សង្គ្រាមអ៉ីរ៉ង ៖ តាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.បថា ប្រធានាធិបតីលោកដូណាល់ត្រាំ ពេលនេះបានទុកពេលសម្រាប់ការចរចាជាមួយអ៉ីរ៉ង់ ក្រោយផ្អាកការវាយប្រហាររបស់អាមេរិក ដែលបែបនេះ នាំឲ្យតម្លៃប្រេងធ្លាក់ចុះវិញនាថ្ងៃទី២៧ កក្កដា ។

កាលពីថ្ងៃទី២៦ កក្កដា ឯកអគ្គរដ្ឋទូតរូបនោះ លោកMIKE WALTZ អះអាងប្រាប់ដល់បណ្ដាសារព័ត៌មានអាមេរិកដោយគូសបញ្ជាក់ថា លោកត្រាំមិនបោះបង់ចោលការគំរាមវាយប្រហារថ្មីៗទៀតលើអ៉ីរ៉ង់ឡើយ ។ លោករក្សាទុកបណ្ដាការជ្រើសរើសនៅលើតុ ។ ពុំមានការវាយប្រហារណាមួយរបស់អាមេរិកលើអ៉ីរ៉ង់ឡើយ ចាប់តាំងពីយប់ថ្ងៃទី២៤ កក្កដា មក ដែលនោះកំណត់ពីការផ្អាកការប្រទូស្តរ៉ាយគ្នា ក្រោយ២សប្ដាហ៍នៃការវាយប្រហារខ្លាំងក្លារបស់អាមេរិកលើអ៉ីរ៉ង់ និងការតបតវិញរបស់ប្រទេសនេះ តាមរយៈការវាយប្រហារលើបណ្ដាប្រទេសជិតខាងក្នុងឈូងសមុទ្រពែរ្ស៍ រហូតដល់ប្រទេសហ្ស៊កដានីនៅជាប់អ៉ីស្រាអែល។ ការវាយប្រហារតបតទាំងនោះរបស់អ៉ីរ៉ង់សំដៅជាពិសេស លើបណ្ដាទីតាំងយោធាអាមេរិកក្នុងប្រទេសទាំងនោះ។
ចំណែកខាងអ៉ីរ៉ង់វិញក៏មិនបានប្រកាសពីការវាយប្រហារលើបណ្ដាប្រទេសណាមួយក្នុងឈូងសមុទ្រពែរ្ស៍ដែរ។ អ្នកនាំពាក្យកងទ័ពអ៉ីរ៉ង់លោកម៉ូហាម៉ាដអាក្រាមីនីញ៉ាលើកឡើងថា យុទ្ធសាស្ត្ររបស់យើងផ្ដោតសំខាន់លើការតបតវិញ ហើយពេលនេះយើងក៏ផ្អាកប្រតិបត្តិការរបស់យើងដែរ ។ ជាសញ្ញានៃភាពធូរស្រាលតម្លៃប្រេងបានធ្លាក់ចុះវិញយ៉ាងខ្លាំងនាព្រឹកថ្ងៃទី២៧ កក្កដា ដោយតម្លៃប្រេងឆៅBRENT ធ្លាក់ចុះជិត៥%មកនៅត្រឹមរង្វង់៩២ដុលា្លរក្នុង១ធុង ។
តម្លៃប្រេងឆៅអាមេរិកធ្លាក់ចុះមកនៅត្រឹមរង្វង់៨៤ដុល្លារក្នុង១ធុង។ ពេលសង្គ្រាមឈានចូលដល់អស់ពេល៥ខែហើយ បណ្ដាសារព័ត៌មានអាមេរិកលើកឡើងពីការផ្អាកវាយប្រហាររបស់អាមេរិកថា អាចមកពីការជិតអស់គ្រាប់ក្នុងស្តុក ក្រោយប្រើច្រើនខ្លាំងពេកវាយប្រហារអ៉ីរ៉ង់។ សម្រាប់ក្រុងតេហេរ៉ង់យល់ថា សហរដ្ឋអាមេរិកកំពុងតែធ្លាក់ដល់សភាពការណ៍លំបាកនិងអស្ថេរភាព រួចប្រហែលជាកំពុងស្វែងរកយុទ្ធសាស្ត្រថ្មី ។
ពេលដែលភាពស្ងាប់ស្ងាត់ហាក់កើតមានចាប់តាំងពី២ថ្ងៃមកហើយ ក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ តែការប្រទូស្តរ៉ាយគ្នាខ្លាំងក្លាបែរជាកើតមាននៅរណសិរ្សថ្មីនៃសង្គ្រាម រវាងពួកឧទ្ទាមហ៊ូធីយេម៉ែននិងអារ៉ាប៊ីសាអូឌីត។ ដំបូងអារ៉ាប៊ីសាអូឌីតបានវាយប្រហារព្រលានយន្តហោះក្រុងសាណា រាំរាំងមិនឲ្យយន្តហោះដឹកគណៈប្រតិភូហ៊ូធីវិលត្រឡប់មកពីចូលរួមបុណ្យសពមេដឹកនាំកំពូលអ៉ីរ៉ង់លោកអាលីខាមេនីចុះ។ ពួកហ៊ូធីបានតបតវិញ ដោយវាយប្រហារជាមួយគ្រាប់មីស៊ីល និងដ្រូនលើបណ្ដាទីតាំងប្រេងរបស់ក្រុមហ៊ុនប្រេងធំជាងគេលើពិភពលោករបស់ប្រទេសនោះបណ្ដាឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំង ៕

ចែករំលែកព័តមាននេះ