អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលបង្កាន់ដៃនាគប្រវែង២០ម៉ែត្រនៅប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញទេសចរ និងការពាររចនាសម្ព័ន្ធបុរាណ
- សៀមរាប
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធបង្កាន់ដៃនាគជ្រុងខាងលិចនៃរួតទី១ ប៉ែកខាងត្បូង នៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ ។

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា កន្លងមកស្ថានភាពបង្កាន់ដៃនាគនៅប៉ែកខាងត្បូងបានបាក់ និងដួលរលំទាំងស្រុង ដែលតម្រូវឱ្យអាជ្ញាធរជាតិអប្សរាជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ។ ដោយសារជាចំណុចពិសេស ដែលភ្ញៀវទេសចរតែងឈរថតពីមាត់ស្រះខាងត្បូងឆ្លុះចាំងកំពូលប្រាសាទ ហើយទីតាំងដែលបាក់នេះនៅជាប់ប្លង់ថតផងនោះ ទើបអាជ្ញាធរជាតិអប្សរាលើកគម្រោងអាទិភាពសម្រាប់ការងារជួសជុល។

សូមបញ្ជាក់ថា គម្រោងជួសជុលបង្កាន់ដៃនាគដែលមានប្រវែង២០ម៉ែត្រនេះ បានចាប់ផ្តើមនៅខែមិថុនា ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ ។ ក្រុមការងារបានរើថ្ម តថ្មដែលបាក់បែក និងដាប់ឆ្លាក់ជើងទម្រ រួមនិងកំណាត់ដងខ្លួននាគថ្មីជំនួសទីតាំងដែលបាត់ថ្ម ឬថ្មខូចទ្រង់ទ្រាយ។ល។

អ្នកជំនាញបញ្ជាក់ថា ទីតាំង២០ម៉ែត្រនេះ មានដងខ្លួននាគចំនួន៨ និងជើងទម្រចំនួន៩ ។ ថ្មចាស់ដែលនៅសេសសល់ អាចតភ្ជាប់ដងខ្លួននាគបានពី៣ទៅ៤កំណាត់ប៉ុណ្ណោះ ក្រៅពីនោះគេត្រូវជំនួសថ្មថ្មី ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងធ្វើសម្រង់ប្លង់ហានិភ័យបង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្តបន្ថែមទៀត សម្រាប់រៀបចំផែនការជួសជុលនាពេលអនាគត ៕









ចែករំលែកព័តមាននេះ