ជនសង្ស័យ៣នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀ.ន
- កំពត
ខេត្តកំពត ៖ ដោយអនុវត្តតាមបទបញ្ជា លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១២:៥០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពយុត្តិធម៌ ដឹកនាំដោយលោកអនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
– កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១.ឈ្មោះ លឹម សម្បត្តិហៅស្វិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត ។
២.ឈ្មោះ ស្មាច់ ចែម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
៣.ឈ្មោះ គឹម ឌុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
– វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន០៣កញ្ចប់(តូច)ទម្ងន់១,២១ក្រាម, ទូរស័ព្ទដៃចំនួន០៥គ្រឿង, ម៉ូតូចំនួន០២គ្រឿង,និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយសម្រាប់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី។ ថ្ងៃព្រហស្បត្ត៌ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៕




ចែករំលែកព័តមាននេះ