ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

3 អាទិត្យ មុន

ខេត្តក្រចេះ ៖ សព​ជន​រង​គ្រោះ​បាន​ផុស​ឡើង​កាល​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ បន្ទាប់​បាត់​ខ្លួន​ក្នុង​ទឹក​រយៈពេល ២​ថ្ងៃ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវទឹក កាលពី​វេលា​ម៉ោង​១១:០០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្បាលកោះ​រៀល ស្ថិត​ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ទូក​ចំនួន​២​គ្រឿង បើកបរ​ដោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​បឹង​ចារ ស្រុក​សំបូរ សរុប​ចំនួន ៤​នាក់ បាន​ធ្វើ​ដំណើរ​ទល់មុខ​គ្នា ក្នុង​ល្បឿន​លឿន​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទូក​ទាំង ២​គ្រឿង ក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ។

ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​នេះ បាន​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់ រង​របួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ជួយ​អន្តរាគមន៍ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​ភ្លាម​ៗ ។

ជន​រង​គ្រោះ ម្នាក់​ទៀត បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ ហើយ​លិច​បាត់​ខ្លួន​ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ​។ អ្នក​រួម​ដំណើរ ២​នាក់​ផ្សេង​ទៀត ពុំ​មាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​បាន​ហែល​ទឹក​រួចខ្លួន និង​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ស្រង់​ឡើងគោក​ទាន់​ពេលវេលា ។

ក្រោយ​កើតហេតុ អាជ្ញា​ធរមាន​សមត្ថកិច្ច​សហការ​ជាមួយ​ប្រជាពលរដ្ឋ បាន​បើក​ប្រតិបត្តិការ​រុករក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​យ៉ាង​សកម្ម​អស់​រយៈពេល ២​ថ្ងៃ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦​នេះ ទើប​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក​នៅ​ចំណុច​ភូមិ​កា​កុ​ត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ទំនាក់ទំនង​ទៅ​កាន់​សាច់ញាតិ​ឱ្យមក​ពិនិត្យ និង​ស្គាល់​អត្តសញ្ញាណ​។ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កុសល​វិច័យ​រួចរាល់ សព​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​សាច់ញាតិ ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន ស្ថិត​ក្នុង​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ ៕