បង្ក្រា.បទីតាំងសន្និធិសា.ច់សត្វព្រៃខុសច្បាប់នៅផ្សារសាមគ្គីស្ទឹងត្រែង ដកហូតបានជាង១០ គីឡូ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ កម្លាំងជំនាញនៃក្រុមការងារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃចល័ត សហការជាមួយគណៈកម្មការអាជីវករផ្សារ បានចុះប្រតិបត្តិការបង្ក្រាបករណីលួចលាក់សន្និធិនិងជួញដូរសាច់សត្វព្រៃខុសច្បាប់ នៅចំណុចផ្សារសាមគ្គីស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:១០ នាទី។
នៅក្នុងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសធម្មជាតិនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងសាច់សត្វព្រៃស្រស់ៗ សរុបទម្ងន់ ១២,៨ គីឡូក្រាម រួមមាន៖ សាច់សត្វឈ្លូស ចំនួន ៤ ដុំ ទម្ងន់ ៧,៨ គីឡូក្រាម .សត្វក្តាន់ញែង (ងាប់) ចំនួន ១ ក្បាលទម្ងន់ ១,៥ គីឡូក្រាម.សាច់សត្វជ្រូកព្រៃ ទម្ងន់ ៣,៥ គីឡូក្រាម។
បើតាមមន្ត្រីជំនាញសមត្ថកិច្ចអោយដឹងថាពាក់ព័ន្ធក្នុងបទបញ្ញត្តិនៃច្បាប់ និងផលប៉ះពាល់ ការទិញ លក់ ដឹកជញ្ជូន និងសន្និធិ (រក្សាទុក) សាច់សត្វព្រៃ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។ យោងតាមច្បាប់ស្តីពីព្រៃឈើ (ឆ្នាំ២០០២) មាត្រា ៩៦៖ ការធ្វើពាណិជ្ជកម្ម សន្និធិ ឬប្រមូលផលប្រភេទសត្វព្រៃរងគ្រោះថ្នាក់ ឬមានដោយបង្គួរ ដោយគ្មានការអនុញ្ញាត ត្រូវប្រឈមមុខនឹងទោសទណ្ឌ រួមទាំងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លាន ទៅ ១០០ លានរៀល ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ ក្រៅពីការប្រឈមមុខនឹងផ្លូវច្បាប់ ការទទួលទានសាច់សត្វព្រៃក៏ប្រឈមខ្ពស់នឹងហានិភ័យសុខភាពសាធារណៈ ដោយសារអាចមានការចម្លងរោគ និងវីរុសផ្សេងៗពីសត្វទៅមនុស្ស (Zoonotic diseases) ព្រមទាំងបំផ្លាញកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិនៃខេត្តស្ទឹងត្រែងផងដែរ។
បច្ចុប្បន្ន វត្ថុតាងសាច់សត្វព្រៃទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកំណត់ហេតុដកហូត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងបំផ្លាញចោលទៅតាមបច្ចេកទេស។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់សាធារណជន និងអាជីវករទាំងអស់ បញ្ឈប់ការទិញ-លក់សាច់សត្វព្រៃ ដើម្បីចូលរួមការពារធនធានធម្មជាតិ និងជៀសវាងការទោសទណ្ឌផ្សេងៗ៕











ចែករំលែកព័តមាននេះ