សិប្បកម្មឆ្លាក់ថ្មនិងឈើនៅខេត្តប៉ៃលិន៖ ដៃសិប្បករខ្មែរប្រែក្លាយធនធានធម្មជាតិទៅជារូបចម្លាក់ និងគ្រឿងសក្ការៈបូជាដ៏រស់រវើក
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញថា ខេត្តប៉ៃលិន មិនត្រឹមតែល្បីល្បាញខាងវិស័យទេសចរណ៍ ប្រវត្តិសាស្ត្រ និងការកែច្នៃត្បូងពេជ្រដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសិប្បកម្មឆ្លាក់ថ្ម និងឆ្លាក់ឈើ ជារូបរាងមនុស្ស សត្វដ៏រស់រវើក និងលក់ឱ្យម៉ូយយកទៅធ្វើជាវត្ថុសក្ការគោរពបូជាផងដែរ ។ ហើយក្រុមសិប្បករនៅទីនេះ បានបន្តអភិវឌ្ឍរបស់របរវត្ថុបុរាណ ដើម្បីជាអាជីវកម្មសម្រាប់គ្រួសារ ដោយផ្តោតលើការបង្កើតគ្រឿងសក្ការៈបូជាដ៏ប្រណីត ពីវត្ថុធាតុដើមធម្មជាតិ ដូចជា ថ្ម ខ្លឹមឈើ ថ្មផូស៊ីល និងត្បូងពេជ្រផងដែរ ។

ជាក់ស្តែង នៅក្នុងរោងជាងសិប្បកម្មកែច្នៃដោយដៃដ៏តូចមួយ ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានបុរសជាមេជាងម្នាក់ ជាគ្រូឈរចាំបង្ហាត់បង្រៀនដល់កូនជាងថ្មីៗ ហើយក៏ជាអ្នកស្វែងរកអតិថិជន និងទទួលការកម្មង់ផ្សេងៗ ពីប្រជាពលរដ្ឋឆ្ងាយជិត ដោយមានកូនជាងចំនួន៤នាក់ កំពុងតែស្វិតស្វាញ ខ្នះខ្នែង ក្នុងការឆ្លាក់រូបចម្លាក់ជូនអតិថិជនរបស់ខ្លួន ។

បើតាមប្រភពព័ត៌មានពីយុវជនម្នាក់ឈ្មោះ អ៊ុត ប៊ុនធៀន អាយុ២២ឆ្នាំ ជាអ្នកប្រកបមុខរបរជាជាងចម្លាក់នេះ បានរៀបរាប់ឱ្យដឹងថា ប្អូនបានរៀនចេះ និងធ្វើការឆ្លាក់នេះអស់រយៈពេល១៥ឆ្នាំមកហើយ ។ ប្រភពបន្តទៀតថា ចាប់តាំងពីបើកសិប្បកម្មឆ្លាក់មក ស្នាដៃនៃការឆ្លាក់របស់សិប្បករនៅទីនេះ មានច្រើនប្រភេទ តាមការកម្មង់របស់ម៉ូយ ឬអតិថិជន ដូចជា ៖ រូបចម្លាក់ព្រះប្រក់នាគ ព្រះសមាធិ ព្រះម៉ែនាគ រូបតាកំប៉ោង និងច្នៃធ្វើគ្រឿងអលង្ការដែរ មានដូចជា ៖ កងដៃ ខ្សែក កូនពុម្ព ធ្វើពីត្បូង និងផូស៊ីល ដែលមានរចនាបទទាន់សម័យ ដោយនៅតែរក្សាអត្តសញ្ញាណជារបស់ខ្មែរ ។

ប្រភពដដែលបានបញ្ជាក់ថា សិប្បករឆ្លាក់ថ្ម ឆ្លាក់ឈើ នៅក្នុងខេត្តប៉ៃលិន គឺជាអ្នកដែលអភិរក្ស និងអភិវឌ្ឍសិល្បៈបុរាណដ៏មានតម្លៃរបស់ខេត្តប៉ៃលិន ក៏ដូចជារបស់ជាតិផងដែរ ។ ហើយការប្រកបមុខរបរឆ្លាក់នេះ មិនត្រឹមតែផ្តល់កម្រៃផ្គត់ជីវភាពប៉ុណ្ណោះទេ តែវាក៏ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សម្ភារៈ និងជំនួយដល់ការផ្សព្វផ្សាយឈ្មោះខេត្តប៉ៃលិន តាមរយៈទេសចរណ៍ ហើយថែមទាំងបង្ហាញពីស្មារតីខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតខ្ពស់របស់ប្រជាជនកម្ពុជា ក្នុងការបំលែងវត្ថុធាតុដើម ជាធនធានធម្មជាតិ ឱ្យប្រែក្លាយទៅជាសិល្បៈ វប្បធម៌ ដ៏មានជីវិតរស់រវើកគួរឱ្យស្ងើចសរសើរ ។

ម្យ៉ាងវិញទៀត ក៏មានការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសាធារណៈជន ដើម្បីជួយឱ្យសិល្បៈបុរាណមួយនេះ បន្តល្បីរន្ទឺ និងរីកចម្រើនជាប់ជានិច្ច រហូតដល់កូនចៅជំនាន់ក្រោយផងដែរ ៕



ចែករំលែកព័តមាននេះ