ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​គាំទ្រ​ចំណាត់ការ​ម៉ឺ​ង​ម៉ាត់​របស់​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជុំវិញ​រឿងរ៉ាវ​កីឡាករ​ថៃ​លួ.ច​វ៉ៃ​មន្ត្រី​កីឡា​កម្ពុជា​នៅ​អូស្ត្រាលី

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​ប្រកាស​យ៉ាង​មុ​ឺ​ង​ម៉ាត់​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ថា​«​មិន​ដក​ពាក្យបណ្ដឹង​ជា​ដាច់ខាត​»ទោះបី​មានការ​សុំ​អង្វរ​សម្របសម្រួល​ពី​ភាគី​ថៃរឿង​កីឡាករ​ថៃ​លួច​វាយឆ្មក់​លើ​មន្ត្រី​កីឡា​គុន​ខ្មែរក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦​។

ទោះបីជា​មានការ​សុំ​សម្របសម្រួល​ក្តី ក៏​មានការ​លើក​ឡើង​ពី​មហាជន​ថា ភាគី​បង្កហេតុ​(​ថៃ​)​ព្យាយាម​ដោះស្រាយ​ដើម្បី​តែ​ផលប្រយោជន៍ និងកិត្តិយស​ផ្ទាល់ខ្លួន បន្ទាប់​ពី​បាន​ប្រព្រឹត្ត​អំពើ​ហិង្សាក្រៅ​សង្វៀន​លើ​មន្ត្រី​កីឡា​គុន​ខ្មែរ​លោក​ពេជ្រ សុ​ផា​ន់ ដែល​ជា​គ្រូបង្វឹក​របស់​កីឡាករ​ពេជ្រ សម្បត្តិ ។

ភាគី​ថៃ​ដឹង​ថា បើ​មិន​សម្របសម្រួល​ឱ្យភាគី​កម្ពុជា​ដក​ពាក្យបណ្តឹង​នោះ​វិញ​ទេ ពួក​គេនឹង​បាត់បង់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​មិនខាន ។ ជាង​នេះ​ទៅ​ទៀត ហេតុការណ៍​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កីឡាករ​ថៃ​ឈ្មោះ​សុង​គ្រ ផិ​ច​យិ​ន​ឌី (Songraw Petchyindee) ដែល​ត្រូវ​ឡើង​ប្រកួត​តំណាង​ឱ្យ​ភាគី​អូស្ត្រាលី ក្នុង​កម្មវិធី​ប្រកួត​បន្តបន្ទាប់​ទៀត​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២៦ នេះ​។
សហព័ន្ធ​កីឡា​គុន​ខ្មែរ​បាន​សម្រេច​រុញ​សំណុំរឿង​នេះ​ទៅ​ឱ្យ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​នៃ​ប្រទេស​អូស្ត្រាលី​ដែល​ជាទី​តាំង​កើតហេតុ​ជា​អ្នកចាត់ការ និង​ចេញ​សាលក្រម​សេចក្តីសម្រេច​ជា​ផ្លូវការ ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​អ្នក​រស់នៅ​ប្រទេស​អូស្ត្រាលី បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​របស់​លោក ខូ​វ ឆាយ ដើម្បី​ស្វែងរក​យុត្តិធម៌ និង​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​មន្ត្រី​កីឡា​ខ្មែរ​។
គួរ​រំលឹក​ផង​ដែរ​ថា ករណី​កីឡាករ​ថៃ​លួចវាយ​លោកគ្រូ ពេជ្រ សុ​ផា​ន់ គឺជា​ហេតុការណ៍​ហិង្សា​ក្រៅ​សង្វៀន​ដ៏​កក្រើក​មួយ​ដែល​បាន​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ Best of the Best នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦​។

ជន​បង្កហេតុ​គឺជា​កីឡាករ​ថៃ​ឈ្មោះ សុង​គ្រ ផិ​ច​យិ​ន​ឌី (Songraw Petchyindee) ដែល​ត្រូវ​ឡើង​ប្រកួត​តំណាង​ឱ្យ​អូស្ត្រាលី ។ តាម​គម្រោង កីឡាករ​ថៃ​រូប​នេះ​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​ខ្មែរ ឡុ​ង សំណាង ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ប៉ុន្តែ​រូបគេ​មិន​គោរព​ច្បាប់​ប្រកួត​បាន​បណ្ដោយ​ឱ្យ​ខ្លួន​លើស​ទម្ងន់​រហូតដល់​២​គីឡូក្រាម ។ អ្នក​រៀបចំ​ការ​ប្រកួត​បានសម្របសម្រួល​រុញ​គូ​នេះ​ទៅ​ប្រកួត​ចុង​ក្រោយគេ ដើម្បី​ទុក​ពេល​ឱ្យ​គេ​សម្រក​ទម្ងន់​ឱ្យ​នៅ​ត្រឹម៦៨​គីឡូក្រាម និង​ថ្លឹង​ម្តងទៀត ។ ប៉ុន្តែ កីឡាករថៃ​រូប​នេះ​មិន​ព្រម​ធ្វើ​តាម បែរជា​ឡើង​មក​អុកឡុកលើ​សង្វៀន​ទាំង​មិន​ទាន់​ដល់​វេន និង​ស្រែកហៅ ឡុ​ង សំណាង ឱ្យ​ចេញ​មក​វាយ​ជាមួយ​ខ្លួន​។
ក្នុង​ស្ថានភាព​ច្របូកច្របល់​នោះ កីឡាករថៃ​រូប​នេះ​បាន​លួច​វាយឆ្មក់​ចំ​ចំហៀង​មុខ និងក្បាល​លោកគ្រូ ពេជ្រ សុ​ផា​ន់ ពីក្រោយ​ខ្នង​ទាំង​ដែល​លោកគ្រូ​មិន​បានដឹង​ខ្លួន និង​មិន​ទាន់បាន​ត្រៀមខ្លួន​ឡើយ ។

សកម្មភាព​អ​សីលធម៌ និង​មិន​មាន​វិជ្ជាជីវៈ​ជា​កីឡាករ​នេះ បានធ្វើ​ឱ្យ​មហាជន​ខ្មែរ​ទូ​ទាំង​ប្រទេស​សម្ដែង​ការមិន​ពេញចិត្ត និង​ខឹងសម្បារ​យ៉ាង​ខ្លាំង​។ ភ្លាម​ៗនោះ លោក​ឧត្តមសេនីយ៍ទោ ខូ​វ ឆាយ ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បដិសេធរាល់​ការ​សុំ​សម្របសម្រួល​ពី​ភាគី​ថៃ និង​បាន​រុញសំណុំរឿង​ហិង្សា​នេះ​ទៅ​ឱ្យ​ប្រព័ន្ធ​ច្បាប់ និង​តុលាការអូស្ត្រាលី​ចាត់ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដើម្បី​ការពារកិត្តិយស​ជូន​លោកគ្រូ ពេជ្រ សុ​ផា​ន់ និង​មន្ត្រីកីឡា​គុន​ខ្មែរ​។

ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ដំណើរការ​ក្តី​នៅតុលាការ​អូស្ត្រាលី​ជុំវិញ​ហេតុការណ៍​ក្ដៅ​គគុក​ដូច​បាយ​ពុះ​ខាងលើ នឹង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជា​បន្តបន្ទាប់​ទៀត នៅ​ពេល​សាលក្រម​ផ្លូវការ​ត្រូវ​បាន​ប្រកាស​ឡើង ៕