ទីក្រុងម៉ូស្គូ៖ រុស្ស៊ីជឿជាក់ថាប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ មានចិត្តចង់បញ្ចប់សង្គ្រាមអ៊ុយក្រែនពិតមែន។ ដូច្នេះ រុស្ស៊ីនឹងទន្ទឹងរង់ចាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដាក់សំណើជាថ្មីដើម្បីឈានទៅរកការដោះស្រាយបញ្ហាទោះបីពួកគេបន្តផ្ដល់អាវុធយុទ្ធភ័ណ្ឌទៅឱ្យទីក្រុងកៀវដើម្បីប្រឆាំងនឹងរុស្ស៊ីយ៉ាងណាក្ដី។ នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងនៅថ្ងៃសុក្រ។ ទន្ទឹមនឹងការចង់ដោះស្រាយបញ្ហាដោយសន្តិវិធី រុស្ស៊ីក៏មិនអាចបន្ធូរដៃបានឡើយនៅក្នុងសង្គ្រាម។ រុស្ស៊ីថាខ្លួននឹងបន្តវាយប្រហាររហូតដល់សម្រេចគោលដៅចុងក្រោយរបស់ខ្លួន។

លោកប៉េស្កូសថ្លែងថាត្រូវហើយ ការប្រយុទ្ធគ្នាមិនមែនជាជម្រើសដែលយើងចង់បាននោះទេ ប៉ុន្តែដោយសារមិនសង្ឃឹមថាសន្តិភាពនឹងកើតឡើងឆាប់ៗនេះទេ យើងនឹងបន្តធ្វើរឿងនេះរហូតដល់ទីបញ្ចប់ រហូតដល់ទទួលជ័យជម្នះទាំងស្រុង។ ទោះជាយ៉ាងណាក្ដី យើងនឹងបន្តរង់ចាំមើលសំណើថ្មីរបស់អាមេរិក។ លោកថ្លែងដូច្នេះឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថា «តើរដ្ឋាភិបាលទីក្រុងម៉ូស្គូសុខចិត្តរង់ចាំមើលជំហររបស់អាមេរិកសិនដែរឬទេដើម្បីនឹងមានអ្វីអាប់ដេតថ្មីបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងកាលពីសាមុនបានបរាជ័យបាត់ទៅហើយ?»

ពាក្យសម្ដីរបស់លោកប៉េស្កូសចង់គូសបញ្ជាក់ថាវិមានក្រឹមឡាំងនៅតែមានមហិច្ឆតាចង់ដោះស្រាយបញ្ហាជាមួយលោកត្រាំតាមមធ្យោបាយការទូត ណាស់តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់អឺរ៉ុបដែលចេះតែសំកុកសំកឹងនៅក្នុងរឿងនេះ ហើយធ្វើឱ្យសង្គ្រាមអូសបន្លាយកាន់តែយូរទៅៗ។ ឥឡូវនេះ ភ្លេចៗត្រចៀកសង្គ្រាមកើតមានជិតបួនឆ្នាំកន្លះបាត់ទៅហើយ។ លោកប៉េស្កូសនិយាយរបៀបបញ្ជោរលោកត្រាំថាពួកអាមេរិកាំង លោកចង់សំដៅលើលោកត្រាំ និងក្រុមអ្នកចរចារបស់គាត់ ពិតជាមានដួងចិត្តស្មោះចង់បង្កើតដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។ ជម្រើសដែលពួកគេបង្កើតឡើងដើម្បីអាចទទួលបានពីគ្រប់ភាគី។ ប៉ុន្តែពួកអ៊ុយក្រែនបែរជាបដិសេធទៅវិញ។ អាមេរិកមិនអាចនិយាយបញ្ចុះបញ្ចូលអ៊ុយក្រែនឱ្យទទួលយកសំណើរបស់ខ្លួនទេព្រោះអ៊ុយក្រែនត្រូវពួកអឺរ៉ុបនិយាយចាក់រុក។

ការចរចាគ្នាត្រីភាគីរវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែនលើកចុងក្រោយធ្វើឡើងកាលពីខែកុម្ភៈ។ ពោលគឺត្រឹមតែបន្តិចប៉ុណ្ណោះមុនពេលអាមេរិក និងអ៊ីរ៉ង់បើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ វិមានក្រឹមឡាំងសង្ឃឹមថាអាមេរិកនឹងវិលមកធ្វើជាអ្នកសម្របសម្រួលឡើងវិញក្រោយពេលសង្គ្រាមនៅមជ្ឈិមបូព៌ាត្រូវបានបញ្ចប់។ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីជួបគ្នារយៈពេលខ្លីនៅទីក្រុងម៉ានីឡានៅសប្ដាហ៍នេះនៅពេលលោកទាំង២ចូលរួមកិច្ចប្រជុំអាស៊ាន។ រុស្ស៊ីប្រកាសតាំងពីច្រើនសប្ដាហ៍មកហើយថាខ្លួនត្រៀមទទួលស្វាគមន៍វត្តមានរបស់បេសកជនពិសេសរបស់លោកត្រាំទៅកាន់ទីក្រុងម៉ូស្គូ។

ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីទាំង២មិនទាន់កំណត់ពេលវេលាជួបគ្នានៅឡើយទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាគោលជំហររបស់អាមេរិកមិនច្បាស់លាស់។ អាមេរិកថាខ្លួនចង់ឃើញការចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមដោយសន្តិវិធី ខណៈដែលអាមេរិកដដែលហ្នឹងបន្តផ្ដល់អាវុធយុទ្ធភ័ណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែយើងត្រូវតែទទួលយកសេណារីយោទាំង២នេះ ធ្វើម៉េចឱ្យស្របទៅនឹងផលប្រយោជន៍ជាតិរបស់យើង។ ជាពិសេស បំណងប្រាថ្នារបស់ពួកគេដែលចង់ដោះស្រាយបញ្ហាដោយសន្តិវិធីគឺស្របនឹងគំនិតរបស់យើង៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ