ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំដូងក្រអូបលើផ្ទៃដីជាង២ហិកតា ប្រមូលផលមិនប្រកាន់រដូវ កំពុងបំពេញតម្រូវការទីផ្សារក្នុងនិងក្រៅខេត្ត

2 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​គ្រួសារ​បាន​សម្រេចចិត្ត​ដាំ​ដំណាំ​ដូងក្រអូប​ នៅ​លើ​ដីចម្ការ​ជាង​២​ហិ​កតា​របស់​ខ្លួន ព្រោះ​សង្កេត​ឃើញ​​ថា ដូង​នេះ​ ជា​ដំណាំ​ដែល​មាន​ទីផ្សារ​ខ្ពស់ ហើយ​ផ្តល់​ផល​បាន​រយៈពេល​យូរអង្វែង ។

ជាក់ស្តែង ​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ​នេះ កសិករ​ម្នាក់​បាន​អះអាង និង​លើក​ឡើង​ថា ដូង​ដែល​គាត់​ដាំ​​ គឺជា​ប្រភេទ​ដូង​ម្យ៉ាង​ដែល​មាន​ក្លិន​ឈ្ងុយ​ជាង​ដូង​ធម្មតា គឺ​ក្រអូប​ទាំង​ទឹក និង​សាច់ ដែល​ធ្វើ​ឱ្យ​ដូង​របស់​គាត់​នេះ ​មាន​ភាព​ពេញ​និយម​ខ្លាំង​សម្រាប់​ការ​ទទួលទាន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្ចាស់​ចម្ការ​ម្នាក់ ឈ្មោះ សែ​ម សុខ​ខឿន អាយុ​ប្រហែល​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​គាត់​សង្កេត​ឃើញ​ថា គាត់​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ផ្ទៃដី​មួយ​ចំនួន​របស់​ខ្លួន ពី​ការ​ដាំ​ដុះ​ដំណាំ​តាម​រដូវ​កាល ដូច​ជា​ដំណាំ​ពោតក្រហម និង​ដំឡូង​មី បែរមក​ដាំ​ដុះ​ដំណាំ​ដូងក្រអូប​នេះ​វិញ​ម្តង ។ ហើយ​ចម្ការ​​ដូងក្រអូប​របស់​គាត់ កំពុង​តែ​ប្រមូល​ផល និង​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ខេត្ត និង​លក់ដូរ​រហូត​ដល់​ក្រៅ​ខេត្ត​ថែម​ទៀត​ផង ។

ប្រភព​ដដែល​ពី​ម្ចាស់​ចម្ការ​បានឱ្យ​ដឹង​ថា ដំណាំ​ដូងក្រអូប​របស់​គាត់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​ការ​កកើត​ចម្ការ​ដូង​នេះ គឺ​ផ្តើម​ចេញពី​ចំណង់​ចំណូលចិត្ត​ទទួលទាន​ទឹកដូង និង​សាច់ដូង​ក្រអូប​ជា​រៀងរាល់ថ្ងៃ ដោយ​គាត់​គិត​ថា ដំណាំ​ដូង​អាច​ប្រមូល​ផល​បាន​ពេញ​មួយ​ឆ្នាំ​មិន​ប្រកាន់​រដូវ​កាលនោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត
គឺ​អាច​កែ​ច្នៃ​បាន​ច្រើន​មុខ និង​លក់​ទៅ​កាន់​ទីផ្សារ​បាន​ច្រើន​កន្លែង មិន​ថា​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ឬ​នៅ​តាម​បណ្ដា​ខេត្ត​នានា​នោះ​
ទេ ។

ស្ត្រី​ម្ចាស់​ចម្ការ​​បាន​បន្ថែម​ទៀត​ថា ក្នុង​ខេត្ត​ប៉ៃលិន និង​ទូ​ទាំង​ប្រទេស​របស់​យើង ទីផ្សារ​ផ្លែ​ដូងក្រអូប​ខ្ចី គឺ​មិន​ពិបាក​រក​នោះ​ទេ ឱ្យ​តែ​ផ្លែ​ដូង​មាន​ស្តង់ដា​ល្អ មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ មាន​ក្លិនក្រអូប គឺ​មិន​ចាញ់​ទំនិញ​ដែល​នាំ​ចូល​ពី​បរទេស​នោះ​ទេ ។ គាត់​បញ្ជាក់​ថា អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ឱ្យ​បងប្អូន​យើង​អាច​ទទួលទាន ផ្លែ​ដូង​នៅ​ក្នុងស្រុក មាន​តម្លៃ​សមរម្យ មិន​ចាំបាច់​ទទួល​ទិញ​ពី​បរទេស​មក​ទេ ។

បច្ចុប្បន្ន​នេះ ចម្ការ​ដូងក្រអូប​ខាងលើ ​មាន​ទំហំ​​ជាង​២​ហិ​កតា ដោយ​អាច​ប្រមូល​ផល​ជា​ដំណាក់កាល ដែល​មាន​អតិថិជន​ទាំង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន និង​មាន​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ខេត្ត​ផង​ដែរ ។ លើស​ពី​នេះ តាម​រយៈ​ការ​ជ្រើសរើស​ពូជ និង​ការ​ថែទាំ​គឺ​នឹង​អាច​ប្រមូល​ផល​បាន​នៅ​អាយុ​ត្រឹម​២​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ តែ​គេ​ក៏​ត្រូវ​ប្រើ​ជី​បំប៉ន​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ទទួល​បាន​ផល​បាន​ច្រើន ជាក់ស្តែង​ ដូច​ជា​ការ​ប្រមូល​ក្នុងឆ្នាំនេះ​គឺ​អាច​ប្រមូល​ផល​បាន​១០០០​ផ្លែ ក្នុង​១​ស​ប្តា​ហ៍ និង​កើន​ឡើងជា​បន្តបន្ទាប់​នៅ​លើក​ក្រោយ​ទៀត ។

ស្ត្រី​ម្ចាស់​ចម្ការ​​បាន​បញ្ចា​ក់​បន្ថែម​ថា ប្រសិនបើ​ប្រជាពលរដ្ឋ ដែល​ចង់​ដាំ​ដំណាំ​ដូងក្រអូប​នេះ គឺ​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​ទឹក​ស្រោច​ស្រព​ឱ្យ​បាន​គ្រប់គ្រាន់ តាំងពី​ចាប់ផ្ដើម​ដាំ​រហូត​ដល់​ដូង​ធំ ពោល​គឺ កាន់តែ​ធំ​កាន់តែ​ត្រូវការ​ទឹកជា​ច្រ​ចាំ ។ បច្ចុប្បន្ន​ គាត់​មាន​ផែនការ​ធ្វើ​ថ្នាល​បណ្តុះ​កូន​ដូងក្រអូប​លក់​នៅ​លើ​ទីផ្សារ​ផង​ដែរ ។

បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ​នៅ​ក្នុង​សង្កាត់​ប៉ៃលិន មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កសិកម្ម​ចំនួន​៧៨២៥​ហិ​កតា គ្រួសារ​ធ្វើ​កសិកម្ម ចំនួន​១៤៧៣​គ្រួសារ និង​គ្រួសារ​ដាំ​ដុះ​ដូង​សរុប​មាន​៦​គ្រួសារ ដែល​មាន​ផ្ទៃដី​៨​ហិ​កតា ចំពោះ​ផ្ទៃដី​ដាំដូង ដែល​អាច​ប្រមូល​ផល​បាន​មាន​តែ​៥​ហិក​តា​ប៉ុណ្ណោះ.។