ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគ្រួសារជនរងគ្រោះ អំពាវនាវដល់ស្នងការរាជធានីភ្នំពេញ ចាត់វិធានការលើក្រុម​តាំងខ្លួន​ជា​ខ្លា​របស់ ​«​មេ​០៧» ប្រើហិ.ង្សាយ៉ាងសាហាវ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ផ្ទុះ​តាម​បណ្ដាញសង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​មាន​មតិយោបល់​ថា សមត្ថកិច្ច​មិន​គួរ​លើក​លែងឱ្យ​ក្មេង​ទំនើង​យកឈ្មោះ «​មេ​០៧» ដែល​ជា​រហស្សនាម​អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ថា​ជា​មេ ដោយ​ពួក​គេ​ជិះ​ម៉ូ​តួ​ដេញ​កៀប និង​ដេញ​តាម​ចាប់ក្មេង​ស្លូតត្រង់​តាម​ដងផ្លូវ និង​ធ្វើការ​វាយដំ​យ៉ាង​សាហាវ​ផង​ដែរ ។ ការ​អំពាវនាវ​នេះ បាន​ស្នើ​ត្រង់​ៗ​ទៅ​លោកឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​មេត្តា​ពិនិត្យ​ករណី​ខាងលើ​នេះ​ផង ។

បាតុភាព​នេះ​បាន​កើតឡើង នៅ​ពេល​ជន​ស៊ីវិល​មួយ​ក្រុម​តាំងខ្លួន​ជា​ខ្លា​របស់​ «​មេ​០៧» ជិះម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​តាម​យុវជន​ ២​នាក់​ដែលជិះ​ម៉ូតូឌុប​គ្នា​ហើយ​ស្រែ​កថា​ចោរ​ៗ រហូត​ឈាន​ដល់​ការ​ធាក់​ផ្ដួល​ម៉ូតូ​រួច​ប្រើ​ហិង្សា​វាយដំ​យុវជន​ម្នាក់​ក្នុង​ចំណោម ​២​នាក់​នោះបណ្ដាល​ឲ្យ​រង​របួស​រហូត​ដល់​សន្លប់​មួយសន្ទុះ ។ ការ​ប្រទូស្ត​រ៉ា​យ​របស់​ពួក​តាំងខ្លួន​ជា​កូន​ខ្លា​នោះ ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ​២៦ ខែកក្កដា ឆ្នាំ ​២០២៦​កន្លង​ទៅ នៅ​ចំណុច​កែង​រវាង​មហាវិថី​ព្រះ​នរោត្តម​និង​ផ្លូវ​លេខ​៤៦៦ ស្ថិត​ក្នុងភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ករណី​នេះ​ គឺ​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញចាប់​គ្នា​ដូច​ព្យុះ​តាម​ដងផ្លូវ​ផ្អើល​ពេញ​ភ្នំពេញ ដោយ​ចេញពី​ម្ដុំ​វិមាន​ឯករាជ្យ​ដេញ​តាម​មហាវិថី​ព្រះ​នរោត្ដម ពី​ខាងជើង​ទៅ​ខាងត្បូង រហូត​ដល់​កែង​ជាមួយ​ផ្លូវលេខ​៤៦៦ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដួល ។ ពេល​នោះត្រូវ​ក្មេង​ទំនើង​ចាប់​វាយ​ទាត់​ធាក់​កណ្តាល​មុខ​យ៉ាង​សាហាវ និង​អះអាង​ថា​ខ្លួន​ជា​ខ្លា ​មេ​០៧ កា​រិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

លុះ​ក្រោយមក ទើប​មាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដែល​កំពុង​ល្បាត​មក​ដល់​កន្លែង​កើតហេតុ និង​ចាប់​វាយ​ខ្នោះ​ក្រុម​ក្មេង​ទំនើង​ដែល​អះអាង​ថា​ជា​ខ្លា ​មេ​០៧ អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល តែ​ត្រូវ​បាន​បដិសេធ​ថា ​មិនមែន​ខ្លា​នោះ​ទេ ។

សមត្ថកិច្ច​ខណ្ឌចំការមន​និយាយ​ថា នគរបាលការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រិ​ល​ស្រាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​មួយ​ចំនួន​ប្រគល់​ឱ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ មិន មែន​កម្លាំង​ប៉ុស្តិ៍​ទៅ​ចាប់ឃាត់​នោះ​ទេ ។ បន្ទាប់​មក បាន​សម្របសម្រួល​ដោយ​ភាគី​ខាង​ក្មេង​ទំនើង​ដែល​អះអាង​ថា ​ខ្លួនជា​ខ្លា ​មេ​០៧ បាន​សង​សំណង​ថ្លៃ​ព្យាបាល​របួស​ចំនួន​ ៥​ម៉ឺន​រៀល ហើយ​ភាគី​ខាង​រង​គ្រោះ​ក៏​ព្រមទទួលយក​ដោយ​មិន​ប្ដឹងប្ដល់ និង​ព្រម​ថត​វី​ដេ​អូ​និយាយ​ថា មិន​មានការ​បង្ខិតបង្ខំ​ពី​សមត្ថកិច្ចទេ ។

ជាមួយ​នេះ ក្រោយ​ពី​បាន​ឆ្លង​យោបល់​ទៅការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​ឱ្យទៅ​ផ្ទះ​វិញ ទើប​សមត្ថកិច្ចខណ្ឌចំការមន ព្រមឱ្យ​ជន​រង​គ្រោះ ​និង​ក្មេង​ទំនើង​ដែល​យកឈ្មោះ​នាយ​រង​ការិយាល័យ​ «​មេ០៧» ធ្វើ​ខ្នងបង្អែក​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​យកឈ្មោះ​កងកម្លាំង​មក​គាបសង្កត់ ឬ​ដេញចាប់​មនុស្ស​តាម​ផ្លូវ ព្រោះ​ជា​ទ​ង្វើ​ខុសច្បាប់ ។

ស្រាប់តែ​នៅ​ថ្ងៃ​ទី​ ២៦​និង​ថ្ងៃ​ទី ​២៧ ខែកក្កដា ឆ្នាំ ​២០២៦ ក៏​មានការ​បង្ហោះ​ផ្សាយ​តាម​ហ្វេ​សប៊ុ​ក ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជាមួយ​បងស្រី​មិន​សុខចិត្ត ​និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើ​ក្មេង​ទំនើង ដែល​យកឈ្មោះ​ មេ​០៧ ប្រើ​ហិង្សា​យ៉ាង​សាហាវ ។ នៅ​ពេល​មើល​តាម​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ឃើញ​ក្មេង​ទំនើង​ដេញ​ចាប់ខ្លួន និង​មិន​បានដឹង​ថា ​ខ្លួន​សន្លប់​ និង​ប្រកាច់​ទាញ​សរសៃ​ញាក់​ពេញ​ខ្លួន​បែប​នេះ​ទេ ទាល់តែ​ឃើញ​វី​ដេ​អូ​ដែល​បង្ហោះ​ទើប​ដឹង ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ស្នើ​តាម​ការឡាយ​ (live)​ព័ត៌មាន សូម​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ក្មេង​ទំនើង​ខ្លា​មេ​០៧​ចាត់ការ​តាម​ផ្លូវច្បាប់​ផង ៕