ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទគោក​ចក និងប្រតិភូ​រដ្ឋបាល​ក្រុង ​សង្កាត់ ​នាំ​យក​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ជូន​ដល់​វី​រៈ​កងទ័ព​ជួរ​មុខ​៤​គោលដៅ

2 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​ចុង​ស​ប្តា​ហ៍ ថ្ងៃ​ទី​០១ ខែ សីហា ឆ្នាំ​២០២៦ ព្រះ​វិចិត្រ​វង្សា ហែម គឹ​ម​សាន ញាតិ​ធ​ម្មោ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទ គោក​ចក​និង​ជាទី​ប្រឹក្សា​ពុទ្ធិក សមាគម​កម្ពុជ រដ្ឋ​អមដំណើរ​ដោយ​លោកស្រី មឿង សុ​ផល្លា ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀមរាប លោក លោកស្រី មន្ត្រី​រដ្ឋបាល​ក្រុង ចៅ សង្កាត់ រួម​ទាំង និង ពុទ្ធបរិស័ទ បាន​និមន្ត និង អញ្ជើញ​នាំ​យក​ទេយ្យទាន គ្រឿង​ឧ​ប ភោគ​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់ ជូន​ដល់​បងប្អូន​វី​រៈ​កងទ័ព​ជួរ​មុខ ឈរជើង​នៅ​៤ គោល ដៅ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ។

ក្នុង​នោះ​ដែរ​ព្រះ​វិចិត្រ​វង្សា ហែម គឹ​ម​សាន បាន​មាន​ថេរ​ដីកា​ថា សកម្មភាព​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នេះ ធ្វើ​ឡើង​ក្រោម​ទឹកចិត្ត​(​សមរភូមិ​ក្រោយ​ផ្សា​ភ្ជាប់​សមរភូមិ​មុខ​) ដើម្បី​ជួយ​សម្រាល​ការ​លំបាក​និង​ជា​ការ​ដឹងគុណ​ចំពោះ​វីរភាព​របស់​កងទ័ព ដែល​បាន​លះបង់​កម្លាំង កាយ​ចិត្ត​ហាលខ្យល់​ហាលភ្លៀង យាមល្បាត​ការពារ​បូរណភាព​ទឹកដី​យ៉ាង​អង់អាច​ក្លាហាន ។ ព្រះ​វិចិត្រ​វង្សា​បាន​បន្ត​ទៀត​ថា ទោះបី​ព្រះ សង្ឃ​គង់នៅ​វត្ត​អារាម និង ញាតិ​ញោម​នៅ​សមរភូមិ​ក្រោយ​ក៏​ពិតមែន ប៉ុន្តែ​បេះដូង និង​ស្មារតី​របស់​ព្រះសង្ឃ និង ញាតិ​ញោម​ពុទ្ធ​បរិ ស័​ទ គឺ​តែងតែ​នៅ​ជាប់​ជាមួយ​បងប្អូន​វី​រៈ​កង ទ័ព​ជួរ​មុខជា​និច្ច ។ ការ​នាំ​យក ស្បៀងអាហារ​មក​នា​ពេល​នេះ​គឺ​ដើម្បី​បង្ហាញ ថា កងទ័ព​យើង​មិន​នៅ​ឯកោ​ឡើយ មាតុភូមិ​ទាំងមូល​នៅ​ពីក្រោយ​ខ្នង​បងប្អូន​ជា​និច្ច ។ ព្រះ​វិចិត្រ​វង្សា ហែម គឹ​ម​សាន ក៏​មាន​ថេរ​ដីកា​បញ្ជាក់​ថា ក្នុងថ្ងៃនេះ ក្រុម​ប្រតិភូ​មក​ពី​ក្រុង​សៀមរាប បាន​នាំ​យក​នូវ គ្រឿង​ឧបភោគ បរិភោគ និង សម្ភារៈ ចំនួន​១៣​មុខ ផ្តល់​ជូន​ដល់​វី​រៈ​កងទ័ព​ជួរ​មុខ ដែល​បាន​ឈរជើង​ការ ពារ​បូរណភាព ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន ៤ គោលដៅ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ។ ម្យ៉ាងទៀត​អំណោយ​ជា​ទេយ្យទាន គ្រឿង​ឧ​ប ភោគ​បរិភោគ​និង​សម្ភារៈ​ប្រើប្រាស់​ទាំងនេះ ជា​ការ​ចូលរួម​ចំណែក​ដោយ​សេចក្ដី​ជ្រះថ្លា​ចេញពី​បេះដូង​របស់​ព្រះសង្ឃ និង អាជ្ញាធរ​ក្រុង​សៀមរាប អាជ្ញាធរ​សង្កាត់​គោក ចក សង្កាត់​ស្រ​ង៉ែ សង្កាត់​សាលា​កំរើក សង្កាត់​ស្ល​ក្រាម និង សប្បុរសជន ក្រុង ខេត្តសៀមរាប ។

ក្នុង​នោះ​ដែរ លោកស្រី ឈិ​ន សា​វី ចៅ សង្កាត់​គោក​ចក និង លោកស្រី មឿង សុ​ផល្លា ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ទាំងនេះ​គឺ​បាន​មក​ពី​ការ​អំពាវនាវ​និង​កៀរគរ​របស់​អាជ្ញា ធរ​សង្កាត់ ចំពោះ​សប្បុរសជន និង បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដែល​បាន​ចូល រួម​តាម​រយៈ​អាជ្ញាធរ​សង្កាត់​ហើយ​ក៏​ជា​ទឹកចិត្ត​សប្បុរសធម៌​ក្នុង​ស្មារតី​ចែករំលែក​របស់​សប្បុរសជន ដែល​បាន​បរិច្ចាគ​ដោយ ស្ម័គ្រ ចិត្ត ហើយ​ទោះបីជា​គ្រឿង​ឧបភោគ បរិភោគ​ទាំងនេះ​មាន​ចំនួន​មិន​ច្រើន​លើសលប់ ប៉ុន្តែ​វា​ជា​សក្ខីកម្ម​បញ្ជាក់​ពី​សាមគ្គីភាព និង ជា​កម្លាំងចិត្ត​ដ៏​កក់ក្ដៅ ជូន​ដល់​កងកម្លាំង​ជួរ​មុខ​របស់​យើង​ឱ្យ​បន្ត​ស្មារតី​ស្នេហា​ជាតិ​ដ៏​រឹង​មាំ​តទៅ​មុខ​ទៀត​។​លោកស្រី​បន្ត​ថា សាមគ្គីភាព រវាង​សមរភូមិ​ក្រោយ  ​និង សមរភូមិ​មុខ​គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង ការ​គាំទ្រ​ផ្នែក​ស្មារតី​យ៉ាង​រឹង​មាំ​ពី​សំណាក់​ព្រះសង្ឃ អាជ្ញាធរ​មូលដ្ឋាន ផ្ញើ​ជូន​ទៅ​ដល់​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី ។

ក្នុង​នោះ​ដែរ​តំណាង​វី​រៈ​កងទ័ព​បាន​សម្តែង​នូវ​សេចក្តី​ត្រេកអរ និង ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ព្រះសង្ឃ អាជ្ញាធរ​ក្រុង​សៀមរាប និង​ពុទ្ធបរិស័ទ​ខេត្តសៀមរាប ដែល​មានទឹក ចិត្ត​និង​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​នេះ​មិន​ត្រឹម តែ​ជា​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ស្បៀងអាហារ​ប៉ុណ្ណោះ​ទេ​ក៏​បាន​ផ្តល់​(​ឱសថ​ផ្លូវចិត្ត​)​ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​ធ្វើ​ឱ្យ​បងប្អូន​វី​រៈ​កងទ័ព​ជួរ​មុខ​កាន់តែ​មាន​កម្លាំងចិត្ត និង​ស្មារតី​រឹង​មាំ ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ​របស់​ខ្លួន ។

ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​វប្បធម៌​នៃ​ការ​ចែករំលែក ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ​ដែល​ជាម​ហា​សាមគ្គីភាព​ជាតិ​ដ៏​រឹង​មាំ​របស់​ប្រជាជាតិ​ខ្មែរ ដែល​មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ទាំង​ពុទ្ធចក្រ និង អាណាចក្រ តែងតែ​ដើរ​ទន្ទឹម​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បុព្វ ហេតុ​ជាតិ​មាតុភូមិ​តែ​មួយ ៕