ឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមទាំងវត្ថុតាង ឡាន និងម៉ូតូ ក្នុងករណីលួចនាំចូលសត្វស្វាខុសច្បាប់ពីថៃ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ៥នាក់ និងរថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង ដែលសហការគ្នាដឹកស្វាចំនួន២០ក្បាលដែលលួចនាំចូលពីប្រទេសថៃ កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្បែរព្រំដែនស្ថិតភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានបង្ក្រាបដោយកងរាជអាវុធហត្ថ ។

លោក ឡាង បូរិន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់ឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុក បានចេញល្បាតតាមបន្ទាត់ព្រំដែនក៏ប្រទះឃើញរថយន្ត១គ្រឿង និងម៉ូតូចំនួន៣គ្រឿង ដឹកសត្វស្វាដែលលួចនាំចូលពីប្រទេសថៃមកកម្ពុជាហើយបានឃាត់ជនសង្ស័យចំនួន៥នាក់ដែលពាក់ព័ន្ធនឹងបទល្មើសនេះ ។

លោកបានបញ្ជាក់ថា ក្រោយឃាត់ជនសង្ស័យចំនួន៥នាក់ និងសត្វស្វាចំនួន២០ក្បាល ដែលលួចនាំចូលពីប្រទេសថៃល្មើសច្បាប់ ត្រូវបានប្រគល់ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ។ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ បានបង្ក្រាបទំនិញទាំងអស់ដែលជនទុច្ចរិតលួចនាំចូលពីប្រទេសថៃ ។

ខណៈពេលដែលប្រជាពលរដ្ឋកម្ពុជាបានធ្វើពហិការមិនប្រើប្រាស់ទំនិញ ។ ទាក់ទិននឹងការចាប់បានសត្វស្វានេះត្រូវបានសន្និដ្ឋានថានេះជាការរត់ពន្ធសត្វព្រៃឆ្លងដែនទៅប្រទេសទី៣ ដោយលួចឆ្លងកាត់កម្ពុជា គឺអាចលួចនាំទៅប្រទេសវៀតណាមហើយក៏អាចទៅដល់ស្រុកចិនផងដែរ ៕

ចែករំលែកព័តមាននេះ