ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ខណៈប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៅស្រុកបន្ទាយអំពិលកំពុងបន្ត ។ នេះបើយោងតាមផេកទូរទស្សន៍ជាតិកម្ពុជាបានប្រកាសនាថ្ងៃទី២៦ ខែកក្កដានេះ ។

គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសៀសឹក សរុបចំនួន២០,២៨១នាក់ នៅតាមតំបន់រងផលប៉ះពាល់ ដោយសង្គ្រាមឈ្លានពានរបស់កងកម្លាំងយោធាថៃ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ ខណៈតំបន់មួយចំនួន រួមទាំងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅតែបន្តប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ មុនពេលវិលត្រឡប់ទៅរស់នៅវិញ ។

អាជ្ញាធរស្រុកបន្ទាយអំពិល បានបញ្ជាក់ថា ស្រុកបន្ទាយអំពិល គឺជាតំបន់មួយដែលប្រជាពលរដ្ឋមិនទាន់អាចចូលទៅរស់នៅវិញបាន ខណៈក្រុមការងារជំនាញកំពុងបន្តប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលនៅសេសសល់ក្នុងតំបន់ រួមទាំងផ្ទះសម្បែង សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ និងវត្តអារាមជាច្រើន បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
គិតមកដល់ពេលនេះ កម្លាំងជំនាញបានរកឃើញ និងប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម សរុបជាង៧,០០០ គ្រាប់ នៅក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល ខណៈប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ (CMAC) នៅតែបន្តធ្វើឡើងយ៉ាងសស្រាក់សស្រាំ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

បច្ចុប្បន្ន កងកម្លាំងស៊ីម៉ាក់ (CMAC) កំពុងបន្តជំរុញប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្សល់ទុកពីសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ជាពិសេសនៅតាមតំបន់លំនៅឋាន និងតំបន់ស៊ីវិល ដែលរងការបំផ្លិចបំផ្លាញក្នុងអំឡុងពេលកន្លងមក ។
ដោយឡែក ផ្លូវជាតិលេខ ៥៨ ដែលតភ្ជាប់ពីខេត្តឧត្តរមានជ័យ ទៅខេត្តបន្ទាយមានជ័យ ក៏បានរងការខូចខាតដោយសារការទម្លាក់គ្រាប់បែកពីលើអាកាស ដែលត្រូវការការស្ដារ និងជួសជុលឡើងវិញ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅក្នុងតំបន់រងផលប៉ះពាល់។

សូមបញ្ជាក់ជូនថា ប្រជាពលរដ្ឋសៀសសឹកសរុប២០,២៨១ នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន មានស្ត្រីចំនួន១០,៣៣១ នាក់ និងកុមារចំនួន៦,០៦៦ នាក់ ខណៈអាជ្ញាធរ និងក្រុមការងារជំនាញកំពុងពន្លឿនការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងការស្ដារហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាដល់ប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅដោយសុវត្ថិភាពនាពេលខាងមុខ ៕





ចែករំលែកព័តមាននេះ