អ៉ីរ៉ង់-អ៊ុយក្រែន ៖ អ៉ីរ៉ង់ កាលពីថ្ងៃទី២៧ កក្កដា បានព្រមានអ៊ុយក្រែនពីបណ្ដាផលវិបាកដែលនឹកស្មានមិនដល់នានា ក្រោយការវាយប្រហារកាលពីចុងសប្ដាហ៍កន្លងទៅ លើនាវាខ្លួនមួយគ្រឿង ក្នុងសមុទ្រនោះដែលជាស្នាដៃរបស់អ៊ុយក្រែន។

មុននេះ អ៊ុយក្រែនប្រកាសថា បានវាយប្រហាររយៈឆ្ងាយលើបណ្ដាគោលដៅទាក់ទិននឹងការដឹកជញ្ជូនឧបករណ៍យោធារុស្ស៊ីទៅកាន់អ៉ីរ៉ង់។ ដូច្នេះ អ៊ុយក្រែនក្លាយជាតួអង្គថ្មីមួយនៃវិបត្តិនៅមជ្ឆ្ឈឹមបូព៌ាដែរ ។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡានស្គីបានចោទប្រកាន់រុស្ស៊ីថា បានជួយអ៉ីរ៉ង់វាយប្រហារបណ្ដាទីតាំងយោធាអាមេរិកនៅមជ្ឈឹមបូព៌ា ដោយជួយផ្ដល់បណ្ដាទិន្នន័យផ្កាយរណប ។ ដោយភ្ជាប់បន្ថែមទៀតវិបត្តិនៅមជ្ឈឹមបូព៌ាទៅនឹងសង្គ្រាមអ៊ុយក្រែន នាំឲ្យមានការលើកជាសំនួរ លើការជួយអ៉ីរ៉ង់ពីសំណាក់រុស្ស៊ី ។
ក្នុងសារមួយតាមបណ្ដាញសង្គមX លោកហ្សេឡេនស្គីអះអាងថា ចាប់តាំងពីដើមខែកក្កដាមក បណ្ដាផ្កាយរណបរុស្ស៊ីបានតាមដានត្រួតពិនិត្យយ៉ាងសកម្ម បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ព្រមទាំងបណ្ដាទីតាំងយោធាអាមេរិក ក្នុងតំបន់មុនពេលបញ្ជូនបណ្ដារូបភាពដែលប្រមូលបានឲ្យដល់អ៉ីរ៉ង់។ លោកហ្សេឡេនស្គីបានអំពាវនាវកុំឲ្យមើលស្រាលសភាពការណ៍នេះ ព្រោះកងកម្លាំងអាក្រក់តែងស្វែងរកជានិច្ច ធ្វើឲ្យសភាពការណ៍ចុះដុនដាប និងពង្រីកទីលាននៃវិបត្តិ។
កាលពីថ្ងៃទី២៥ កក្កដា អ៊ុយក្រែនប្រកាសពីការវាយប្រហារ រយៈឆ្ងាយប្រឆាំងបណ្ដានាវានៅសមុទ្រកាស្ពីយែន ដែលតាមក្រុងគៀវថា នាវាទាំងនោះត្រូវបានប្រើ ដើម្បីដោះដូរបណ្ដាឧបករណ៍យោធារវាងអ៉ីរ៉ង់ និងរុស្ស៊ី ។ អ៉ីរ៉ង់អះអាងថា ក្នុងចំណោមនាវារងការវាយប្រហារ មាននាវាពាណិជ្ជកម្ម១គ្រឿងរបស់ខ្លួនបណ្ដាលឲ្យនាវិកម្នាក់ស្លាប់ និងច្រើននាក់រងរបួស។
អ៉ីរ៉ង់បានប្រាប់ថា នឹងការពារម៉ឺងម៉ាត់សន្តិសុខ និងបណ្ដាផលប្រយោជន៍ជាតិរបស់ខ្លួន ហើយនឹងមិនបណ្ដោយឲ្យការវាយប្រហារប្រឆាំងអាយុជីវិត និងផលប្រយោជន៍របស់ពលរដ្ឋខ្លួន ដោយគ្មានចម្លើយតបវិញឡើយ។ ចំណែកពលរដ្ឋអ៉ីរ៉ង់អំពាវនាវឲ្យមានការសងសឹកវិញតាមរយៈមីស៊ីលបាលីស្ទិកKHEIBAR SHEKAN ។ អ៉ីរ៉ង់ចាត់ទុកការវាយបប្រហាររបស់អ៊ុយក្រែនប្រឆាំងបណ្ដានាវានៅសមុទ្សកាស្ពីយែនថា ជាអំពើប្រទូស្តរ៉ាយនិងឧក្រិដ្ឋ ៕

ចែករំលែកព័តមាននេះ