ស្លា.ប់បុរស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុ.កម៉ូតូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរស២នាក់ ខណៈកំពុងតែជិះម៉ូតូហុងដា ឌ្រីម ធ្វើដំណើរតាមផ្លូវ ក៍ត្រូវរថយន្តធន់ធំបើកបុក ហើយកិនជនរងគ្រោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំង២នាក់ យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ រថយន្តបើករត់គេចបាត់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៦ ទល់មុខ បុរី NH តាម បណ្ដោយ ផ្លូវ ១០៤ ភូមិក្រាំងត្រូច ១០៤ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
សពបុរសអ្នកបើកម៉ូតូ មិនស្គាល់អត្តសញ្ញាណ (ស្លាប់នៅកន្លែងកើតហេតុ )។ ចំនែកសពបុរសជាអ្នករួមដំណើរឈ្មោះ ខន ខី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ)។
តាម ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មិនមានស្លាកលេខ បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ១០៤ ទិសដៅពីលិចទៅកើត លុះ មកដល់ចំនុចកើតហេតុ ផ្លូវងងឹតផងនោះ ក៍ស្រាប់តែមានរថយន្តធន់ធំ មិនស្គាល់ម៉ាកបើកមកស្របទិសគ្នា ក៍ជ្រុលទៅបុក និងម៉ូតូពីក្រោយ បណ្តាលឲ្យជនរងគ្រោះដួលរណូករណែល នៅលើផ្លូវ ហើយគាប់ជួន ពេលនោះក៍មានរថយន្តប្រភេទបែនធន់ធំមួយគ្រឿងទៀត ក៍បើកជ្រុលទៅកិនពីលើជនរងគ្រោះថ្នាក់បន្ថែមទៀត បណ្តាលឲ្យអ្នកទាំង២បែកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័មនៅកណ្ដាលផ្លូវតែម្ដង ។
ករណីនេះរថយន្តបង្កបានបើក រត់គេចបាត់ស្រមោល ដោយតែផ្លូវទីនោះងងឹត ហើយស្ងាត់មិនមានអ្នកដេញតាម ហើយឃើញភិន ភាគរថយន្ដច្បាស់លាស់នោះទេ ។
ហេតុការណ៍នេះបន្តិច ក្រោយមកក៍មានសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកន្លែងកើតហេតុ និងធ្វើ ការស្រាវជ្រាវរកសាច់ញាតិរបស់ជនរងគ្រោះ ដោយមានម្នាក់សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។
ចំនែកសពបុរសអ្នកបើកម៉ូតូ ត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តសំបួរមាស រង់ចាំស្រាវជ្រាវរបស់សាច់ញាតិមកទទួលយកទៅ ធ្វើបុណ្យ ។
ដោយឡែក ម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការតាមជំនាញ ៕



ចែករំលែកព័តមាននេះ