ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកនាំពាក្យក្រសួង​​ ៖ គេហទំព័រ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ត្រូវ​ក្លាយជា​ច្រក​ផ្តល់​ព័​ត៌មាន​ផ្លូវការ​ដ៏​សំខាន់

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ លោក ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ជំរុញ​ឱ្យ​មន្ត្រី​គ្រប់គ្រង​គេហទំព័រ​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ទាំង​២៥ ពង្រឹង​តួនាទី​ជា​ច្រក​ចេញចូល​ផ្តល់​ព័ត៌មាន​ផ្លូវការ ​ដ៏​មាន​សក្តានុពល​ចម្បង ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​ នៃ​ការ​គ្រប់គ្រង​សាធារណ​មតិ និង​ធានា​ការ​ផ្តល់​ព័ត៌មាន​ពិត​ដល់​សាធារណជន​ ។

ការ​ជំរុញ​បែប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែលលោក​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី «​ការ​គ្រប់គ្រង​គេហទំព័រ​ព័ត៌មាន​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​» នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ដោយ​ផ្ទាល់ និង​តាម​រយៈ​ប្រព័ន្ធ Zoom ដែល​មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​មក​ពី​មន្ទីរ​ព័ត៌មាន​២៥ រាជធានី​-​ខេត្ត ​។

លោក ទេព អ​ស្នា​រិ​ទ្ធ បាន​ណែនាំ​ដល់​មន្ត្រី ​នៃ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ទាំងអស់ ឱ្យ​ប្រកាស​ជា​ផ្លូវការ​ដើម្បី​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត និង​អ្នក​សារព័ត៌មាន អំពី​ដំណើរការ ​នៃ​គេហទំព័រ​របស់​មន្ទីរ​ព័ត៌មាន​ខ្លួន​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​រយៈពេល​ពីរ​ខែ​ហើយ​។ ការណ៍​នេះ​ ធ្វើ​ឡើង​ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​ប្រភព​ព័ត៌មាន និង​ដំណឹង​ផ្លូវការ​ច្បាស់លាស់​ស្តី​ពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ខេត្ត សមិទ្ធ​ការងារ​ក្នុង​មូលដ្ឋាន ព្រមទាំង​ការ​ឆ្លើយ​តប​នានា​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ជូន​ពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​រៀង​ៗ​ខ្លួន ខណៈ​ត្រឹមតែ​រយៈពេល​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គេហទំព័រ​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ទាំងអស់ បាន​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​បញ្ជ្រាប​ខ្លឹមសារ និង​ទិដ្ឋភាព​ខាងលើ សរុប​ជាង ៧,០០០អត្ថបទ ​រួច​ហើយ ​។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា គេហទំព័រ​របស់​មន្ទីរ​ព័ត៌មាន គឺជា​ប្រភព​ផ្លូវការ​ដែល​រក្សា​ទុក​ទិន្ន័យ អត្ថបទ​ព័ត៌មាន រូបភាព ឬ​វី​ដេ​អូ ​ដែល​បាន​ផ្សាយ​រួច​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ ងាយស្រួល​ស្វែងរក​ពេល​ចាំបាច់ ដោយ​មិន​ពិបាក​ស្វែងរក ឬ​មាន​ហានិភ័យ ​នៃ​ការ​បាត់បង់​ដូច​បណ្តាញ​សង្គម​ផ្សេង​ៗ​ឡើយ ​។

លោក​បាន​បន្ថែម​ថា ដើម្បី​ឱ្យ​គេហទំព័រ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន មន្ត្រី​ព័ត៌មាន​ត្រូវ​រៀបចំ​ផែនការ និង​កិច្ចប្រជុំ​ជា​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​កំណត់​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​តម្រូវការ និង​ការ​ដោះស្រាយ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​ផ្សេង​ៗ ដោយ​មិន​ត្រូវ​ទុក​ឱ្យ​បញ្ហា​មួយ​ចំនួន​ផ្ទុះ​ឡើង និង​បង្ក​ជា​បាតុភាព​អវិជ្ជមាន​ក្នុង​មូលដ្ឋាន​ឡើយ ពោល​គឺ​ត្រូវ​ផលិត​មាតិកា​ព័ត៌មាន និង​ផ្សព្វផ្សាយ​ឱ្យ​បាន​លក្ខណៈ​បែប​បុ​រេ​សកម្ម ទើប​ធ្វើ​ឱ្យ​ការងារ​គ្រប់គ្រង​ព័ត៌មាន និង​សាធារណ​មតិ​មាន​ប្រសិទ្ធភាព ព្រមទាំង​រួមចំណែក​ថែរក្សា​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម​ជាតិ​ ។

ជាមួយ​គ្នា​នេះ មន្ទីរ​ព័ត៌មាន​ត្រូវ​ផលិត​ព័ត៌មាន​ផ្ទាល់ខ្លួន​ឱ្យ​បាន​ច្រើន និង​ផ្តោត​លើ​គុណភាព តាម​រយៈ​ការ​សម្ភាសន៍​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​លើ​ប្រធានបទ​វិស័យ​អាទិភាព ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម តម្លៃ​កសិផល សុខាភិបាល ទេសចរណ៍ ការ​ទទួល​បានការ​ងារ​របស់​បងប្អូន​ពលករ និង​បញ្ហា​ដីធ្លី​ជាដើម​។ ក្រៅពី​នេះ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឱ្យ​បានជា​ប្រចាំ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​នីមួយ​ៗ​លើ​ការ​អភិវឌ្ឍ​មូលដ្ឋាន ព្រមទាំង​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ​ ។

រាល់​មាតិកា​ព័ត៌មាន​ ត្រូវ​យក​ទៅ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ផ្លូវការ​របស់​មន្ទីរ និង​ចែករំលែក​បន្ត​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូច​ជា Facebook, Telegram, TikTok ខណៈ​ត្រូវ​ពង្រឹង​ការ​ផ្សាយ​ផង​ដែរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ​មាន​វិទ្យុ និង​ទូរទស្សន៍​របស់​មន្ទីរ​ព័ត៌មាន ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ ។

ក្នុង​កិច្ចប្រជុំ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​បទ​បង្ហាញ​ពី​វឌ្ឍនភាព​ នៃ​ការ​កែសម្រួល​គេហទំព័រ​ព័ត៌មាន​របស់​មន្ទីរ​ព័ត៌មាន​ជូន​អ្នកចូលរួម​បាន​ជ្រាប និង​យក​ទៅ​អនុវត្ត​ឱ្យ​ទទួល​បាន​ជោគជ័យ​។ ក្នុង​នោះ​ដែរ អង្គប្រជុំ​បាន​ធ្វើការ​ពិភាក្សា និង​សួរ​/​ឆ្លើយ​យ៉ាង​ផុលផុស ក្នុង​គោលបំណង​ជំរុញ​ការ​ផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ក្លាយជា​ច្រក​ចេញចូល​ព័ត៌មាន​ផ្លូវការ​សម្រាប់​រាជធានី​-​ខេត្ត​នីមួយ​ៗ ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សម្រេច​បង្កើត «​ក្រុមការងារ​គ្រប់គ្រង​គេហទំព័រ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​» ដែល​មាន​លោក ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ជា​ប្រធាន ​។

ការ​បង្កើត​ក្រុមការងារ​នេះ​មាន​គោល បំណង​លើកកម្ពស់​គុណភាព និង​ស្តង់ដា​ នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ឱ្យ​ក្លាយជា​ច្រក​ព័ត៌មាន​ផ្លូវការ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល និង​សកម្មភាព​អភិវឌ្ឍន៍​នានា នៅ​តាម​មូលដ្ឋាន ក៏​ដូច​ជា​រួមចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​ថ្នាក់​ជាតិ​ផង​ដែរ ​។

ក្រុមការងារ​នេះ​មាន​ភារកិច្ច​រៀបចំ​ផែនការ និង​ទិស​ដៅ​អភិវឌ្ឍ​គេហទំព័រ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ទាំងអស់​ឱ្យ​មាន​សណ្តាប់ធ្នាប់ សង្គតិភាព ស្រប​តាម​និយាម និង​បទដ្ឋាន​ដែល​បាន​ដាក់ចុះ​សម្រាប់​ការ​គ្រប់គ្រង​ព័ត៌មាន​ ៕