ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ក្លិបបាល់ទាត់ Al Nassr កំពុងតែប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយបំណុលកើនលើសពី ២១៣ លានដុល្លារអាមេរិក ជំរុញឱ្យមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត (PIF) ដាក់បម្រាមលើការផ្ទេរកីឡាករ និងរឹតបន្តឹងការគ្រប់គ្រងប្រតិបត្តិការនានារបស់ក្លិប ដែលមានកីឡាករឆ្នើម Cristiano Ronaldo កំពុងប្រកបអាជីពមួយនេះផងដែរ។ នេះបើតាមសារព័ត៌មាន Goal.com ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយស្រង់ប្រភពពីកាសែត Al-Riyadiah របស់អារ៉ាប៊ីសាអូឌីត។
វិបត្តិហិរញ្ញវត្ថុនោះ បង្កឡើងទាំងស្រុងដោយសារការសម្រេចចិត្តខុសឆ្គងផ្នែកហិរញ្ញវត្ថុកាលពីរដូវកាលមុន បានធ្វើឱ្យក្លិបស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់លីគបាល់ទាត់អាជីពអារ៉ាប៊ីសាអូឌីត (Saudi Pro League)។ មកដល់ពេលនេះ ម្ចាស់ក្លិបបានសម្រេចចិត្តដាក់ចេញវិធានដ៏តឹងរ៉ឹងបំផុតមានប្រសិទ្ធភាពភ្លាមៗ ដើម្បីបញ្ឈប់កុំឱ្យគំនរបំណុលបន្តកើនឡើងតទៅទៀត។
ជាមួយគ្នានោះ កាសែត Al-Riyadiah បានរាយការណ៍ថា ក្លិបនឹងមិនអាចចុះកិច្ចសន្យានាំយកកីឡាករថ្មីៗបានឡើយ រហូតទាល់តែផ្នែកគ្រប់គ្រងអាចបង្ហាញពីមូលនិធិហិរញ្ញវត្ថុគ្រប់គ្រាន់ ដែលបានមកពីកិច្ចព្រមព្រៀងឧបត្ថម្ភ ឬប្រភពចំណូលផ្សេងទៀត។ ស្របពេលផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ PIF ផ្តោតលើចំណុចសំខាន់ ៣ រួមមាន ការកម្រិតអំណាចសម្រេចចិត្តហិរញ្ញវត្ថុរបស់ថ្នាក់ដឹកនាំ, ការជួលទីប្រឹក្សាឯករាជ្យដើម្បីបង្កើនចំណូល និងកាត់បន្ថយចំណាយ, និងការពិចារណាលើការលក់ភាគហ៊ុនមួយផ្នែករបស់ក្លិប Al Nassr ។
ជាមួយវិបត្តិហិរញ្ញវត្ថុ ក៏បានបង្កើតឱ្យមានមន្ទិលសង្ស័យចំពោះអនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ផងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៤១ឆ្នាំរូបនេះ បានជួយលើកកម្ពស់រូបភាពលីគកំពូលអារ៉ាប៊ីសាអូឌីតទៅកាន់ពិភពលោក និងបង្កើនតម្លៃពាណិជ្ជកម្មរបស់ក្លិប Al Nassr យ៉ាងខ្លាំងផងដែរ ចាប់តាំងពីបានចូលរួមជាមួយនៅចុងឆ្នាំ២០២២។ ទោះយ៉ាងណាក៏ដោយ កញ្ចប់ប្រាក់ថ្លៃពលកម្ម និងអត្ថប្រយោជន៍របស់កីឡាកររូបនេះ ក្លាយជាការវិនិយោគដ៏មានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប។ នៅក្នុងឆ្នាំ២០២៥ Ronaldo បានបន្តកុងត្រា២ឆ្នាំបន្ថែមទៀត ដែលមានតម្លៃរហូតដល់ ៦៧៥លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលអត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ។
ជាមួយព័ត៌មានដែលថា ក្លិប Al Nassr កំពុងតែជាប់បំណុលវណ្ឌកលើសពី ២១៣ លានដុល្លារ និងមិនអាចនាំចូលកីឡាករថ្មីបាននោះ ថ្នាក់ដឹកនាំក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងរីយ៉ាដ (Riyadh) និងបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៥ មួយនេះ ត្រូវតែពិចារណាជម្រើសរវាងការបន្តកិច្ចសន្យាមានតម្លៃកប់ពពករបស់ Ronaldo ឬបែងចែកថវិកាទាំងនោះទៅលើការកសាងក្រុមឡើងវិញ និងកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប។
បើទោះបីជា Ronaldo នៅតែបន្តរក្សាបានកំណត់ត្រារកគ្រាប់បាល់ដ៏គួរឱ្យចាប់អារម្មណ៍ និងបង្កើតចំណូលបានយ៉ាងច្រើនពីសកម្មភាពពាណិជ្ជកម្មក៏ដោយ ការសម្រេចចិត្តលើអនាគតកីឡាកររូបនេះ នឹងមិនអាស្រ័យតែលើទម្រង់លេងប៉ុណ្ណោះទេ តែក៏អាស្រ័យលើសមត្ថភាពរបស់ក្លិប Al Nassr ក្នុងការជម្នះវិបត្តិហិរញ្ញវត្ថុបច្ចុប្បន្ននេះផងដែរ៕



ចែករំលែកព័តមាននេះ