ក្នុងកិច្ចប្រជុំជាមួយអ្នកផលិតអាវុធនៅមហាវិទ្យាល័យសង្គ្រាមកងទ័ពសហរដ្ឋអាមេរិក (ដោយមានលោក Pete Hegseth ដែលត្រូវបានគេហៅថា «រដ្ឋមន្ត្រីក្រសួងសង្គ្រាម» ចូលរួម លោក Donald Trump បានថ្លែងថា៖«យើងមានគុណភាពល្អបំផុតនៅលើពិភពលោក ប៉ុន្តែយើងត្រូវការល្បឿនបន្ថែមទៀត» ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ។

រដ្ឋបាលលោក Trump បានរៀបចំកិច្ចប្រជុំកំពូលនេះឡើងជាផ្នែកមួយនៃយុទ្ធសាស្ត្រពីរយ៉ាង ដើម្បីស្តារឧស្សាហកម្មអាមេរិកឡើងវិញ និងជំរុញសមត្ថភាពប្រយុទ្ធឱ្យក្លាយជា«ឃ្លាំងអាវុធសេរីភាព»តាមការលើកឡើងរបស់លោក Hegseth។
ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់លើអាវុធទំនើបៗ និងពិបាកផលិត ត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលប្រយុទ្ធដ៏ខ្លាំងក្លាជិត៤០ថ្ងៃក្នុងប្រទេសអ៉ីរ៉ង់ តាមរយៈប្រតិបត្តិការEpic Fury កាលពីដើមឆ្នាំនេះ និងការវាយប្រហារតបតផ្សេងៗទៀត ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថា សង្គ្រាមនេះ បានចំណាយអស់៣៧,៥ពាន់លានដុល្លារ (ស្មើនឹង២៨ពាន់លានផោន) ដែលភាគច្រើនធ្លាក់ទៅលើការទិញគ្រាប់រំសេវ ។
យោងតាមសេតវិមាន ត្រឹមថ្ងៃទី៨ ខែមេសា ដែលជាពេលបទឈប់បាញ់ដ៏ទន់ខ្សោយចូលជាធរមាន កងកម្លាំងអាមេរិកបានវាយប្រហារគោលដៅជាង១៣.០០០កន្លែងនៅទូទាំងប្រទេសអ៉ីរ៉ង់ ខណៈប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងរបស់អ៉ីរ៉ង់ជាង១.៧០០គ្រឿង។
បច្ចុប្បន្ន សហរដ្ឋអាមេរិកបានផ្អាកការវាយប្រហារលើប្រទេសអ៉ីរ៉ង់ ដើម្បីបើកផ្លូវឱ្យមានការចរចាបន្តទៀត ។ របាយការណ៍របស់កាសែត New York Times បានឱ្យដឹងថា លោក Trump ត្រូវបានគេណែនាំឱ្យផ្អាកផែនការបង្កើនជម្លោះ ព្រោះវាអាចធ្វើឱ្យ ស្តុកអាវុធរបស់អាមេរិកកាន់តែហូរចេញ និងខ្វះខាត ។

ចែករំលែកព័តមាននេះ