ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តប៉ៃលិន កែលម្អតំបន់ «ជ្រោះសែនសុខ» បង្កើតតំបន់ទេសចរណ៍ថ្មីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ

1 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​មិន​អាច​មើល​រំលង​បាន​ឡើយ​ចំពោះ​វិស័យ​ទេសចរណ៍ ព្រោះ​វា​ជា​វិស័យ​ឧស្សាហកម្ម​ដែល​គ្មាន​ផ្សែង​មួយ ដ៏​មាន​សារសំខាន់​បំផុត ថែម​ទាំង​នាំ​មក​នូវ​ចំណូល​ប្រចាំ​ថ្ងៃ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ផ្តល់​កំណើនសេដ្ឋកិច្ច​សម្រាប់​ខេត្ត​ផង​ដែរ ។

ដូច្នេះ​ហើយ ទើប​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត នៅ​ត្រង់​ចំណុច​ជ្រោះ​សែន​សុខ ស្ថិត​ក្នុងភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ប្រកបដោយ​សោភ័ណ​ភាព ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​មួយ​នេះ ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង​។

បើ​តាម​ប្រសាសន៍​របស់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា ៖ ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​សោភណភាព​នៅ​តំបន់​ជ្រោះ​សែន​សុខ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​លេង​កាន់តែ​ច្រើន​កុះករ ហើយ​ថែម​ទាំង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ធូរធារ​ល្អ​ប្រសើរ​ឡើង ។

លោក​ជំទាវ​អភិបាលខេត្ត បាន​បន្ត​ទៀត​ថា បើ​បាន​រៀបចំ​ឱ្យ​មាន​វិស័យ​ទេសចរណ៍​កាន់តែ​ច្រើន​កន្លែង នោះ​កំណើនសេដ្ឋកិច្ច​ក៏​កាន់តែ​រីក​ចម្រើន​ឡើង ព្រោះ​ទូ​ទាំង​សកលលោក​គេ​ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​បំផុត ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ក្នុង​ការ​ជួយ​ជម្រុញ​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន ។ លើស​ពី​នេះ ទេសចរណ៍ ពិតជា​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ ដោយ​ផ្តល់​នូវ​ប្រាក់​ចំណូល និង​លើកកម្ពស់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ តាម​រយៈ​ការ​លក់ដូរ និង​សេវាកម្ម​ទេសចរណ៍​ផង​ដែរ ។

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា គឺ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នានា​ដូច​ជា ៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ​បច្ចុប្បន្ន រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​បាន​ខិតខំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា រួម​ទាំង​ការ​ដាំ​ដើមឈើ ការ​ដាំ​ផ្កា​លម្អ​បន្ថែម និង​ការ​ថែទាំ ការ​កែ​លម្អ​សួនច្បារ សួន​ពុះ​ចែក​ទ្រូងផ្លូវ ឱ្យ​កាន់តែ​ល្អ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន និង​សុខភាព ដែល​បន្ថែម​ក្រវាត់​ពណ៌​បៃតង​ក្នុង​ទីក្រុង ប្រកបដោយ​សោភណភាព​ស្រស់បំព្រង ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរទេស ឱ្យមក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​ឡើង​ៗ ៕