនេះ រួមទាំងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះមកនាំយកទៅកាន់ប៉ុស្តិ៍នគរបាល ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅចំនុចផ្ទះលក់ចាហួយមួយកន្លែង ជិតស្ថានីយប្រេងឥន្ធនៈកាល់តិច ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ជាម្ចាស់ផ្ទះ កំពុងតែអង្គុយលក់ដូរដូចសព្វដង ខណៈពេលនោះ មិនដឹងថាមានរឿងអ្វី ក៍ស្រាប់តែបុរសម្នាក់ បានជិះម៉ូតូធន់ធំ ម៉ាក CRF ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1MF 0443 ជិះចូលទៅដល់ក្នុងផ្ទះរបស់ពួកគាត់តែម្ដង តែសំណាងមិនខូចខាតរបស់របរអ្វីនោះទេ ។
ប្រភពបន្តទៀតថា បន្ទាប់ពីបុរសរូបនោះជិះចូលក្នុងផ្ទះហើយ ក៍មានមនុស្សមួយក្រុមជិះម៉ូតូ២គ្រឿង បានមកបំរុងចាប់បុរសខាងលើ ហើយនិយាយថា បុរសរូបនោះជាចោរឆក់ទូរស័ព្ទគេ តាមពីម្តុំផ្សារដើមថ្កូវ មក និយាយរួចក្រុមទាំងនោះ ក៍ជិះចេញទៅបាត់អស់ទៅ ។
ករណីនេះផងដែរ បន្តិចក្រោយមក ពលរដ្ឋបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន អោយចុះទៅកន្លែងកើតហេតុ សួរនាំម្ចាស់ផ្ទះ ដោយមិនបានប្តឹងប្តល់អ្វីនោះទេ ហើយក៍អត់មានខូចខាតទ្រព្យសម្បត្តិឬសំភារៈអ្វីនោះដែរ តែបុរសខាងលើ រួមទាំងម៉ូតូ ត្រូវសមត្ថកិច្ចនាំយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋចាក់អង្រែក្រោម ៕













ចែករំលែកព័តមាននេះ