ខេត្តស្វាយរៀង៖ អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាតិ និងតំណាងសហជីព បានអញ្ជើញចុះទស្សនកិច្ចនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីស្វែងយល់ដោយផ្ទាល់អំពីការអនុវត្តកម្មវិធីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយគាំទ្របងប្អូនអតីតពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការអភិវឌ្ឍជំនាញ ការទទួលស្គាល់បទពិសោធន៍ការងារ និងការភ្ជាប់ទៅកាន់ឱកាសការងារក្នុងស្រុក ។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ហាញឱ្យសាធារណជន និងដៃគូពាក់ព័ន្ធបានឃើញពីវិធានការជាក់ស្តែង ដែលបានអនុវត្ត ដើម្បីជួយឱ្យបងប្អូនអតីតពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ អាចបន្តអាជីព មានការងារសមរម្យ បង្កើនប្រាក់ចំណូល និងរស់នៅប្រកបដោយស្ថិរភាពនៅក្នុងប្រទេស ។

ក្នុងឱកាសនោះ អ្នកចូលរួមបានទស្សនាពីដំណើរការវាយតម្លៃសមត្ថភាព ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(Recognition of Prior Learning – RPL) ការបណ្តុះបណ្តាលជំនាញ ការណែនាំអំពីកម្មវិធី TVET ១.៥M និងឱកាសការងារពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលកំពុងជួយភ្ជាប់អតីតពលករទៅកាន់ឱកាសការងារនៅក្នុងរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង និងបណ្តាខេត្តជិតខាង ។
គណៈប្រតិភូក៏បានជួបសំណេះសំណាលជាមួយបងប្អូនអតីតពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយបានចែករំលែកបទពិសោធន៍អំពីការទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ការធ្វើតេស្តទទួលស្គាល់ជំនាញ ការបណ្តុះបណ្តាលបន្ថែម និងការទទួលបានការងារថ្មី ដែលសមស្របនឹងសមត្ថភាពរបស់ខ្លួន ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ «ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះបងប្អូនអតីតពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ មិនត្រឹមតែជាការទទួលស្វាគមន៍ពួកគាត់ត្រឡប់មកមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តបង្កើតឱកាសឱ្យពួកគាត់មានជំនាញ ដែលស្របទៅតាមតម្រូវការទីផ្សារការងារ ទទួលបានការងារសមរម្យ និងអាចកសាងអនាគតរបស់ខ្លួននៅកម្ពុជា» ។

ឯកឧត្តមបានបន្ថែមថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រនានាក្នុងខេត្តស្វាយរៀង ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន។

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការអភិវឌ្ឍជំនាញ ការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស និងការរីកចម្រើនប្រកបដោយចីរភាពរបស់កម្ពុជា ។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានទទួលធ្វើតេស្តវាយតម្លៃសមត្ថភាពលើជំនាញផ្សារអគ្គិសនី ដល់បងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃបានចំនួន ១៦០នាក់ ក្នុងនោះអ្នកទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញចំនួន ១២២នាក់ និងអ្នកទទួលបានលិខិតបញ្ជាក់ក្រេឌីតចំនួន ៣៨នាក់ ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ