ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា «ដូលហ្វីន» បង្កើតឥទ្ធិពលលើកម្ពុជានាំមកនូវភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​កម្ពុជា​មិន​ស្ថិត​ចំ​ផ្លូវ​ដើរ​របស់​ព្យុះសង្ឃរា «​ដូ​ល​ហ្វី​ន​» ក៏​ដោយ ប៉ុន្តែ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​វា កំពុង​រុញច្រាន​មេឃ​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ឱ្យ​ធ្លាក់​គ្របដណ្តប់​លើ​រាជធានី​-​ខេត្ត​ជា​ច្រើន​ទូ​ទាំង​ប្រទេស ។

រូបតំណាង

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ព្យុះ​ទី​១៣ ឈ្មោះ ដូ​ល​ហ្វី​ន (Dolphin) T2613 បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា ហើយ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ ដូ​ល​ហ្វី​ន នេះ​ទេ ។

រូបតំណាង

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៣១ ខែកក្កដា ដល់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦៖
១- តំបន់​វាលទំនាប ៖ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៦°C ។ បក់​មក​ពី​ទិសនិរតី និង​ទិស​ពាយព្យ​មាន​ល្បឿន​មធ្យម ៣ ម៉ែត្រ​/​វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៤០%​។

រូបតំណាង

២- តំបន់​ខ្ពង់រាប ៖ សីតុណ្ហភាព មធ្យម​អប្បបរមា ២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C​។ បក់​មក​ពី​ទិសនិរតី និង​ទិស​បូព៌ា​មាន​ល្បឿន​មធ្យម ៤ ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៥០%​។

រូបតំណាង

៣- តំបន់​មាត់សមុទ្រ​៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C​។ បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ២ ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៦០% ៕