អន្តរជាតិ ៖ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏លេចធ្លោនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលទើបបញ្ចប់ទៅថ្មីៗនេះ អ្នកចាំទីសញ្ជាតិជប៉ុន Zion Suzuki កំពុងក្លាយជាគោលដៅដ៏សំខាន់របស់ក្លិបយក្សនៅបារាំង PSG និងយក្សនៅអ៊ីតាលី Juventus។
តាមសារព័ត៌មានអ៊ីតាលី La Gazzetta dello Sport កាលពីថ្មីៗនេះ បានរាយការណ៍ថា Zion Suzuki គឺជាអ្នកចាំទីម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអឺរ៉ុប បន្ទាប់ពីធ្វើបានយ៉ាងល្អជាមួយក្លិប Parma នៅលីគកំពូលអ៊ីតាលី Serie A និងជាពិសេសការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិជប៉ុនដ៏លេចធ្លោនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
តាមរយៈនេះ ក្លិប Juventus និង PSG កំពុងតែប្រជែងគ្នាក្នុងការនាំយកអ្នកចាំទីវ័យ២៣ឆ្នាំរូបនេះ នៅទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះផ្ទាល់តែម្តង។ Juventus ម្ចាស់ជើងឯកលីគកំពូលអ៊ីតាលីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ៣៦ សម័យកាល បានកំណត់គោលដៅកំពូលលើអ្នកចាំទី Zion Suzuki ដើម្បីមកជំនួសតំណែងរបស់អ្នកចាំទីអ៊ីតាលី Michele Di Gregorio ហើយពួកគេក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយរហូតដល់ ៣០ លានអឺរ៉ូ (៣៤ លានដុល្លារអាមេរិក) សម្រាប់ការផ្ទេរដ៏សំខាន់មួយនេះ។
ទន្ទឹមនឹងនេះដែរ ក្លិប PSG ម្ចាស់ជើងឯកលីគកំពូលបារាំង Ligue 1 ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពោល ១៤ សម័យកាល ក៏បានកំណត់អត្តសញ្ញាណអ្នកចាំទីជប៉ុនរូបនេះគឺជាអ្នកជំនួសតំណែងអ្នកចាំទីបារាំង Lucas Chevalier ដែលមានព័ត៌មានចង់ចាកចេញ បន្ទាប់ពីបាត់បង់តំណែងជម្រើសដំបូងទៅកាន់អ្នកចាំទីរុស្ស៊ី Matvey Safonov។ មិនតែប៉ុណ្ណោះ ក្រៅពីក្លិបកំពូលទាំងពីរខាងលើនេះ ក្លិប Aston Villa នៅលីគកំពូលអង់គ្លេស Premier League ក៏បង្ហាញចំណាប់អារម្មណ៍ចង់បានអ្នកចាំទី Zion Suzuki ផងដែរ។
គួរបញ្ជាក់ថា អ្នកចាំទី Zion Suzuki មានឪពុកជនជាតិហ្គាណា និងម្តាយជនជាតិជប៉ុន។ បើទោះបីជាកើតនៅសហរដ្ឋអាមេរិក និងមានសញ្ជាតិ ៣ ជប៉ុន អាមេរិក ហ្គាណា យ៉ាងណាក៏ដោយ ក៏អ្នកចាំទីកម្ពស់ ១,៩០ម៉ែត្ររូបនេះ បានសម្រេចចិត្តជ្រើសរើសលេងឱ្យក្រុមជម្រើសជាតិជប៉ុន ដែលជាកន្លែងរូបគេបានធំធាត់ឡើង៕ ប្រភព ៖ Tribuna



ចែករំលែកព័តមាននេះ