ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​​ថ្កោល​ទោស​អ៊ុយ​ក្រែន​ចំពោះ​ការ​បា.ញ់​ប្រ​.ហារ​កប៉ាល់​ដឹក​ទំនិញ​របស់​ខ្លួន​នៅ​សមុទ្រ​កាស់​ស្ពាន

1 ថ្ងៃ មុន

ទី​ក្រុង​តេ​អេ​រ៉ង់​៖ ប្រទេស​អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា​អ៊ុយ​ក្រែន​វាយ​ប្រហារ​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​សមុទ្រ​កាស់​ស្ពាន​បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ ​ស្លាប់​នាវឹក​ម្នាក់​ និង​របួស​ម្នាក់​។ ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​បាន​កោះ​ហៅ​ភារៈ​ធារី​នៃ​ស្ថាន​ទូត​អ៊ុយ​ក្រែន​ប្រចាំ​ទី​ក្រុង​តេ​អេ​រ៉ង់​ដើម្បី​បង្ហាញ​ការ​ប្រឆាំង​ជំទាស់​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ទង្វើឧក្រិដ្ឋ​ និង​អរិភាព​​របស់​អ៊ុយ​ក្រែន​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​ IRNA។ ក្រសួង​ដដែល​នេះអះ​អាង​ថា​ថ្នាក់​ដឹក​នាំអ៊ុយ​ក្រែន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​វាយ​ប្រហារ​មែន។ អ៊ីរ៉ង់​ថា​​​ទង្វើ​នេះ​ឆ្លុះ​បញ្ចាំង​នូវ​ចរិត​អវិចារណ​ញាណ​​ និង​ការ​យក​គ្នា​ធ្វើ​ជា​សត្រូវ​របស់​អ៊ុយ​ក្រែន​​​។

អ៊ីរ៉ង់​ប្រកាស​ថា​ខ្លួន​ត្រូវ​តែ​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​។ អ៊ីរ៉ង់​ចាត់​ទុក​ថា​ទង្វើ​របស់​អ៊ុយ​ក្រែន​ជា​ការ​រំលោភ​​មាត្រា​២ ខ​៤​ នៃ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ទង្វើ​នេះ​អាច​នឹង​ដុត​បញ្ឆេះ​សង្គ្រាម​អ៊ុយ​ក្រែន​កាន់​តែ​ខ្លាំង​។ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​អាបាស់ អារ៉ាក់​ឈី ក៏​បាន​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​គ្នា​តាម​ទូរ​ស័ព្ទ​ជាមួយ​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​សហ​ភាព​អឺរ៉ុប​ទទួល​បន្ទុក​ខាង​កិច្ច​ការ​បរទេស លោក​ស្រី​ខា​ចា​ ខា​ឡាស់​ ផង​ដែរ​។ នេះ​បើ​យោង​ការ​បំភ្លឺ​របស់​ខុទ្ទ​កាល័យ​របស់​លោក​។ លោក​អារ៉ាក់​ឈី​សូម​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​ការ​វាយ​ប្រហារ​ពីសំណាក់​យោធា​អ៊ុយ​ក្រែន​ទៅ​លើ​កប៉ាល់​ដឹក​ទំនិញ​របស់​អ៊ីរ៉ង់​នៅ​សមុទ្រ​កាស់​ស្ពាន​។

លោក​សូម​អំពាវ​នាវ​ឱ្យមាន​ការ​ចាត់​វិធាន​ការ​ដ៏​ម៉ឺង​ម៉ាត់​បំផុត​ពី​សំណាក់​ស្ថាប័ន​មួយ​ចំនួន​ដូច​ជា​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​​, សហ​ភាព​អឺរ៉ុប និង​សហ​គមន៍​អន្តរ​ជាតិ​។ លោក​សូម​ឱ្យ​តាម​ចាប់​ក្រុម​ជន​ដៃ​ដល់​ និង​អ្នក​គាំទ្រ​ទង្វើ​ឧក្រិដ្ឋ​នេះ​យក​​ទៅ​ផ្ដន្ទា​ទោស​នៅ​ចំពោះ​មុខ​ច្បាប់​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ដែល​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​តាម​តេ​ឡេ​ក្រាម​។ អ៊ីរ៉ង់​កំពុង​តែ​ក្រពុល​មុខ​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ​។ ខ្លួន​ត្រូវ​ទប់​ទល់​នឹង​វិធាន​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​ពី​សំណាក់​ប្រទេស​អាមេរិក​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កប៉ាល់​ដឹក​ទំនិញ​មិន​អាច​បើក​ចេញ ឬ​បើក​ចូល​កំពង់​ផែ​អ៊ីរ៉ង់​បាន​ឡើយ​។

អ្នក​រាយ​ការណ៍​ព័ត៌​មាន​របស់​ទូរ​ទស្សន៍​អាល់​ចា​ស៊ីរ៉ា​បាន​ផ្ដល់​សេចក្ដី​ពន្យល់​ត្រង់​ចំណុច​នេះថា​ការ​ដែល​អាមេរិក​វាយ​ប្រហារ​ឆ្នេរ​សមុទ្រ​ខាង​ជើង​របស់​អ៊ីរ៉ង់​បាន​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់បន្ថែម​ទៀត​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​លើ​លំហ​សមុទ្រ​។ នៅ​ក្នុង​លិខិត​ថ្កោល​ទោស​របស់​ខ្លួន​ ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​សង្កត់​ធ្ងន់​ថា​រដ្ឋាភិបាល​របស់​ខ្លួន​មិន​ដែល​ចូល​ខ្លួន​ទៅ​ពាក់​ព័ន្ធ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ម្ដង​ណា​ឡើយ​។ ហេតុ​​ការណ៍​បាញ់​ប្រហារ​កប៉ាល់​អ៊ីរ៉ង់​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន ​លោក​​ហ្សេឡិន​ស្គី ប្រកាស​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​រដ្ឋាភិបាល​របស់​លោក​ទើប​តែ​សម្រេច​បាន​សមិទ្ធ​ផល​ដ៏​ធំ​មួយ​ដោយ​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​សមុទ្រ​កាស់​ស្ពាន​។ លោ​ក​ថាយោធា​អ៊ុយ​ក្រែន​វាយ​ប្រហារ​កប៉ាល់​ជា​ច្រើន​គ្រឿង​ដែល​បន្លំ​ភ្នែក​អ្នក​ដទៃ​ជា​កប៉ាល់​ស៊ីវិល​ ប៉ុន្តែ​តាម​ពិត​ត្រូវ​បាន​ប្រើប្រាស់​ដោយ​យោ​ធា​។ ប៉ុន្តែ​លោក​មិន​បាន​ប្រកាស​​ចំ​ៗ​ថា​បាន​វាយ​ប្រហារ​កប៉ាល់​ដឹក​ទំនិញ​របស់​អ៊ីរ៉ង់​ទេ​។

នៅ​ក្នុង​ករណី​មួយ​ទៀត​ លោក​ហ្សេឡិនស្គី​ចោទ​ប្រកាន់​ថា​រុស្ស៊ី​បាន​បញ្ជូន​រូប​ភាពដែល​ថត​ដោយ​ផ្កាយ​រណប​របស់​ខ្លួន​ទៅ​លើ​ទី​តាំង​នានា​នៅ​តំបន់​ឈូង​សមុទ្រ​ រួម​ទាំង​ទី​តាំង​យោធា​របស់​អាមេរិក​ផង​ដែរ​ រួច​ហើយ​បញ្ជូន​ទៅ​ឱ្យ​អ៊ីរ៉ង់​។ លោក​អះ​អាង​ថា​​​កាល​ពី​ថ្ងៃ​ទី១៩ និង​ទី​២០​ ខែ​កក្កដា​ ផ្កាយ​រណប​រុស្ស៊ី​ថត​ជាប់​មូល​ដ្ឋាន​ទ័ព​អាកាស​នៅ​ប្រទេស​បារ៉េន ហ្សក​ដង់ និ​ងគូវែត​។ អ៊ីរ៉ង់​ និង​អ៊ុយ​ក្រែន​មើល​មុខ​គ្នា​មិន​ចំ​ទេ​ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០២២​ព្រោះ​អ៊ីរ៉ង់​បន្ត​ផ្គត់​ផ្គង់​ទៅ​ឱ្យ​រុស្ស៊ី​នូវ​ដ្រូន​អត្ត​ឃាត​ម៉ាក​សាហ៊ីត​ ហើយ​រុស្ស៊ី​ប្រើ​ប្រាស់​ដ្រូន​នេះ​វាយ​ប្រហារ​អ៊ុយ​ក្រែន​ស្លាប់​ជន​ស៊ីវិល​ជា​រៀង​រាល់​ថ្ងៃ​។ អ៊ុយ​ក្រែន​អះ​អាង​ថា​រហូត​មក​ដល់​ពេល​នេះ ខ្លួន​បាញ់​ទម្លាក់​​ដ្រូន​ផលិត​នៅ​អ៊ីរ៉ង់​នោះ​អស់​ជាង​៤,៤​ម៉ឺន​​គ្រឿង​៕​​