ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ត្រា​ថ្មី​កើតឡើង​! បាល់ទាត់​ជប៉ុន​បង្ហាញ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ក្នុង​សមរភូមិ​វាលស្មៅ Premier League

1 ថ្ងៃ មុន

ចក្រភព​អង់គ្លេស ៖ បាល់ទាត់​ជប៉ុន​នៅ​តែ​បន្ត​បង្ហាញ​អំពី​ឥទ្ធិពល និង​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​ក្នុង​លី​គ​កំពូល​អង់គ្លេស (English Premier League) ដែល​ជាលី​គ​បាល់ទាត់​ដ៏​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក ខណៈ​ដែល​ការ​ផ្ទេរ​កីឡាករ​ជប៉ុន​ទៅ​កាន់​ប្រទេស​អឺរ៉ុប​មួយ​នេះ នៅ​តែ​បន្ត​កើនឡើង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​រដូវក្តៅ​ឆ្នាំ​២០២៦​។

រដូវ​កាល Premier League ឆ្នាំ ២០២៦-២០២៧ នឹង​ស្វាគមន៍​កីឡាករ​ជប៉ុន​មុខមាត់​ថ្មី​ចំនួន ៣ រូប រួម​មាន ខ្សែបម្រើ​ស្លាប Tatsuhiro Sakamoto ដែល​ជួយ​ក្រុម Coventry City ឱ្យ​ឡើង​មក​កាន់​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​ថ្មី​នេះ​។ ខ្សែបម្រើ​ការពារ Hidemasa Morita ដែល​ផ្លាស់​ពី​ក្លិប Sporting CP នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់​មក​ចូលរួម​ជាមួយនឹង​ក្លិប Hull City និង​ខ្សែប្រយុទ្ធ Daizen Maeda ដែល​បាន​ផ្លាស់​ពី​ក្លិប Celtic នៅ​លី​គ​កំពូល​ស្កុ​តឡែ​ន​មក​ចូលរួម​ជាមួយ​ក្លិប Ipswich Town​។

មុខមាត់​ថ្មី​នៃ​កីឡាករ​ទាំង ៣ រូប​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​កីឡាករ​ជប៉ុន ដែល​ប្រកួតប្រជែង​នៅ​ក្នុង​ក្រប​ខណ្ឌ Premier League រដូវ​កាល​ថ្មី​នេះ កើនឡើង​ដល់ ៨ រូប ដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ី​។ កីឡាករ​ជនជាតិ​ជប៉ុន ៥ រូប​ផ្សេង​ទៀត រួម​មាន ខ្សែបម្រើ​ការពារ Wataru Endo (Liverpool), ខ្សែការពារ Kota Takai (Tottenham Hotspur), ខ្សែបម្រើ Daichi Kamada (Crystal Palace), ខ្សែបម្រើ Ao Tanaka (Leeds United) និង​ខ្សែបម្រើ​ប្រយុទ្ធ Kaoru Mitoma (Brighton & Hove Albion)​។

ការ​កើនឡើង​ចំនួន​កីឡាករ​ជនជាតិ​ជប៉ុន​ចូលរួម​ក្នុង​លី​គ​កំពូល​អង់គ្លេស បាន​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​យុវជន​ថ្នាល និង​ជា​ពិសេស​សមត្ថភាព​កីឡាករ​មក​ពី​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ នៅ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បាល់ទាត់​កម្រិត​កំពូល​។ ពួក​គេ​មិន​ត្រឹមតែ​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនាញ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កីឡាករ​ជប៉ុន​ក៏​ថែម​ទាំង​បាន​បង្កើត​ការ​ចាប់អារម្មណ៍​ខ្លាំង តាម​រយៈ​អាជីព​វិជ្ជាជីវៈ ភាព​ធន់​នៃ​កម្លាំងកាយ និង​ការ​ប្រកាន់ខ្ជាប់​វិន័យ​ខ្ពស់​ផង​ដែរ​។

តួលេខ​កីឡាករ​ជប៉ុន​៨​រូប​នេះ ប្រហែលជា​មិន​ទាន់​បញ្ចប់​ត្រឹម​នឹង​នោះ​ទេ​។ ដ្បិត​កីឡាករ ២ រូប​ផ្សេង​ទៀត​គឺ​អ្នកចាំទី Zion Suzuki និង​ខ្សែបម្រើ​ការពារ Kaishu Sano កំពុង​ស្ថិត​ក្នុង​គោលដៅ​ចង់បាន​របស់​ក្លិប Premier League មួយ​ចំនួន​ផង​ដែរ​។ ប្រសិនបើ​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្លូវការ​មែន​នោះ សបញ្ជាក់​ឱ្យ​ឃើញ​ថា បាល់ទាត់​ជប៉ុន​ពិតជា​ខ្លាំង នឹង​បន្ត​បង្កើត​នូវ​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត​៕ ប្រភព ៖ Znews