ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវមេអន្តរភូមិ ១១ គីឡូម៉ែត្រនៅសង្កាត់ត្រើយកោះ ខូចខាតយ៉ាងធ្ងន់ធ្ងរ ពលរដ្ឋ និងព្រះសង្ឃស្នើសុំអាជ្ញាធរជួយជួសជុល

1 អាទិត្យ មុន
  • កំពត

​ខេត្តកំពត​ ៖ ផ្លូវ​មេ​អន្តរ​ភូមិ​មួយ​ខ្សែ​ប្រវែង​ ១១​គីឡូម៉ែត្រ ឆ្លងកាត់​ ៤​ភូមិ​ក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត​ចាប់ពី​ភូមិ​តា​អង្គ ភូមិ​ដូន​តោក ភូមិ​ស្រែ​ និង​ភូមិ​បឹង​តា​ព្រាម​ ​កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ស្ទើរតែ​ធ្វើ​ដំណើរ​លែង​បាន ​និង​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ បាន​និង​កំពុង​សម្តែង​ការ​ព្រួយបារម្ភ ហានិភ័យ​បញ្ហា​ជួប​គ្រោះថ្នាក់​ចរាចរ​រាល់​យាន្ត​ដែល​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​លើ​ផ្លូវ​មួយ​ខ្សែ​នេះ ក៏​ដូច​ជា​ដាក់​សំណូមពរ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មេត្តា​ចុះ​ពិនិត្យ និង​មាន​វិធានការ​ស្តារ ឬ​ជួសជុល​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់ ​។

​តាម​ការ​លើក​ឡើង​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​បានឱ្យ​ដឹង​ថា​ ស្ថានភាព​ផ្លូវ​នា​ពេល​នេះ ​គឺ​មាន​សភាព​ខូចខាត​ធ្ងន់ធ្ងរ​លំបាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ផ្លូវ​មួយ​ខ្សែ​នេះ និង​មានការ​លំបាក​ទ្វេ​ដង ជា​ពិសេស​ក្នុង​រដូវវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់ ​។ ពលរដ្ឋ​បាន​លើក​ជា​សំណួរ​ដោយ​ក្តី​បារម្ភ​ថា «​តើ​ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថិត​ក្រោម​ការ​ទទួលខុសត្រូវ​របស់​ខាង​ណា​ពិតប្រាកដ? ហើយ​តើ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​នឹង​ចុះ​ជួយ​ពិនិត្យ​មើល​ពេល​ណា ឬ​មួយ​ត្រូវ​ទុក​ឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ទាំង​លំបាក​បែប​នេះ​បន្ត​ទៀត?» ​៕