ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kevin Kampl លា​ពិភព​បាល់ទាត់​ ចាប់​យក​របរ​ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ ក្រោយ​បាត់បង់​ឪពុក និង​បងប្រុស

1 ថ្ងៃ មុន

អន្តរជាតិ ៖ កីឡាករ​បាល់ទាត់​ឆ្នើម​នៅ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga លោក Kevin Kampl បាន​សម្រេច​បោះបង់​អាជីព​បាល់ទាត់ ហើយ​ក្លាយជា​អ្នក​ដាំ​ដុះ និង​លក់​បន្លែ​ផ្លែ​ឈើ បន្ទាប់​ពី​ការ​បាត់បង់​ឪពុក និង​បងប្រុស​ជាទី​ស្រឡាញ់​ជា​បន្តបន្ទាប់​គ្នា​នៅ​ក្នុង​រយៈពេល​ត្រឹមតែ ៧ ខែ​ប៉ុណ្ណោះ​។

អតីត​ខ្សែបម្រើ Kevin Kampl បច្ចុប្បន្ន​វ័យ​៣៥​ឆ្នាំ ធ្លាប់​ឈ្នះ​ពានរង្វាន់​អា​ល្លឺ​ម៉​ង់ DFB-Pokal ចំនួន ២ លើក​ជាមួយ​ក្រុម RB Leipzig ហើយ​ក៏​ធ្លាប់​ប្រកប​អាជីព​ឱ្យ​ក្រុម Bayer Leverkusen និង Borussia Dortmund ផង​ដែរ​។ ប៉ុន្តែ​កីឡាករ​អន្តរជាតិ​ស្លូ​វេ​នី​រូប​នេះ បាន​សម្រេចចិត្ត​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​កាលពីដើម​ឆ្នាំ ២០២៦ បន្ទាប់​ពី​ឪពុក និង​បងប្រុស​បាន​ទទួលមរណភាព​បន្តបន្ទាប់​គ្នា​នៅ​ក្នុង​រយៈពេល​ត្រឹមតែ​៧​ខែ​។

បច្ចុប្បន្ន Kevin Kampl បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង​ស្ថិត​នៅ​លើ​កោះ Mallorca ឬ Majorca ដែល​ជា​កោះធំ​ជាងគេ​របស់​ប្រទេស​អេ​ស្ប៉ា​ញ ស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្នុង​ចំណោម​ប្រជុំ​កោះ Balearic ដែល​ជា​កន្លែង​រូប​លោក និង​ក្រុម​គ្រួសារ​ដាំ​ដុះ​ដំណាំ​ជា​ច្រើន​ប្រភេទ​។

លោក Kevin Kampl បាន​ថ្លែង​កាលពី​ថ្មី​ៗ​នេះ​ថា «​ពួក​យើង​មាន​ត្រសក់ផ្អែម ឪឡឹក ប៉េងប៉ោះ ខ្ទឹមបារាំង ម្ទេស និង​ផ្លែ​ឈើ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ទាំង​អស់នោះ​បាន​ដុះ​លូតលាស់​លឿន​ណាស់​នៅ​ទី​នេះ​។ ហើយ​ប្រេង​អូ​លីវ​ដែល​ពួក​យើង​ធ្វើ​នៅ​ទី​នេះ​ក៏​មាន​រសជាតិ​ឆ្ងាញ់​ខ្លាំង​ណាស់​ដែរ​»​។

អតីត​ខ្សែបម្រើ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី តាំង​ឆ្នាំ​២០១៨ រូប​នេះ បាន​រៀបរាប់​បន្ត​ថា «​ខ្ញុំ​បាន​ឆ្លងកាត់​ឆ្នាំ​ដ៏​សែន​អាក្រក់ ដែល​គ្មាន​ពាក្យ​អ្វី​ថ្លែង​ផ្សេង​ក្រៅពី​ពាក្យ​នេះ​ទេ​។ ជីវិត​ត្រូវ​តែ​ដើរទៅ​មុខ បើ​ទោះបីជា​វា​ពិបាក​ខ្លាំង​ក្នុង​ការ​ទទួលយក​អ្វី​ៗ​គ្រប់យ៉ាង​ដែល​បាន​កើតឡើង​ក៏​ដោយ​។ ប៉ុន្តែ​ភាព​ស្ងប់ស្ងាត់ និង​សេចក្តីសុខ​ពួក​យើង​មាននៅ​លើ​កោះ Majorca បាន​ជួយ​ឱ្យ​ពួក​យើង​មាន​អារម្មណ៍​ធូរស្រាល​ច្រើន​។ ខ្ញុំ​តែង​តាមដាន​ព័ត៌មាន​ថ្មី​ៗ​អំពី​អ្វី​ដែល​ក្រុម RB Leipzig កំពុង​ធ្វើ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​បែប​នេះ​ទៀត​។ ខ្ញុំ​នឹង​ចំណាយពេល​ច្រើន​នៅ​ក្នុង​ទីក្រុង ដូច្នេះ​គ្មាន​នរណា​អាច​ដឹង​មុន​ថា អនាគត​នឹង​នាំ​មក​នូវ​អ្វីខ្លះ​នោះ​ទេ​»​។

គួរ​បញ្ជាក់​ថា Kevin Kampl ដែល​បាន​កើត​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី​ចំនួន ២៨ ប្រកួត និង​រកបាន ២ គ្រាប់​។ Kampl ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​អូ​ទ្រី​ស​ជាមួយ​ក្រុម Red Bull Salzburg ក្នុង​ឆ្នាំ ២០១៤ និង​ពានរង្វាន់​អា​ល្លឺ​ម៉​ង់ DFB-Pokal ២ លើក​ជាមួយ​ក្រុម RB Leipzig ផង​ដែរ​៕ ប្រភព ៖ The Sun