ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ជម្លៀស​មនុស្ស​ជាង​៣,៤​សែន​នាក់​​​ និង​លុប​ចោល​ជើង​ហោះ​​ហើរ​រាប់​ខ្សែ​ដោយ​សារ​ខ្យល់​ព្យុះ​នូល​

1 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ ខ្យល់​ព្យុះ​នូល​ចាប់​ផ្ដើម​បក់​ទៅ​ដល់​តំបន់​ដី​គោក​ប្រទេស​ចិន​កាល​ពី​​យប់​មិញ​​ និង​នាំ​មក​នូវ​ភ្លៀ​ងធ្លាក់​ខ្លាំង​លាយ​ខ្យល​កន្ត្រាក់​នៅ​ភាគ​ខាង​ត្បូងរួម​ទាំង​ទី​ក្រុង​ហុង​កុង​ផង​ដែរ​។ ហេតុ​នេះ​ អាជ្ញា​ធរ​បាន​ជម្លៀស​មនុស្ស​រាប់​សែន​នាក់​នៅ​ខេត្ត​ក្វាង​ទុង​ និង​លុប​ចោល​ជើង​ហោះ​ហើរ​រាប់​សិប​ខ្សែ​។ តំបន់​នោះ​ត្រូ​វ​បាន​ដាក់នៅ​ក្នុង​​ភាព​អាសន្ន​កម្រិត​ខ្ពស់​។ មជ្ឈ​មណ្ឌល​ជាតិ​ព្យាករ​អាកាស​ធាតុ​ប្រកាស​ថា​ខ្យល់​ព្យុះ​នូល​បក់​ទៅ​ដល់​តំបន់​មាត់​សមុទ្រ​​តំបន់​ហួយ​តុង​ នៃ​ទី​ក្រុង​ហួយ​ចូវ​នៅ​ខេត្ត​ក្វាង​ទុង​ភាគ​ខាង​ត្បូង​នៅ​ម៉ោង​៣:៥០​ទៀប​ភ្លឺ​។

​មន្ទីរ​សង្កេត​អាកាស​ធាតុ​ប្រចាំ​ទី​ក្រុង​ហុងកុង​ប្រកាស​ថា​ខ្យល់​ព្យុះ​នូល​ដែល​មាន​ល្បឿន​អតិ​បរមា​១៤៥​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ​បក់​ជិត​ដល់​ចំណុច​កណ្ដាល​នៃ​ទី​ក្រុង​នេះ​ហើយ​ ហើយ​បក់​ទៅ​រក​ខេត្ត​ក្វាង​ទុង​។ បន្ទាប់​មក​ ខ្យល់​ចាប់​ផ្ដើម​ថម​ថយ​កម្លាំង​បក់​បន្តិច​វិញ​។ ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​នឹង​បន្ត​កើត​មាន​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍ អាជ្ញា​ធរ​ជម្លៀស​មនុស្ស​ជាង​៣,៤​សែន​នាក់​ទៅ​កាន់​ទី​កន្លែ​ងសុវ​ត្ថិ​ភាព​។ នេះ​បើ​យោង​តាម​សេវា​កម្ម​បណ្ដាញ​ផ្សព្វ​ផ្សាយ​របស់​ចិន​ឈ្មោះ​ China News Service។​

មជ្ឈ​មណ្ឌល​ជាតិ​ព្យាករ​ឧតុ​និយម​របស់​ប្រទេស​ចិន​ព្យាករ​ថា​ខេត្ត​ក្វាង​ទុង​ភាគ​ខាង​ត្បូង និ​ងខេត្ត​ហ្វ៊ូចៀន​ភាគ​ឦសាន​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ខ្យល់​កន្ត្រាក់​ពេញ​មួយ​ថ្ងៃ​អាទិត្យ​នេះ​។ គេហ​ទំព័រ​របស់​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ហុង​កុង​បង្ហាញ​ថា​ជើង​ហោះ​ហើរ​ជាង​១៥០​ខ្សែ​ត្រូវ​បាន​លុប​ចោល​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ នៅ​ពេល​ខ្យល់​ព្យុះ​នូល​បក់​ទៅ​ដល់​ហុង​កុង​ គេ​ឃើញ​ថា​រន្ទា​សម្រាប់​សាង​សង់​អគារ​ខ្ពស់​ៗ​នៅ​ទីនោះ​ត្រូវ​បាក់​រលំ​មក​ដី​។ ប៉ុន្តែ​សំណាង​ល្អ​ ហេតុ​ការណ៍​នេះ​មិន​បាន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ទេ​។

ក្រឡេក​ទៅ​មើល​សភាព​ការណ៍​នៅ​កោះ​តៃវ៉ាន់​វិញ​ម្ដង​។ គណៈ​កម្ម​ការ​កណ្ដាល​ទទួល​បន្ទុក​ខាង​ការ​ព្យាករ​អាកា​ស​ធាតុ​នៅ​លើ​កោះ​នេះ​​ប្រកាស​ថា​ខ្យល់​ព្យុះ​នូល​បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​ត្បូង​ និង​ខាង​កើត​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។ ខ្យល់​ព្យុះ​នេះ​បក់​កាត់​ដែន​សមុទ្រ​ខាង​ត្បូង​របស់​តៃវ៉ាន់​ និង​បក់​ហួស​ទីនោះ​ជា​បណ្ដើរៗ​ហើយ​។ កាល​ពី​ដើម​ខែ​កក្កដា​នេះ ខ្យល់​ព្យុះ​បាវី​បង្ក​ជា​ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំង​​ និង​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ​នៅ​ប្រទេស​ចិន​ភាគ​ខាង​កើត​ ហើយ​បង្ខំ​ឱ្យ​មនុស្ស​ជាង​២​លាន​នាក់​ជម្លៀស​ខ្លួន​ជា​បន្ទាន់​។ ខ្យល់​ព្យុះ​មួយ​ទៀត​ឈ្មោះ​ម៉ៃ​សាក់​បក់​ទៅ​ដល់​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា​៕ ប្រភព៖ AP​