រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក បានប្រកាសពីស្ថានភាពធាតុអាកាស ដោយបញ្ជាក់ថា ឥទ្ធិពលសកម្មនៃព្យុះទី១៣ ឈ្មោះ ដូលហ្វីន (Dolphin T2613) ដែលបានកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចអាចបង្កឱ្យមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនាព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា ៖ ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដូលហ្វីននេះទេ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៖
១- តំបន់វាលទំនាប ៖ មានសីតុណ្ហភាព មធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០%។

២- តំបន់ខ្ពង់រាប៖ មានសីតុណ្ហភាព មធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។
ខ្យល់៖ បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវ៉ាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០%។

៣- តំបន់មាត់សមុទ្រ ៖ មានសីតុណ្ហភាព មធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C ។ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៦០% ៕

ចែករំលែកព័តមាននេះ